ខេត្តកំពត ៖ នៅពេលនេះ ក្រុមគ្រួសារអ្នកស្រី កៅ សីហា និងប្តីឈ្មោះ ជា វុទ្ធី និងគ្រួសារលោក សឿ សំខាន់ និងប្រពន្ធឈ្មោះ កៅ ចាន់រ៉ានី កំពុងតែរងការចោទប្រកាន់ថា បាន និងកំពុងប្រព្រឹត្តសកម្មភាពរំលោភយកដីអ្នកដទៃតាមរយៈការក្លែងឯកសារបំភាន់ភ្នែកមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ដោយមិនខ្លាចញញើតអំណាចច្បាប់សោះឡើយ។ ហើយការចោទប្រកាន់មកលើពីរគ្រួសារខាងលើនេះ បន្ទាប់ពីម្ចាស់ដីពិតប្រាកដបានអះអាងថា ប្តីប្រពន្ធទាំងពីរគ្រួសារនេះបានក្បត់ខ្លួននៅពេលដែលខ្លួនមានបញ្ហាត្រូវដោះស្រាយដោយខានពុំបាន ហើយជនទាំងនេះក៏បានឆ្លៀតឱកាសបំពានកិច្ចសន្យាលូចបន្លំឯកសារផ្ទេរដីដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួនមកដាក់ឈ្មោះខ្លួនជាម្ចាស់កម្មសិទ្ធិទៅវិញ។

លោក ម៉ែន ណារ៉ុង ដែលបានអះអាងថា លោក ជាម្ចាស់កម្មសិទ្ធិដីជាច្រើនកន្លែងនៅខេត្តកំពត ហើយនៅពេលនេះត្រូវបានក្រុមគ្រួសារអ្នកស្រី កៅ សីហា ដែលប្តីឈ្មោះ ជា វុទ្ធីបានស្លាប់កាលពីចុង២០១៧ និងគ្រួសារលោក សឿ សំខាន់ ប្រពន្ធឈ្មោះ កៅ ចាន់រ៉ានី បានរំលោភយកអស់រយៈពេលជិត១០ឆ្នាំមកហើយ។ លោកបានលើកឡើងថា ដីមួយចំនួនត្រូវបានគ្រួសារទាំងពីរនេះលួចលក់ មួយចំនួនទៀតត្រូវបានលួចផ្ទេរកម្មសិទ្ធិដាក់ឈ្មោះគ្រួសារទាំងពីរនេះ និងសាច់ញាតិរបស់ពួកគេ ក្នុងនោះមានដីជាច្រើនប័ណ្ណត្រូវបានពួកគេលួចធ្វើ ប័ណ្ណកម្មិសិទ្ធិប្លង់រឹងរួចជាស្រេចទៅហើយ។ មិនតែប៉ុណ្ណោះ ក្រុមគួសារទាំងពីរនេះ នៅតែបន្តព្យាយាមបំពាបំពានយកដីរបស់លោក ម៉ែន ណារ៉ុង បន្ថែមទៀត ព្រមទាំងបានធ្វើការឈូសឆាយបំបែកជាដីឡូត៍ប្រកាសលក់ជាសាធារណៈទាំងគឃ្លើនថែមទៀត បើទោះបីពួកគេកំពុងរងបណ្តឹងព្រហ្មទណ្ឌមួយនៃសំណុំរឿងព្រហ្មទណ្ឌលេខ២៥៤ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ដែលឈានទៅដល់ការចាប់ខ្លួនក៏ដោយ។

ពាក់ព័ន្ធនឹងដំណើរដើមទងនៃសាច់រឿងរំលោភយកដីរបស់លោក ម៉ែន ណារ៉ុង ពីសំណាក់គ្រួសារអ្នកស្រី កៅ សីហា និងប្តី និងគ្រួសារលោក សឿ សំខាន់ ប្រពន្ធឈ្មោះ កៅ ចាន់រ៉ានី ត្រូវបានលោក ម៉ែន ណារ៉ុង លើកឡើងយ៉ាងលម្អិតដូចតទៅ៖ដើមឡើយ ពោលគឺនៅឆ្នាំ២០០១ លោក ម៉ែន ណារ៉ុង បានស្គាល់ឈ្មោះ លោក ជា វុទ្ធី និងឈ្មោះ សឿ សំខាន់ តាមរយៈមិត្តភក្តិម្នាក់របស់លោក ម៉ែន ណារ៉ុង គឺលោក ស៊ិប សុវណ្ណា ហៅ ឆែម ជាប្រធានអង្គការ UCC ក្នុងនោះ ឈ្មោះ ជា វុទ្ធី និងឈ្មោះ សឿ សំខាន់ ធ្វើការឱ្យលោក ស៊ិប សុវណ្ណា។ លុះមកដល់ចុងឆ្នាំ២០០១ លោក ស៊ិប សុវណ្ណា មិត្តភក្តិលោក ម៉ែន ណារ៉ុង ចប់ការងារនៅស្រុកខ្មែរ រួចត្រូវត្រឡប់ទៅសហរដ្ឋអាមេរិកវិញ តែមុននឹងទៅសហរដ្ឋអាមេរិកលោកក៏បានស្នើសុំលោក ម៉ែន ណារ៉ុង ឱ្យជួយមើល និងផ្តល់ការងារឱ្យឈ្មោះ ជា វុទ្ធី និងឈ្មោះ សឿ សំខាន់ បានធ្វើការជាមួយលោក ម៉ែន ណារ៉ុង ផងព្រោះកាលណោះ អ្នកទាំងពីរមានជីវភាពយ៉ាប់យ៉ឺនខ្លាំង។ ដោយភាពអាណិតអាសូរ លោក ម៉ែន ណារ៉ុងក៏បានយកអ្នកទាំងពីរមកធ្វើការជាមួយ និងត្រូវបានផ្តល់ការងារជាភ្នាក់ងារសារព័ត៌មានប្រចាំខេត្តកំពត។ បន្ទាប់មកដោយឃើញថាលោក ម៉ែន ណារ៉ុង ជាអ្នកមានប្រាក់កាស ហើយចាប់អារម្មណ៍លើជំនួញដីធ្លីផងនោះ ឈ្មោះ ជា វុទ្ធី និងឈ្មោះ សឿ សំខាន់ ក៏បាននែនាំលោក ម៉ែន ណារ៉ុង ឱ្យទិញដីជាច្រើនទីតាំងនៅខេត្តកំពតរួមមាន៖ នៅភូមិអូរតូច ភូមិអណ្តូងខ្មែរ ភូមិស្នំប្រាំពីរ ភូមិបឹងតាព្រាម ភូមិកំពង់ក្រែង ភូមិព្រៃត្នោត ភូមិជ័យសេនា ភូមិក្បាលរមាស និងភូមិព្រែកថ្មី ព្រមទាំងទីតាំងមួយចំនួនទៀតនៅទីរួមខេត្តកែប។ ហើយស្របពេលជាមួយគ្នា ឈ្មោះ ជា វុទ្ធី និងឈ្មោះ សឿ សំខាន់ ក៏បាននែនាំ និងសុំឱ្យប្រពន្ធរបស់ពួកគេទាំងពីរចូលរួមនៅក្នុងដំណើរការដើរទិញដី និងមើលការខុសត្រូវនៅលើដីដែលបានទិញជាច្រើនកន្លែង។

នៅក្នុងការទិញដីជាជំហានៗចាប់តាំងពីឆ្នាំ២០០១មក លោក ម៉ែន ណារ៉ុង បានប្រគល់ប្រាក់ជាបន្តបន្ទាប់ទៅឱ្យគ្រួសារទាំងពីរខាងលើសរុបអស់រាប់លានដុល្លារ និងទិញដីបានសរុបទំហំរាប់រយហិកតានៅក្នុងខេត្តកំពត។ ក្រោយមកនៅចន្លោះឆ្នាំ២០០៩ ដល់ ឆ្នាំ២០១៤ ដែលជាឆ្នាំលោក ម៉ែន ណារ៉ុង មានបញ្ហាផ្ទាល់ខ្លួន និងកំពុងតែជាប់ដៃដោះស្រាយបញ្ហាទាំងនោះ លោកមិនមានសកម្មភាពនៅលើដីដែលបានទិញរួចមួយរយៈ ហើយដោយសារការជឿទុកចិត្តគ្រួសារទាំងពីរនេះពេក លោកបានប្រគល់ការងារឱ្យពួកគេមើលការខុសត្រូវដីរបស់លោកដែលបានទិញកន្លងមក។ តែផ្ទុយទៅវិញ ពីរគ្រួសារនេះមិនត្រឹមតែមិនជួយថែរក្សាទ្រព្យរបស់លោក ម៉ែន ណារ៉ុងនោះទេ បែរជាឈ្មោះ ជា វុទ្ធី, កៅ សីហា, សឿ សំខាន់ និងឈ្មោះ កៅ ចាន់រ៉ានី បានគប់គិតគ្នាលួចក្លែងឯកសារ ក៏ដូចជាស្នាមមេដៃដោយកុហកថាជាដីអំណោយរដ្ឋឱ្យទៅក្រុមខ្លួនកាលពីឆ្នាំ១៩៨៨ទៅវិញ និងបានធ្វើឯកសារបំភាន់ភ្នែកមន្ត្រីជំនាញដើម្បីធ្វើប័ណ្ណកម្មសិទ្ធិដាក់ឈ្មោះខ្លួន និងសាច់ញាតិខ្លួនព្រមទាំងបានលួចលក់ដីរបស់លោក ម៉ែន ណារ៉ុងជាច្រើនកន្លែងទៀតផង។ ត្រង់ចំនុចនេះ ត្រូវបានមន្ត្រីមូលដ្ឋានដែលដឹងរឿងច្បាស់លើកឡើងថា វាមិនត្រឹមត្រូវ និងមិនសមហេតុផលទាល់តែសោះដែលក្រុមនេះក្លែងឯកសារដាក់ថាជាដីអំណោយរបស់រដ្ឋព្រោះថា កាលពីកំឡុងឆ្នាំ១៩៨៨ ពួកគេមិនមែនអ្នកមូលដ្ឋានដែលរស់នៅទីតាំងទាំងអស់នោះទេ ហើយពួកគេក៏មិនមានឯកសារណាមួយដែលបញ្ជាក់ថា រដ្ឋបានប្រគល់ដីឱ្យក្រុមគេពេលនោះដែរ ដូចជា លិខិតកាន់កាប់ ទទួលស្គាល់ដោយឃុំ ឬក៏ចុងសន្លឹងដែលទទួលស្គាល់ដោយកសិកម្មស្រុកជាដើម។
លើសពីនេះទៅទៀត គ្រប់ទីតាំងដីដែលក្រុមពីរគ្រួសារនេះ បានរំលោភយក និងកំពុងបន្តរំលោភយកថែមទៀតនោះ គឺសុទ្ធសឹងជាដីដែលមានម្ចាស់ដើមពិតប្រាកដ ហើយបានលក់មកឱ្យលោក ម៉ែន ណារ៉ុង ដោយមានឯកសារទិញ-លក់បញ្ជាក់ត្រឹមត្រូវដែលអាជ្ញាធរមូលដ្ឋានចុះហត្ថលេខា និងវាយត្រាទទួលស្គាល់ពិតប្រាកដ។ ដោយឡែកសម្រាប់ប្តីប្រពន្ធទាំងពីរគ្រួសារខាងលើនេះវិញ ត្រូវបានគេស្គាល់ថា គ្រាន់តែអ្នកដែលលោក ម៉ែន ណារ៉ុង ប្រើឱ្យដើររកទិញដីប៉ុណ្ណោះ រាល់ការទិញដីទាំងអស់គឺដាក់ឈ្មោះ លោក ម៉ែន ណារ៉ុង ជាម្ចាស់កម្មសិទ្ធិទាំងអស់ ហើយប្តីប្រពន្ធទាំងបួននាក់នេះត្រូវបានដាក់ឈ្មោះត្រឹមតែជាសាក្សីដឹងលឺប៉ុណ្ណោះ មិនគួរឡើយពួកគេហ៊ានបន្លំធ្វើជាម្ចាស់កម្មសិទ្ធិទាំងបំពានដូច្នេះទេ។

បន្ទាបពីមើលឃើញទង្វើក្បត់របស់អតីតកូចចៅរបស់ខ្លួន លោក ម៉ែន ណារ៉ុង ក៏បានដាក់ពាក្យបណ្តឹងទប់ស្កាត់ទៅកាន់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងដាក់ពាក្យបណ្តឹងទៅតុលាការខេត្តកំពតផងដែរ។ បណ្តឹងព្រហ្មទណ្ឌមួយនៃសំណុំរឿងព្រហ្មទណ្ឌលេខ២៥៤ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ របស់អយ្យការអមសាលាដំបូងខេត្តកំពតបានចោទប្រកាន់ជនជាប់ចោទទាំងពីរគ្រួសារនេះ និងឈានដល់ចាប់ខ្លួនទៅទៀត។ ប៉ុន្តែអ្នកទាំងនេះមិនត្រឹមតែមិនត្រូវបានចាប់ខ្លួននោះទេ បែរជានៅមានសេរីភាព និងនៅបន្តប្រព្រឹត្តល្មើសថែមទៀតរហូតមកដល់បច្ចុប្បន្ននេះ។ លោក ម៉ែន ណារ៉ុង បានសង្កត់ធ្ងន់ថា ក្រុមបុគ្គទាំងពីរគ្រួសារនេះហើយ គឺជាដើមហេតុដែលដ៏ធំបំផុតដែលចូលមកបំផ្លាញជីវិតរបស់លោកយ៉ាងធ្ងន់ធ្ងរ។ លោកបន្តថា អ្វីៗដែលលោក មានបញ្ហាធំ និងជួបការខាតបង់ដ៏ច្រើនដូចពេលនេះ គឺផ្តើមចេញពីអំពើក្បត់របស់ក្រុមគ្រួសារទាំងពីរនេះឯង ដែលលោកធ្លាប់បានជួយស្រោចស្រង់ចេញពីជីវភាពក្រលំបាកតោកយ៉ាកឱ្យមានការងារធ្វើមានជីវភាពសមរម្យ និងចុងក្រោយបែរជាមកបន្លំប្លន់យកទ្រព្យសម្បត្តិលោកយកទៅធ្វើជាកម្មសិទ្ធិខ្លួន និងយកទៅលក់បានប្រាក់រាប់លានដុល្លារក្លាយជាអ្នកមានបាននាពេលនេះ។

លោក ម៉ែន ណារ៉ុង បញ្ជាក់ថា ផ្តើមចេញពីអំពើក្បត់របស់ក្រុមគ្រួសារទាំងពីរនេះ បានធ្វើឱ្យលោកទៅពឹងពាក់អ្នកផ្សេងឱ្យជួយមកដោះស្រាយបញ្ហា ហើយអ្នកផ្សេងដែលចូលមកដោះស្រាយបញ្ហាជាបន្តបន្ទាប់ត្រូវបានគ្រួសារទាំងពីរអូសទាញឱ្យចូលរួមសហការជាមួយពួកគេ បន្ទាប់មកអ្នកដែលដំបូងឡើយមានបំណងចង់ជួយ បែរជាមិនបានជួយទៅជាសហការគ្នារំលោភយកដីធ្លីរបស់លោក ម៉ែន ណារ៉ុង ជាមួយក្រុមគ្រួសារទាំងពីរវិញ។ សារគ្រួសារទាំងពីរនេះបានដឹងរឿងផ្ទៃក្នុង និងរឿងដីធ្លីរបស់លោក ម៉ែន ណារ៉ុង យ៉ាងច្រើន និងអ្នកផ្តល់ឱកាសដល់អ្នកក្រៅដែលចង់ចូលមកជួយឱ្យមានលទ្ធភាពគ្រប់គ្រាន់ដើម្បីសហការគ្នារំលោភយកដីរបស់លោក ម៉ែន ណារ៉ុង។ មិនតែប៉ុណ្ណោះ សូម្បីតែសាច់ញាតិរបស់លោក ម៉ែន ណារ៉ុង ក៏គ្រួសារទាំងពីរនេះបំបែកបំបាក់បានតាមរយៈលួចគប់គិតគ្នាក្លែងឯកសារទិញលក់ដីរបស់លោក ម៉ែន ណារ៉ុង ជាមួយគ្នា។ ជាក់ស្តែងចង់ឱ្យសាច់ញាតិលោក ម៉ែន ណារ៉ុង ឈ្មោះគ្នា ពួកគេបានប្រើល្បិចកល យកដីរបស់លោក ម៉ែន ណារ៉ុង ទៅលក់ឱ្យសាច់ញាតិរបស់លោក ម៉ែន ណារ៉ុង តម្លៃថោកៗ ក្នុងនោះមានសាច់ញាតិខ្លះលោភលន់មិនត្រឹមតែមិនគួរទទួលទិញដីពីមនុស្សខូចនោះទេ បែរជារួមសហការជាមួយមនុស្សខូចងាកមកប្រឆាំងលោក ម៉ែន ណារ៉ុង ដែលជាម្ចាស់ដីពិតប្រាកដទៅវិញតាមរូបភាពផ្សេងៗ ក្នុងនោះក៏មានការរួមគ្នាមកប្តឹងលោក ម៉ែន ណារ៉ុង ទាំងបំពានទៀតសោត។

សូមបញ្ជាក់ថា អ្នកដែលបានដឹងរឿងច្បាស់ ទាំងអាជ្ញាធរ ប្រជាពលរដ្ឋ និងជាពិសេសម្ចាស់ដីដើមដែលបានលក់ដីឱ្យលោក ម៉ែន ណារ៉ុង គ្រប់ៗគ្នាសុទ្ធតែបានលើកឡើងស្រដៀងគ្នាថា ពួកគេបានទន្ទឹងរងចាំងមើលអស់រយៈពេលជាច្រើនឆ្នាំមកហើយថា តើលោក ម៉ែន ណារ៉ុង នឹងទទួលបានយុត្តិធម៌ពិតប្រាកដនៅពេលណា! ស្របពេលដែលម្ចាស់ដីដើមទាំងនោះ មានចំនួនច្រើនជាង១០នាក់ទៅហើយបានចេញមុខធានាអះអាងប្រកបដោយភាពអាណិតអាសូរលោក ម៉ែន ណារ៉ុង ថា ពួកគេពិតជាបានលក់ដីជូនលោក ម៉ែន ណារ៉ុង តែម្នាក់គត់៕ រក្សាសិទ្ធដោយ៖CEN






