កណ្តាល ៖ ដើម្បីផ្តល់ឱកាសដល់ពលរដ្ឋ ដែលមានចំណូលទាបនិងធម្យម ឱ្យមានលំនៅដ្ឋានសមរម្យផ្ទាល់ខ្លួន គម្រោងលំនៅដ្ឋានទីក្រុងរណបសិរីមង្គល បានប្រកាសបញ្ចុះតម្លៃ១០,០០០ដុល្លារ(មួយម៉ឺនដុល្លារ) ដល់អតិថិជនក្នុងឱកាសម្ភោធផ្ទះគំរូថ្មីរបស់ខ្លួន។
យោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃ២០ ខែឧសភាឆ្នាំ២០២៥ នេះ ឱ្យដឹងថា សម្រាប់អតិថិជនដែលកក់ប្រាក់ក្នុងរយៈពេលបីថ្ងៃនេះ នឹងមានឱកាស បង្វិលកងយករង្វាន់ជាច្រើនពីគម្រោង និងទទួលបានការញ្ចុះតម្លៃពីក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនវើលដ៏ប្រ៊ីដគ្រុប ។
លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដហូម លើកឡើងថាដើម្បីឆ្លើយតបចំពោះសំណូមពររបស់សាធារណៈជនជាច្រើន ជាពិសេសបងប្អូន ដែលនឹងត្រូវមកធ្វើការនៅក្នុងព្រលានយន្តហោះអន្តរជាតិថ្មី ដែលបានស្នើឱ្យគម្រោងរៀបចំម៉ូដផ្ទះគម្រូថ្មី ទើបគម្រោងបានរៀបចំដេគ័រផ្ទះគម្រូឱ្យកាន់តែល្អស្រស់ស្អាត និងមានជម្រើសតុបតែងផ្ទះច្រើនជាងមុន ឆ្លើយតបទៅនឹងការចង់បានការរស់នៅក្នុងលំនៅឋានមួយកាន់តែទំនើប ស៊ីវីល័យ សោភ័ណភាពស្រស់ស្អាត និងកាន់តែងាយស្រួលក្នុងការរស់នៅ។
លោក យក់ សុធីរិទ្ធ បានបន្ថែមទៀតថា “ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា គម្រោងបានផ្តល់នូវលទ្ធភាព ជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងការទទួលបានលំនៅឋានមួយ ដែលមានស្តង់ដារ គុណភាពល្អ សោភ័ណភាពស្រស់ស្អាត មានប័ណ្ណកម្មសិទ្ធិប្លង់រឹងតកូនតចៅ និងបរិស្ថានរស់នៅប្រកបដោយសុខមាលភាព សោភ័ណភាព សណ្តាប់ធ្នាប់ ការរស់នៅស្អាត និងសេចក្តីថ្លៃថ្នូរ។
គួរបញ្ជាក់ថា គម្រោងបានសាងសង់លំនៅឋានតម្លៃសមរម្យចំនួន 2457 ល្វែង និង សួនច្បារសាធារណៈចំនួន៣ នៅលើផ្ទៃដីជាង 23ហិកតា ស្ថិតនៅក្នុងតំបន់កំពុងមានការអភិវឌ្ឍនខ្លាំងប្រកបដោយសក្តានុពលទាំងឱកាសការងារនិងអាជីវកម្ម គឺនៅទល់មុខនឹងទីតាំងគម្រោងបណ្តុំសហគ្រាសធុនតូច និងមធ្យម Worldbridge 4.0 តាមបណ្តោយផ្លូវជាតិលេខ21 ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ និងនៅប្រមាណ ១៥ នាទីពីព្រលានយន្តហោះភ្នំពេញថ្មី៕ រក្សាសិទ្ធដោយ៖CEN





