ភ្នំពេញ ៖ ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ការធានានូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា នៅតែជាគោលនយោបាយអាទិភាពរបស់កម្ពុជា គឺ“គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ ពោលមានតែសុខដុមនីយកម្ម” ទាំងសម្រាប់អ្នកកាន់សាសនាព្រះពុទ្ធ ឥស្លាម និងសាសនានានា ។ ការបញ្ជាក់នេះ ក្នុងពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ២០២២ ជាមួយថ្នាក់ដឹកនាំ និងសាសនិកខ្មែរឥស្លាមកម្ពុជា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “សន្តិភាព” បានផ្តល់ឱ្យកម្ពុជានូវឱកាសក្នុងការរីកចម្រើនទាំងកម្រិតជីវភាពបុគ្គល និងសង្គម ព្រមទាំងផ្តល់នូវលទ្ធភាពក្នុងការគោរពប្រតិបត្តិជំនឿសាសនា តាមប្រពៃណីរៀងៗខ្លួនដោយភាពសប្បាយ រីករាយ។
ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាល ក៏បានផ្តល់ការអនុញ្ញាត និងការឧបត្ថម្ភដ៏មហាធំធេងដល់សហគមន៍ខ្មែរឥស្លាម រួមមានជាអាទ៌៖ ការបើកឲ្យទទួលជំនួយដើម្បីអភិវឌ្ឍនសហគមន៍, ការបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម ១៥០០នាក់ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា, ការអនុញ្ញាតឲ្យសិស្ស-និស្សិតស្ត្រីឥស្លាម អាចទទូលហ៊ីយ៉ាបក្នុងការចូលសិក្សាតាមគ្រឹះស្ថានអប់រំសាធារណ:, ការអនុញ្ញាតឲ្យសាសនិកឥស្លាមអាច ស្លៀកសំលៀកបំពាក់តាមប្រពៃណីរបស់ខ្លួន ក្នុងការថតរូបដើម្បីធ្វើឯកសារនានា, ការអនុញ្ញាតឲ្យមាននូវស្ថាប័ន Halal កម្ពុជា និងការរៀបចំសកម្មភាពចូលរួមគាំទ្រផ្សេងៗដល់សហគមន៍ខ្មែរឥស្លាមផងដែរ។
ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាល ប៉ុន្មានឆ្នាំកន្លងមកនេះ តែងតែចូលរួមពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន ជាមួយប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាមរាប់ពាន់នាក់ លើកលែងតែឆ្នាំកន្លងទៅ ដែលកើតមានស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។ ហើយឆ្នាំនេះ តាមរយៈហ្វេសប៊ុក សម្តេច ក៏បានសុំការអធ្យាស្រ័យយោគយល់ពីសំណាក់បងប្អូនសាសនិកខ្មែរឥស្លាមទាំងអស់ផងដែរ ចំពោះការផ្អាកកម្មវិធីជួបជុំស្រាយបួសខែរ៉ាម៉ាឌនទ្រង់ទ្រាយធំថ្នាក់ជាតិលើកទី៩ នៅឆ្នាំ២០២២ នេះ ដោយសារជំងឺកូវីដ-១៩ នៅមិនទានទៅណាឆ្ងាយនៅឡើយ។ ទោះបីយ៉ាងណាក្តី សម្តេច ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាក៏បានអនុញ្ញាតឱ្យមានការថ្វាយបង្គំនៅតាមវិហារ (ម៉ាស្ជិទ ស៊ូរ៉ាវ) ការជួបជុំលក្ខណៈសាសនាឡើងវិញ រួមនឹងកម្មវិធីផ្សេងៗ ដោយអនុវត្តទៅតាមសារាចរណែនាំ និងវិធានសុខាភិបាល ក៏ដូចជាសេចក្តីណែនាំនានារបស់ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។

ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា អត្ថន័យដ៏សំខាន់ក្នុងទិដ្ឋភាពនៃការចូលរួមពិសារអាហារស្រាយបួសខែរ៉ាម៉ាឌនរួមគ្នាក្នុងថ្ងៃនេះ គឺជាភស្តុតាងនៃសុខដុមភាវូបនីយកម្មសាសនានៅកម្ពុជា និងជាការចូលរួមគោរពផ្តល់តម្លៃចំពោះជំនឿសាសនា ទំនៀមទម្លាប់ និងប្រពៃណីដ៏បវររបស់សាសនិកឥស្លាម។ ការបង្ហាញនូវសាមគ្គីភាពក្រោមដំបូលនៃការដឹកនាំតែមួយ និងក្នុងនាមពលរដ្ឋខែ្មរតែមួយ ជាការឆ្លុះបញ្ចាំងអំពីវប្បធម៌ចែករំលែក សេចក្តីស្រលាញ់ ការឱ្យទាន និងការផ្តល់ឱកាសសិក្សាស្វែងយល់អំពីគ្នាទៅវិញទៅមក ជាពិសេសអត្ថន័យដ៏ពិសិដ្ឋ និងផលប្រយោជន៍នៃការបួសខែរ៉ាម៉ាឌនរបស់សាសនិកឥស្លាម ទាំងផ្នែកជំនឿសាសនា សង្គម និងសុខភាព៕រក្សាសិទ្ធិដោយ ៖ ចេស្តារ





