ភ្នំពេញ ៖ លោក បួកែវ ភុំវង់សាយ (Buakeo Phumvongsay) អគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី ក្នុងឱកាសជួបសម្ដែងការគួរសមជាមួយ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹក ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្តិភាព បានថ្លែងថា បេសកកម្មការងារពិសេសរបស់លោកនៅកម្ពុជា គឺធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងឡាវ កាន់តែល្អប្រសើរថែមទៀត។

លោក បួកែវ ភុំវង់សាយ (Buakeo Phumvongsay) បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កន្លងមក បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយប្រទេសរបស់លោក, ក្នុងនាមលោកជាឯកអគ្គរដ្ឋទូតឡាវតែងតាំងថ្មី នឹងខិតខំធ្វើយ៉ាងណាឲ្យប្រទេសជិតខាងទាំងពីរ កម្ពុជា-ឡាវ ជួយគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យច្រើនក្នុងក្របខណ្ឌទ្វេភាគី ដែលមានស្រាប់ ដូចជា ការអប់រំ ការធ្វើពាណិជ្ជកម្ម វិនិយោគ និងបង្ក្រាបការជួញដូរគ្រឿងញៀនតាមព្រំដែន ជាដើម និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយថែមទៀត។ ក្រៅពីក្របខណ្ឌទ្វេភាគីហើយនោះ ប្រទេសទាំងពីរនឹងគាំទ្រគ្នាទៅវិញទៅមកក្នុងឆាកតំបន់ និងអន្តរជាតិផងដែរ។
គួរបញ្ជាក់ថា កម្ពុជា-ឡាវ ជាប្រទេសភូមិផងរបងជាប់គ្នា ដែលមានព្រំប្រទល់ជាប់គ្នាប្រវែងជាង ៥៤០គីឡូម៉ែត្រ ហើយប្រទេសទាំងពីរនេះ បានភ្ជាប់ទំនាក់ទំនងជាផ្លូវការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៦ គិតជាពេលវេលាទំនាក់ទំនងមកដល់បច្ចុប្បន្នប្រហែល ៦៦ឆ្នាំ ហើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN




