Wednesday, May 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឡាវ ជំរុញការធ្វើពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរឡើងវិញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំឲ្យឯកឧត្តម ភូមិវង់សាយ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ពិនិត្យជំរុញសកម្មភាពពាណិជ្ជកម្មតាមព្រំដែន និងពិនិត្យមើលជំរុញពាណិជ្ជកម្មតាមសក្ដានុពលដទៃទៀត ដែលអាចធ្វើបានជាពិសេស ក្នុងកាលៈទេសៈកូវីដ១៩ នេះ។

នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យ ឯកឧត្តម បូរកែវ ភូមិវង់សាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព។

ឯកឧត្តម បូរកែវ ភូមិវង់សាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោ ដែលបានចំណាយពេលវេលាដ៏មានអ្នកទទួលជួបឯកឧត្តម។

ឯកឧត្តម ភូមិវង់សាយ បានគោរពនាំនូវការសួរសុខទុក្ខពីឯកឧត្តមនាយករដ្ឋមន្ត្រី ពីឯកឧត្តមប្រធានាធិបតី ជូនចំពោះសម្ដេចតេជោ ហើយក៏បានគោរពថ្លែងអំណរគុណចំពោះប្រជាជន រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយរដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 តាមរយៈការឧបត្ថម្ភជាសម្ភារៈ វ៉ាក់សាំង រថយន្តដឹកជញ្ជូនវ៉ាក់សាំង ថែមទាំងថវិកាទៀតផង។

ឯកឧត្តម ភូមិវង់សាយ ក៏បានគោរពប្ដេជ្ញាជូនចំពោះសម្ដេចតេជោថា ក្នុងបេសកកម្មជាអ្នកការទូតនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រីកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែកើនឡើងមួយកម្រិតទៀត ឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អដែលមានស្រាប់។

ជាការឆ្លើយតប សម្តេចតេជោ បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម ភូមិវង់សាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេច បានឯកភាពជាមួយការលើកឡើងរបស់ឯកឧត្តម ភូមិវង់សាយ ទាក់ទងនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ បានមានប្រសាសន៍ថា យើងពិតជាមានទំនាក់ទំនងពិសេស ដោយសារកត្តាប្រវត្តិសាស្ត្របន្សល់ទុកឲ្យយើង បានបន្តរហូតមកដល់ពេលនេះ អនុញ្ញាតឲ្យយើងបន្តពង្រឹងពង្រីកជារៀងរហូតមក ហើយពេលនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងកាន់តែខ្លាំង។

សម្តេចតេជោបានជម្រាបជូនឯកឧត្តមអគ្គរដ្ឋទូត អំពីការអនុញ្ញាតឲ្យមានជម្រើសមិនប្រើម៉ាស នោះគឺខេត្ត៣ នៅជាប់ព្រំប្រទល់ឡាវ មានភាពល្អប្រសើរឡើងវិញ ពីការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងន័យនេះ សម្ដេចតេជោ បានស្នើសុំឲ្យឯកឧត្តម ភូមិវង់សាយ ពិនិត្យជំរុញសកម្មភាពពាណិជ្ជកម្មតាមព្រំដែន និងពិនិត្យមើលជំរុញពាណិជ្ជកម្មតាមសក្ដានុពលដទៃទៀត ដែលអាចធ្វើបាន ជាពិសេស ក្នុងកាលៈទេសៈកូវីដ១៩ នេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×