កាលពីថ្ងៃទី៦ ខែមេសា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសដាក់ទណ្ឌកម្មថ្មី ពាក់ព័ន្ធនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន។
បញ្ជីឈ្មោះបុគ្គលរុស្ស៊ីដែលរងទណ្ឌកម្មអាមេរិកលើកនេះ រួមមានឈ្មោះកូនស្រីទាំងពីររបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន គឺ Katerina Vorontsova និង Maria Tikhonova។ យោងតាមមន្ត្រីអាមេរិក ការដាក់ទណ្ឌកម្មនេះ ធ្វើឡើងដោយមានការសង្ស័យថា កូនពីរនាក់របស់លោក ពូទីន កំពុងលាក់ទ្រព្យសម្បត្តិសម្រាប់ឪពុករបស់ពួកគេ។
អ្នករាយការណ៍ព័ត៌មានជាន់ខ្ពស់របស់រដ្ឋបាលអាមេរិក បានប្រាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “យើងមានហេតុផលដើម្បីជឿថា ប្រធានាធិបតី ពូទីន និងសហការីជាច្រើនរបស់គាត់ រួមទាំងមហាសេដ្ឋី សមាជិកគ្រួសារ កំពុងលាក់ទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក និងនៅក្នុងផ្នែកជាច្រើនទៀតនៃពិភពលោក។ នោះហើយជាមូលហេតុដែលយើងកំណត់គោលដៅពួកគេ»។
បន្ទាប់មក នៅថ្ងៃទី៨ ខែមេសា ការិយាល័យការបរទេសអង់គ្លេស ក៏បានប្រកាសដាក់ទណ្ឌកម្មលើកូនស្រីទាំងពីររបស់ប្រធានាធិបតីរុស្ស៊ី និងកូនស្រីរបស់លោកស្រី Yekaterina Vinokurova រដ្ឋមន្ត្រីការបរទេសរុស្ស៊ីគឺ Sergei Lavrov ។ មនុស្សទាំងនេះនឹងត្រូវបានហាមប្រាមពីការធ្វើដំណើរ និងត្រូវបង្កកទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងចក្រភពអង់គ្លេស។
យោងតាម AFP ការដាក់ទណ្ឌកម្មប្រឆាំងនឹងកូនស្រីទាំងពីររបស់ពូទីនត្រូវបានគេមើលឃើញថាជានិមិត្តរូបសំខាន់ ព្រោះវាមិនច្បាស់ថាតើពួកគេមានទ្រព្យសម្បត្តិនៅខាងក្រៅប្រទេសរុស្ស៊ី ឬយ៉ាងណា។ ទោះជាយ៉ាងណាក៏ដោយ វិធានការនេះ ហាក់ដូចជាធ្វើឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ប្រធានាធិបតីរុស្ស៊ី។
ជាការឆ្លើយតប វិមានក្រឹមឡាំងបានហៅការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងកូនស្រីរបស់ពូទីន ថាជាការបង្ហាញពី “ភាពឆ្កួត” នៃប្រទេសរុស្ស៊ីខាងលិច។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ពិតជាមិនអាចយល់បានទេថា ហេតុអ្វីបានជាកូនស្រីរបស់ពូទីន ត្រូវបានគេកំណត់គោលដៅ។
ព័ត៌មានអំពីជីវិតឯកជនរបស់កូនស្រីទាំងពីររបស់លោក ពូទីន គឺជារឿងសម្ងាត់។ វិមានក្រឹមឡាំងមិនដែលបានបញ្ជាក់ពីឈ្មោះកូនស្រីទាំងពីររបស់ប្រធានាធិបតី ឬបញ្ចេញរូបថតរបស់ពួកគេជាមនុស្សពេញវ័យនោះទេ។
សូម្បីតែប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ខ្លួនឯង ក៏តែងតែមានការប្រុងប្រយ័ត្ននៅពេលនិយាយអំពីសំណួរទាក់ទងនឹងគ្រួសាររបស់គាត់។ ជាក់ស្តែង ក្នុងឆ្នាំ 2015 ក្នុងអំឡុងពេលសន្និសីទកាសែតប្រចាំឆ្នាំ ប្រធានាធិបតីបានគេចពីសំណួរអំពីអត្តសញ្ញាណរបស់កូនស្រីទាំងពីររបស់គាត់។
ក្នុងនោះ គាត់បាននិយាយថា “កូនរបស់ខ្ញុំរស់នៅ និងសិក្សានៅក្នុងប្រទេសរុស្ស៊ីតែប៉ុណ្ណោះ ខ្ញុំមានមោទនភាពចំពោះពួកគេ។ មនុស្សគ្រប់គ្នាមានសិទ្ធិសម្រេចចិត្តជោគវាសនារបស់ពួកគេ ពួកគេរស់នៅដោយខ្លួនឯង និងធ្វើអ្វីគ្រប់យ៉ាងដោយផ្អែកលើសេចក្តីថ្លៃថ្នូររបស់ពួកគេ” ។
យោងតាមព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងលោកខាងលិច ប្រធានាធិបតីពូទីន និងអតីតភរិយា Lyudmila Shkrebneva មានកូនស្រីពីរនាក់ដែលមានឈ្មោះ Maria Vorontsova និង Katerina Tikhonova ។
នៅឆ្នាំ 2013 ប្រធានាធិបតីពូទីនបានលែងលះ Lyudmila ។ មេដឹកនាំរុស្ស៊ីរូបនេះ បាននិយាយថានៅពេលនិយាយបែកគ្នា អ្នកទាំងពីរបានព្រមព្រៀងគ្នាថា ជាការសម្រេចចិត្តរួម។ ហេតុផលដែលបានផ្តល់ឱ្យដោយ Lyudmila គឺថា “ពួកយើងមិនដែលជួបគ្នាទេ” ហើយហៅវាថា “ការលែងលះស៊ីវិល” ។ អ្នកទាំងពីរបានរៀបការនៅឆ្នាំ 1983 នៅពេលដែល Lyudmila គឺជាអ្នកបើកយន្តហោះ Aeroflot ។ ហើយលោក ពូទីន ក៏ជាមន្រ្តីធ្វើការនៅទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ KGB ផងដែរ។ អាពាហ៍ពិពាហ៍របស់ពួកគេមានរយៈពេល 30 ឆ្នាំ។
កូនស្រីច្បងរបស់ពូទីនគឺ Maria Vorontsova កើតក្នុងឆ្នាំ 1985។ នាងបានសិក្សានៅសាកលវិទ្យាល័យ St. Petersburg និងឱសថនៅសាកលវិទ្យាល័យរដ្ឋម៉ូស្គូ។ ហើយបច្ចុប្បន្ន Vorontsova គឺជាអ្នកសិក្សាជំនាញផ្នែកប្រព័ន្ធ endocrine ។ នាងគឺជាសហអ្នកនិពន្ធសៀវភៅស្តីពីការមិនលូតលាស់ (ក្រិន) ចំពោះកុមារ ហើយត្រូវបានចុះបញ្ជីជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវ Endocrine ក្នុងទីក្រុងម៉ូស្គូ។ នាងបានចូលរួមក្នុងការសិក្សាជាច្រើននៅក្នុងផ្នែកហ្សែន ដែលជាវិស័យមួយដែលលោក ពូទីន ធ្លាប់បាននិយាយថា នឹងកំណត់អនាគតនៃពិភពលោកទាំងមូល។
Maria Vorontsova ក៏ជាអ្នកជំនួញផងដែរ។ BBC Russia បានកំណត់ថា នាងជាសហម្ចាស់ក្រុមហ៊ុនដែលគ្រោងនឹងសាងសង់មជ្ឈមណ្ឌលវេជ្ជសាស្ត្រដ៏ធំមួយ។ នាងទទួលបន្ទុកកម្មវិធីឧបត្ថម្ភដោយរដ្ឋាភិបាល។ វ៉ាស៊ីនតោនបាននិយាយថា កម្មវិធីទាំងនេះបានទទួលប្រាក់រាប់ពាន់លានដុល្លារពីវិមានក្រឹមឡាំង សម្រាប់ការស្រាវជ្រាវហ្សែន និងត្រូវបានត្រួតពិនិត្យដោយលោក ពូទីន ផ្ទាល់។
ក្នុងឆ្នាំ 2013 Vorontsova បានរៀបការជាមួយអ្នកជំនួញជនជាតិហូឡង់ឈ្មោះ Jorrit Joost Faassen ដែលធ្លាប់ធ្វើការនៅសាជីវកម្មថាមពលរដ្ឋរុស្ស៊ី Gazprom ប៉ុន្តែ បន្ទាប់មកពួកគេក៏បានបែកគ្នា។
មនុស្សដែលបានជួបជាមួយ Vorontsova ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ី – អ៊ុយក្រែន ដោយនិយាយថា នាងគាំទ្រឪពុករបស់នាង ហើយមានការសង្ស័យចំពោះរបាយការណ៍អន្តរជាតិស្តីពីជម្លោះនេះ។
ចំណែក Katerina Tikhonova កើតនៅឆ្នាំ 1986 គឺជាកូនស្រីទីពីររបស់ប្រធានាធិបតី Vladimir Putin ។ បើប្រៀបធៀបនឹងបងស្រីរបស់នាង Katerina ត្រូវបានគេស្គាល់ថាជាអ្នករាំ Rock N’ Roll ។
ក្នុងឆ្នាំ 2013 នាង និងដៃគូរាំរបស់នាង បានជាប់ក្នុងចំណាត់ថ្នាក់លេខ 5 ក្នុងការប្រកួតជើងឯកពិភពលោកនៅប្រទេសស្វីស។ នៅឆ្នាំដដែលនោះ នាងបានរៀបការជាមួយលោក Kirill Shamalov ដែលជាកូនប្រុសរបស់មិត្តដ៏យូរលង់របស់លោកប្រធានាធិបតី ពូទីន។ ពិធីមង្គលការនេះត្រូវបានប្រារព្ធឡើងយ៉ាងសម្ងាត់ដែលមានរយៈពេលបីថ្ងៃ នៅរមណីយដ្ឋានជិះស្គី Igora ។
នៅឆ្នាំ 2018 លោក Kirill Shamalov ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម ចំពោះតួនាទីរបស់គាត់នៅក្នុងវិស័យថាមពលរុស្ស៊ី។ យោងតាមក្រសួងរតនាគារសហរដ្ឋអាមេរិក “សំណាងរបស់គាត់បានប្រសើរឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីអាពាហ៍ពិពាហ៍របស់គាត់” ។ តែទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមកអ្នកទាំងពីរបានលែងលះគ្នា។
Tikhonova កំពុងធ្វើការក្នុងវិស័យអប់រំ និងអាជីវកម្ម។ នៅឆ្នាំ 2018 នាងបានបង្ហាញខ្លួនយ៉ាងខ្លីនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី ដើម្បីនិយាយអំពីបច្ចេកវិទ្យាសរសៃប្រសាទ។ នៅឆ្នាំ 2021 នាងត្រលប់មកវិញនៅវេទិកាធុរកិច្ច។ តែទោះយ៉ាងណា ក្នុងការបង្ហាញខ្លួនជាសាធារណៈទាំងពីរលើកនោះ គឺទំនាក់ទំនងរបស់នាងជាមួយប្រធានាធិបតីពូទីន មិនត្រូវបានគេលើកឡើងនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




