បាត់ដំបង៖ បុរសកម្រោលចូលម្នាក់ កាលពីថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២២នេះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង បញ្ជូនខ្លួនទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរងចាំដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងអំពើ ឃាត.កម្ម វា.យស.ម្លាប់បងប្រុសបង្កើត ដោយសារតែជម្លោះពាក្យសម្តីនឹងគ្នា ដោយទាញចបកាប់វាយទៅលើបងប្រុសបង្កើត បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ប្រព្រឹត្តនៅចំណុចព្រៃតាអោ ស្ថិតក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២២។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនត្រូវចោទ រូបនេះ មានឈ្មោះ សេង គន្ធា ភេទប្រុស អាយុ ២៩ ឆ្នាំ ( ត្រូវជាប្អូនប្រុស )។ ចំណែកឯជនរងគ្រោះ មានឈ្មោះ សេង ភត្រា អាយុ ៣២ឆ្នាំ (ត្រូវជាបងប្រុស ) ។ អ្នកទាំងពីរមានទីលំនៅ ភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ជនត្រូវចោទត្រូវបាន តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចោទប្រកាន់ពីបទ: ឃាត.កម្ម តាមបញ្ញាត្តិ មាត្រា ១៩៩ នៃ ព្រហ្មទណ្ឌ។ និង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២២ នៅចំណុចព្រៃតាអោ ស្ថិតក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


