Thursday, May 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដោះស្រាយពាក្យបណ្តឹង សុំចុះបញ្ជីបេក្ខជន គណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត បានដោះស្រាយចប់សព្វគ្រប់ ពុំមានអ្វីកែប្រែទៀតឡើយ

ភ្នំពេញ ៖ឆ្លើយតបតាមសំណើរបស់គណបក្សភ្លើងទៀន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឱ្យតំណាងគណបក្សភ្លើងទៀន ចូលជួបពិភាក្សាការងារនៅទីស្តីការ គ.ជ.ប កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។

សមាសភាពថ្នាក់ដឹកនាំ គ.ជ.ប មានដូចជា ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប , ឯកឧត្តម សោម សូរីដា ទីប្រឹក្សា ឝ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប រួមទាំងមន្ត្រីនាយកដ្ឋានជំនាញពាក់ព័ន្ធ នៃគ.ជ.ប។ សមាសភាពខាងគណបក្សភ្លើងទៀន មានដូចជាៈ ១. លោក ស៊ុន ឆៃ អនុប្រធានគណបក្សភ្លើង ទៀន ២. លោកមេធាវី សំ សុគង់ ៣. លោកមេធាវី កែត ឃី និង ៤. លោក ញៀន ហែមសុជាតិ អនុប្រធាន ការិល័យអ្នកច្បាប់ របស់គណបក្សភ្លើង ទៀន។

លោក សុន ឆ័យ អនុប្រធានគណបក្ស បានលើកឡើងក្នុងជំនួបពិភាក្សានោះនូវបញ្ហា ៣ ចំណុច៖
១- បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលត្រូវបានក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប លុបនៅឃុំ សង្កាត់ ចំនួន ៥ និងបដិសេធការសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ចំនួន ៦ ឃុំ សង្កាត់។
២- សុំឱ្យ គ.ជ.ប ជួយសម្របសម្រួលដល់ស្ថានភាពទូទៅកុំឱ្យមានការគំរាមកំហែង បេក្ខជន ឬបំភិតបំភ័យបេក្ខជនគណបក្សនយោបាយ។
៣- សុំឱ្យមានយន្តការទំនាក់ទំនងការងារ ដើម្បីដោះស្រាយបញ្ហាបន្ទាន់។

ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានគូសបញ្ជាក់ថា ការដោះស្រាយពាក្យ បណ្តឹងទាក់ទងនឹងការសុំចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបាយ ត្រូវបានដោះស្រាយចប់សព្វគ្រប់ហើយ ពុំមានអ្វីកែប្រែទៀតឡើយ ពីព្រោះការដោះស្រាយទាំងអស់ គ.ជ.ប ផ្អែកលើច្បាប់។
ចំពោះបញ្ហាទី២ ដែលលើកឡើងដោយគណបក្សភ្លើងទៀន ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានពន្យល់ថា គ.ជ.ប ក៏បានទទួលព័ត៌មានមួយចំនួនដែរ ទាក់ទងទៅនឹងបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ដែលករណីខ្លះជារឿងហួសដែនសមត្ថកិច្ចរបស់ គ.ជ.ប។ ទោះបីយ៉ាងណាក៏ដោយ គ.ជ.ប ក៏បានសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីឱ្យអាជ្ញាធរជួយសម្របសម្រួលការងារនៃសកម្មភាពរបស់គណបក្សនយោបាយ ហើយថ្មីៗនេះ ក្រសួងមហាផ្ទៃ និង គ.ជ.ប ក៏បានចេញសេចក្តីណែនាំរួមមួយដល់អាជ្ញាធរដែនដីរួចហើយដែរ។

អំពីយន្តការទំនាក់ទំនងការងារ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន ជម្រាបជូនថា គួរពង្រឹងយន្តការច្បាប់ដែលមានស្រាប់ នោះគឺយន្តការ គ.ជ.ប យន្តការនៅថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងយន្តការនៅថ្នាក់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប)។ ក្នុងការអនុវត្តកន្លងមក គ.ជ.ប មានកម្មវិធីប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតជាទៀងទាត់ ទាំងនៅថ្នាក់ គ.ជ.ប នៅថ្នាក់ គធ.ខប និងនៅថ្នាក់ គឃ.សប ហើយក្នុងករណីចាំបាច់ ក៏មានកិច្ចប្រជុំបន្ទាន់ដែរ ដើម្បីដោះស្រាយបញ្ហា។ តាមរយៈកិច្ចប្រជុំនេះហើយ គឺជាយន្តការដោះស្រាយការងាររបស់ គ.ជ.ប និងជួយសម្របសម្រួលការងារដល់គណបក្សនយោបាយដែលចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ចំណែកលោកស៊ុន ឆ័យ ក៏បានទទួលស្គាល់ថា ក្រុមការងាររបស់គណបក្សភ្លើងទៀន បានអនុវត្តខុសនីតិវិធី ដែលយកបេក្ខជនដែលមិនចេះអាន មិនចេះសរសេរ មកឈរឈ្មោះឲ្យគណបក្សភ្លើងទៀន ហើយបំពេញបែបបទឲ្យអ្នកមិនចេះអាន មិនចេះសរសេរនៅក្នុងឯកសារភ្ជាប់ជាមួយនឹងពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោក សុន ឆ័យ ក្នុងនាមគណបក្សភ្លើងទៀន បានថ្លែងអំណរគុណដល់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដែលបានអនុញ្ញាតឱ្យប្រតិភូតំណាងគណបក្សភ្លើងទៀន បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គលេខាធិការ គ.ជ.ប រួមជាមួយនឹងសហការី៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×