រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារតែសង្គ្រាម បានអូសបន្លាយ អស់រយៈពេល៤៨ថ្ងៃមកហើយ មិនបានទទួលបានលទ្ធផលអ្វី ក្រៅតែពីបង្កនូវមហាសោកនាដកម្មដ៏ធំធេង នៅក្នុងប្រទេសអ៊ុយក្រែន ហើយរុស្ស៊ីខ្លួនឯង បានបាត់បង់កម្លាំងទ័ពយ៉ាងច្រើន និងខូចខាតសម្ភារសឹក មានតម្លៃរាប់ពាន់លានដុល្លារ ព្រមទាំងរងនូវការហ៊ុមព័ទ្ធសេដ្ឋកិច្ចយ៉ាងខ្លាំង ពីបណ្ដាប្រទេសបច្ចិមលោកនោះ ទើបប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានសម្រេច តែងតាំងមេទ័ពកំពូលថ្មី ដើម្បីលុបលាងនូវបរាជ័យ ហើយបន្ដគ្រប់គ្រងប្រតិបត្ដិការ នៅក្នុងប្រទេសអ៊ុយក្រែន បន្ដទៀត។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ថាប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានសម្រេច តែងតាំងលោកនាយឧត្ដមសេនីយ៍ អាឡិកហ្សាន់ដឺរ ឌីវ័រនីកូវ (Alexander Dvornikov) វ័យ៦០ឆ្នាំ ជាមេទ័ពកំពូលលំដាប់លេខ២ បន្ទាប់ពីសេនាប្រមុខ សម្រាប់គ្រប់គ្រងសង្គ្រាម នៅប្រទេសអ៊ុយក្រែន។ មន្រ្ដីយោធារុស្ស៊ី រូបនេះ ធ្លាប់មានបទពិសោធន៍ជាច្រើន នៅក្នុងសង្គ្រាម ហើយក៏បានជាប់ឈ្មោះជាអ្នកប្រព្រឹត្ដនូវអំពើឃោរឃៅរ នៅក្នុងសង្គ្រាម នៅក្នុងប្រទេសស៊ីរី និង នៅតំបន់ផ្សេងទៀត។
មន្រ្ដីសហរដ្ឋអាមេរិក បានអះអាងថា លោកនាយឧត្ដមសេនីយ៍ Alexander Dvornikov បានជាប់ឈ្មោះ នៅក្នុងកំណត់ត្រា អំពីការប្រព្រឹត្ដអំពើឃោរ.ឃៅ ទៅលើជនស៊ីវិល នៅក្នុងប្រទេសស៊ីរី និង នៅក្នុងសង្គ្រាមជាច្រើនទៀត។ ចំណែកការតែងតាំងមេទ័ពកំពូលថ្មី ឲ្យទទួលខុសត្រូវ នៅក្នុងសង្គ្រាមទាំងមូល នៅក្នុងប្រទេសអ៊ុយក្រែនេះ ត្រូវបានអ្នកវិភាគលោកខាងលិចជាច្រើន បានយល់ឃើញថា នេះជាសកម្មភាពថ្មីរបស់រុស្ស៊ី ដើម្បីលុបលាងនូវបរាជ័យរបស់ខ្លួន នៅក្នុងការផ្ដួលរំលំរដ្ឋាភិបាលរបស់លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន។
លោក ជេក ស៊ុលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បានបញ្ជាក់ថា គ្មានការតែងតាំងឧត្តមសេនីយ៍ណាមួយ អាចលុបបំបាត់ការពិត ដែលថា រុស្ស៊ីបានប្រឈមមុខនឹងបរាជ័យ ជាយុទ្ធសាស្ត្រ នៅក្នុងសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន នោះទេ។ ប៉ុន្ដែការតែងតាំងលោកនាយឧត្តមសេនីយ៍រូបនេះ គ្រាន់តែជាអ្នកបង្កើតឧក្រិដ្ឋកម្ម និង អំពើឃោរឃៅ ប្រឆាំងនឹងជនស៊ីវិល នៅក្នុងប្រទេសអ៊ុយក្រែន តែប៉ុណ្ណោះ។
ដោយឡែក អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ នៅលើបណ្ដាញសង្គម ថា គិតត្រឹម ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ សង្គ្រាមឈ្លានពានរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានអូសបន្លាយ អស់រយៈពេល៤៥ថ្ងៃកន្លងមកហើយ ហើយសង្គ្រាមវាយប្រយុទ្ធគ្នា រវាងកងទ័ពអ៊ុយក្រែន និង កម្លាំងឈ្លានពានរបស់រុស្ស៊ី នៅតែបន្ដយ៉ាងក្ដៅគគុក។ ជាមួយនឹងការវាយប្រយុទ្ធយ៉ាងខ្លាំងក្លា ពីកម្លាំងតស៊ូរបស់អ៊ុយក្រែន នោះ បានធ្វើឲ្យក្រុងមូស្គូ បាត់បង់កម្លាំងទាហាន ប្រហែល ១៩ ១០០នាក់ ចាប់តាំងពីការលើកកងទ័ព ចូលឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបន្ថែមថា ក្រៅពីការបាត់បង់កម្លាំងទ័ពនោះ រុស្ស៊ី ក៏បានខូចខាតគ្រឿងយុទ្ធោបករណ៍ ជាច្រើនទៀត រួមមាន រថក្រោះ ចំនួន ៧០៥គ្រឿង, រថពាសដែក ប្រភេទ APV ចំនួន១៨៩៥គ្រឿង, ប្រព័ន្ធបា.ញ់កាំភ្លើងធំ ៣៣៥គ្រឿង, ប្រព័ន្ធប្រឆាំងនឹងយន្ដហោះចម្បាំង ៥៥គ្រឿង, យន្ដហោះចម្បាំង ១៥១គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន ១៣៦គ្រឿង, រថយន្ដយោធា ១ ៣៦៣គ្រឿង…។ លើសពីនេះ សម្ភារយោធាជាច្រើនទៀត ក៏ត្រូវបានកងទ័ពអ៊ុយក្រែន វាយកម្ទេចចោល។ ដោយឡែក ចំនួនកងទ័ពអ៊ុយក្រែន និងជនស៊ីវិល ដែលបានបាត់បង់ជីវិត នៅក្នុងការវាយប្រយុទ្ធគ្នានេះ ក៏មិនត្រូវបានរាយការណ៍នោះឡើយ។
លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំងរបស់ប្រធានាធិបតី ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២ បានថ្លែង នៅក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មានរបស់អង់គ្លេស Sky News ដោយបានទទួលស្គាល់ថា រុស្ស៉ី ពិតជាខាតបង់កងទ័ពធ្ងន់ធ្ងរមែន ចាប់តាំងពីសង្រ្គាម នៅអ៊ុយក្រែន បានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ប៉ុន្ដែទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ អំពីចំនួនកងទ័ពស្លាប់ពិតប្រាកដនៅឡើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN




