Friday, May 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាទាញព្រ័ត្រឆ្នេរខ្សាច់ គឺវិញ្ញាសាថ្មី ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមគាំទ្រ ដើម្បីឈានទៅប្រកួតប្រជែងលើឆាកអន្តរជាតិ

CAMSOC-ព្រះសីហនុ ៖ លោក នូវ ឬទ្ធី ប្រតិភូដឹកនាំក្រុមកីឡាករ កីឡាការិនី សមាគមកីឡាទាញព្រ័ត្រខេត្តបាត់ដំបង បានបញ្ជាក់ថា ការប្រកួតទាញព្រ័ត្រឆ្នេរខ្សាច់ លើកដំបូងនៅកម្ពុជា គឺជាវិញ្ញាសាថ្មីមួយ ឈរលើគោលការណ៍ អភិវឌ្ឍ និងអភិរក្ស ហើយគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមគាំទ្រ ដើម្បីឈានទៅប្រកួតប្រជែងលើឆាកអន្តរជាតិ ជាមួយនឹងបណ្តាប្រទេស ក្នុងតំបន់ និងពិភពលោក ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងការប្រកួតកីឡាទាញព្រ័ត្រ ឆ្នេរខ្សាច់ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ។

លោក នូវ ឬទ្ធី បន្តថា ការប្រកួតកីឡាទាញព្រ័ត្រលើឆ្នេរខ្សាច់ វាជាបទពិសោធន៍មួយថ្មីទៀតសម្រាប់កីឡាករ កីឡាការិនី ដោយត្រូវប្រើកម្លាំងខ្លាំង និងបច្ចេកទេស។ វាអាចពិបាកសម្រាប់កម្ពុជា តែបើប្រឹងប្រែងហ្វឹកហាត់ នោះកម្ពុជានឹងអាចប្រកួតប្រជែងបាន ដោយសារកីឡាទាញព្រ័ត្រឆ្នេរខ្សាច់ ប្រទេសក្នុងតំបន់ប្រដំប្រសងជាមួយកម្ពុជានៅឡើយ ។

លោក សង្កត់ធ្ងន់ថា កត្តាប្រឈម របស់កម្ពុជា មានដូចជា ធនធានមនុស្ស សម្ភារ និងទីលាន។ ជាពិសេស ព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំ នៅមានតិចតួច ដើម្បីឲ្យ កីឡាករ កីឡាការិនី មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ដុសខាត់សមត្ថភាព ឈានទៅរៀបចំការប្រកួតកម្រិតជាតិ និងអន្តរជាតិបាន។

ប្រតិភូដឹកនាំរូបនេះ បន្ថែមថា ចំពោះក្រុមខេត្តបាត់ដំបងវិញ សប្បាយចិត្ត ដែលសហព័ន្ធរៀបចំការប្រកួតទាញព្រ័ត្រលើឆ្នេរខ្សាច់ ជាវិញ្ញាសាថ្មីមួយលំបាក សម្រាប់ខេត្តបាត់ដំបង ពីព្រោះអត់មានតំបន់ឆ្នេរ ក្នុងការហ្វឹកហាត់នោះទេដោយសារតែការប្រកួតរាល់ដង គឺប្រកួតលើស្មៅ និងក្នុងសាលជាដើម។

គួរបញ្ជាក់ថា ការប្រកួតកីឡាទាញព្រ័ត្រ ឆ្នេរខ្សាច់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២នេះ ចែកចេញជា៣វិញ្ញាសា គឺវីញ្ញាសាបុរស ៨នាក់ទល់៨នាក់, វិញ្ញាសានារី ៨នាក់ទល់៨នាក់ និងវិញ្ញាសាចម្រុះបុរស-នារី៨នាក់ទល់៨នាក់ និងមានសមាគមកីឡាទាញព័ត្រ១១ចូលរួម គឺខេត្តព្រះសីហនុ ខេត្តកំពត ស្វាយរៀង បាត់ដំបង ត្បូងឃ្មុំ កណ្តាល កំពង់ចាម កំពង់ឆ្នាំង ក្រចេះ ខេត្តព្រះវិហារ និងបញ្ជាការដ្ឋានកងទ័ពជើងទឹក ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×