ដូចដែលបានដឹងហើយ ធនាគារ ABA តែងកើតមានបញ្ហាមិនចេះស្បើយ ដែលអតិថិជនតែងតែបង្ហោះនៅលើបណ្តាញសង្គមជារឿយៗ ជាពិសេសគឺទាក់ទងនឹងសេវាប្រើប្រាស់គណនី (កុង) មិនប្រក្រតីជាច្រើនករណីមកហើយ។ ពិតណាស់ ក្នុងនោះ មានបញ្ហាដូចជាខូចគណនីបាត់លុយ ឬ ដាក់លុយចូលទូបាត់លុយជាញឹកញយ។
ជាក់ស្តែង ថ្មីៗនេះ ស្រ្តីជាអតិថិជនម្នាក់ បានកំពុងតែបង្ហាញអារម្មណ៍ព្រួយចិត្តយ៉ាងខ្លាំង មិនដឹងថាបានមកវិញ ឬយ៉ាងណានោះទេ បន្ទាប់ពីគាត់បានដាក់លុយចូលទូ ATM ចំនួន 6400$ លទ្ធផល ពេលឆែកគណនី ស្រាប់តែបាត់លុយអស់ 4400$។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Mey Christy បានបង្ហោះឲ្យដឹងថា៖ «ខ្ញុំចង់ចែកបទពិសោធន៍តិច បងប្អូន !ABA ដាក់លុយ6400$ចូលម៉ាសុីន លេបលុយបាត់លុយ4400$ តែមិនឃេីញចូលកុងទេ. ដាក់ពាក្យដោះស្រាយ2-3ថ្ងៃហេីយ មិនទាន់ដឹងលទ្ធផលម៉ចទេ ,មិនដឹងបានមកវិញអត់ទេ ហេីយបេីបានមកវិញ មិនដឹងប៉ុន្មានអាទិត្យ ប៉ុន្មានខែទេ បានធនាគាផ្ញេីរលុយអោយវិញ…… ចឹងបងប្អូនកុំដាក់លុយចូលច្រេីនពេក រឺ កុំប្រេីតែម្តង ទៅដាក់ក្នុងធនាគាម៉ង»។
ក្រោយពីបានលឺបែបនេះ បងប្អូនអ្នកអ្នកប្រើសេវា ABA ជាច្រើននាក់បានចេញមកប្រាប់ថា ក៏បានជួបករណីនេះដែរក្នុងនោះអ្នកខ្លះបានបាត់អស់ 4700$ និង 2200$ ទើបថ្មីៗនេះ ហើយក៏បង្ហាញអារម្មណ៍ភ័យព្រួយដូចគ្នា ខណៈធនាគារថាឲ្យរង់ចាំពីរបីថ្ងៃ តែមិនដឹងម៉េចម៉ានោះទេ។ ហើយអ្វីគួរឲ្យបុកពោះនោះ គឺស្របពេលអ្នកជួបបញ្ហាកំពុងសម្តែងក្តីព្រួយបារម្ភ មិនដឹងថាបានលុយមកវិញឬអត់ ក៏ស្រាប់តែគណនីមួយបានប្រាប់បែបនេះថា «ដឹងតែអត់បានហើយ មានគេលួច ធនាគារមិនទទួលខុសត្រូវទេ ខ្ញុំធ្លាប់»។ ហើយនៅពេលស្រ្តីជាអតិថិជនខាងលើ បានបញ្ជាក់ថា «ដាក់ក្នុងទូរ មិនមែនបាញ់លុយទេបង , បេីលូច ធនាគាលួចហ្នឹងឯង» ភ្លាមៗនោះ គណនីនោះ ក៏បានឆ្លើយតបតាមបទពិសោធន៍ធ្លាប់ឆ្លងកាត់ថា «ចា៎ មិនដឹងមេចដែរធនាគារលួច ឬមិន បងអត់ហ៊ានថា តែវាបាត់លុយពីកុង ធនាគារឆែកថាយើងដកទាំងដែលយើងនៅមិនទាន់បានដក.គ្មានសុវត្ថិភាព»។
ជាមួយបញ្ហាដាក់លុយចូលទូ ATM ដ៏មិនមានសុវត្ថិភាពនេះ ក៏មានអ្នកយល់ពីបញ្ហានេះបានណែនាំថា «លុយច្រើន ដើម្បីសុវត្តិភាព ចូលដាក់ជាមួយបុគ្គលិតធនាគារផ្ទាល់តែម្តងទៅ ជៀសវាងកុំអោយមានបញ្ហានាំឈឺក្បាល»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




