កំពង់ធំ៖ កត្តាសុខសន្តិភាព ផ្តល់ឱកាសដល់កម្ពុជា កសាងធនធានមនុស្ស និងធនធានទ្រព្យសម្បត្តិ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រកម្ពុជា ដែលជាប្រតិបត្តិករនយោបាយឈ្នះឈ្នះ។
កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២, ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញកាត់ខ្សែបូរណ៌ឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តតាំងក្រសៅ។ ក្នុងឱកាសនោះ ឯកឧត្តម លើកឡើងថា កត្តាសុខសន្តិភាព ផ្តល់ឱកាសដល់កម្ពុជា កសាងធនធានមនុស្ស និងធនធានទ្រព្យសម្បត្តិ។
ឯកឧត្តមបន្តថា កត្តាសន្តិភាព ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យមានការរីកចម្រើនលើសមិទ្ធផលជាច្រើន ក្រោយការបញ្ចប់សង្គ្រាមស៊ីវិល នៅឆ្នាំ១៩៧០-១៩៧៩។ សមិទ្ធផលទាំងអស់នេះមាន សាលារៀន ផ្លូវថ្នល់ វត្តអារ៉ាម ជាពិសេសធនធានមនុស្ស បង្កើតបានទំនាក់ទំនងការទូត ទំនាក់ទំនងរវាងប្រជាពលរដ្ឋនៃប្រទេសមួយទៅប្រទេសមួយទៀត។ នេះគឺជាសក្ខីភាព នៃការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការរក្សាបានសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ ។ បើគ្មាន សន្តិភាព និងស្ថិរភាពនយោបាយនោះទេ ប្រទេសជាតិនឹងធ្លាក់ក្នុងភាពអន្តរាយគ្មានការរីកចម្រើន ហើយប្រជាពលរដ្ឋនឹងរងទុក្ខលំបាកគ្រាប់ពេលវេលា។
ឯកឧត្តមបន្ថែមថា ក្រោមមគ្គទេសក៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវប្រជាពលរដ្ឋទូទាំងប្រទេសផ្តល់នូវសេចក្តីជឿទុកចិត្ត ប្រគល់សម្លេងឆ្នោតជូនតាមរយៈការបោះឆ្នោតដោយសុក្រឹត្រ យុត្តិធម៌ និងសេរីពហុបក្ស។ គណបក្សប្រជាជនកម្ពុជា បានរំដោះ និងដឹកនាំប្រទេសពីសង្គ្រាម រក្សាសន្តិភាព និងចាប់ផ្តើមអភិវឌ្ឍន៍ពីភ្នក់សង្គ្រាមរហូតមកដល់បច្ចុប្បន្ន លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ឲ្យដើរទន្ទឹមគ្នា។
ដើម្បីឱ្យកម្ពុជានៅតែបន្តរក្សាសន្តិភាព ឯកភាពជាតិ បង្កើតទំនាក់ទំនងសាមគ្គីភាពនោះ, កាតព្វកិច្ចដែលប្រជាពលរដ្ឋគ្រប់រូបត្រូវបំពេញ គឺការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំប្រកដោយ ចក្ខុវិស័យ ស្រឡាញ់ពលរដ្ឋ ការអភិវឌ្ឍ ជាពិសេសស្រឡាញ់សន្តិភាព! នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ គឺថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាពេលវេលា របស់ប្រជាពលរដ្ឋគ្រប់រូបជ្រើសតំណាងក្នុងការដឹកនាំមូលដ្ឋានប្រកបដោយសុឆន្ទៈបន្តទៀត។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងជ្រើសរើសគណបក្សណាដែលបម្រើបងប្អូនប្រជាពលរដ្ឋពិត និងជាគណបក្សដែលនៅជិតបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងជួយទុក្ខ ធុរៈ ព្រមទាំងអភិវឌ្ឍភូមិ-ឃុំឲ្យមានការរីកចម្រើនបន្តទៀត៕