Monday, June 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួប​ដំបូងជាមួយ​លោ​ក ពូ​ទីន ចាប់តាំង​សង្គ្រាម​ផ្ទុះឡើ​ង នាយក​រដ្ឋមន្ត្រី​អូទ្រីស​ បាន​បញ្ជា​ក់​ច្បា​ស់​ៗ​ថា «បើកចំហ ស្វិតស្វាញ» អ្វីដែលសំខាន់បំផុតគឺ…

លោក Nehammer បាន​និយាយ​ថា​៖ «​ការ​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី Putin គឺមានលក្ខណៈ​ផ្ទាល់ បើកចំហ និងស្វិតស្វាញខ្លាំងណាស់»។

លោក Nehammer បានបន្ថែមថា សារសំខាន់បំផុតដែលលោកបានផ្ញើទៅកាន់លោក ពូទីន គឺការប្រយុទ្ធគ្នានៅអ៊ុយក្រែនត្រូវតែបញ្ចប់។ នាយករដ្ឋមន្ត្រីអូទ្រីស​ក៏បានបង្ហាញក្តីសង្ឃឹមថា ​លក្ខខណ្ឌសម្រាប់ជនស៊ីវិលនៅ​អ៊ុយក្រែន​អាចត្រូវបានកែលម្អ។

ក្នុងនោះ លោកបាននិយាយថា “ខ្ញុំបានលើកឡើងអំពីឧក្រិដ្ឋកម្មសង្គ្រាមធ្ងន់ធ្ងរនៅក្នុង Bucha និងកន្លែងផ្សេងទៀត ហើយបានសង្កត់ធ្ងន់ថា អ្នកទទួលខុសត្រូវចំពោះឧប្បត្តិហេតុទាំងនេះត្រូវតែទទួលទណ្ឌកម្ម” ។

មេដឹកនាំអូទ្រីស ក៏បានប្រាប់លោក ពូទីន អំពីតម្រូវការសម្រាប់ច្រករបៀងមនុស្សធម៌ដើម្បី “នាំយកទឹក និងអាហារ” ទៅកាន់ទីក្រុងដែលឡោមព័ទ្ធ និងដើម្បីជម្លៀសស្ត្រី កុមារ និងអ្នករងរបួស។

មុននេះ Kiev បានចោទប្រកាន់ទាហានរុស្ស៊ីថា បានសម្លាប់ជនស៊ីវិលនៅក្នុងទីក្រុងជុំវិញ Kiev ប្រទេសអ៊ុយក្រែន។ ប៉ុន្តែ ទីក្រុងម៉ូស្គូ​បានបដិសេធការចោទប្រកាន់នេះ ដោយទទូចថា​ពួកគេ​មិនបានកំណត់គោលដៅ​ជនស៊ីវិលទេ។

ចំពោះប្រធានបទនៃទណ្ឌកម្ម យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP លោក Nehammer បាននិយាយថា លោកបានប្រាប់លោក ពូទីន ថា ទណ្ឌកម្មនឹងបន្តត្រូវបានពង្រឹង ប្រសិនបើជនស៊ីវិលនៅតែត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន។

ប្រព័ន្ធផ្សព្វផ្សាយអូទ្រីស បានរាយការណ៍ថា ការសន្ទនាទល់មុខគ្នារវាងលោក Nehammer និងលោក Putin មានរយៈពេលប្រហែល ៩០ នាទី។ អ្នកនាំពាក្យ Nehammer បាននិយាយថា ជំនួបរវាងមេដឹកនាំអូទ្រីស និងរុស្ស៊ី បានធ្វើឡើងនៅឯគេហដ្ឋាន Novo-Ogaryovo របស់លោក ពូទីន នៅខាងក្រៅទីក្រុងម៉ូស្គូ។

នាយករដ្ឋមន្ត្រី Nehammer គឺជាមេដឹកនាំសហភាពអឺរ៉ុប (EU) ដំបូងគេ ដែលបានជួបប្រធានាធិបតីរុស្ស៊ី ចាប់តាំងពីទីក្រុងមូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។

សរុបមក អូទ្រីស ត្រូវបានដឹងថា រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី ជាងរដ្ឋសមាជិកសហភាពអឺរ៉ុបដទៃទៀត។

ទោះយ៉ាងណាក៏ដោយ ថ្មីៗនេះ លោក Nehammer បានបង្ហាញពីសាមគ្គីភាពជាមួយអ៊ុយក្រែន ទាក់ទងនឹងយុទ្ធនាការយោធារបស់ទីក្រុងម៉ូស្គូ។ លោកក៏ចោទប្រកាន់ថា មានឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីនៅ​អ៊ុយក្រែន ដែលក្រុងម៉ូស្គូ​បានបដិសេធម្តងហើយម្តងទៀត។

លើសពីនេះ ប្រទេសអូទ្រីស ក៏ចូលរួមជាមួយសមាជិកសហភាពអឺរ៉ុបផ្សេងទៀត ក្នុងការបណ្តេញអ្នកការទូតរុស្ស៊ីផងដែរ។

លោកនាយករដ្ឋមន្ត្រី Nehammer បាននិយាយថា លោកនឹងជូនដំណឹងដល់ដៃគូអឺរ៉ុបរបស់លោក អំពីខ្លឹមសារនៃកិច្ចប្រជុំរបស់លោក ជាមួយលោក ពូទីន ហើយនឹងពិភាក្សាជាមួយពួកគេនូវជំហានបន្ទាប់។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ភាគីអូទ្រីស បានស្នើសុំកិច្ចប្រជុំបិទទ្វារជាមួយលោក ពូទីន ហើយមិនមានសន្និសីទសារព័ត៌មានរួមគ្នា រវាងមេដឹកនាំទាំងពីរ បន្ទាប់ពីកិច្ចប្រជុំនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×