ភ្នំពេញ ៖ លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងលោក ផាត់ សំណាង អនុប្រធានការិយាល័យគយច្រកទំនប់រលក ទទួលបន្ទុកពិនិត្យឯកសារ បានរងការចោទប្រកាន់ពីសំណាក់មន្ត្រីមួយចំនួនថា បើកដៃឲ្យក្រុមឈ្មួញទាំងធំទាំងតូចនៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកកំពង់ផែទំនប់រលកក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមិនមានការបង្ក្រាប។ នេះបើតាមការឲ្យដឹងពីមន្ត្រីនៅច្រកទំនប់រលក។

មន្ត្រីពាក់ព័ន្ធនៅច្រកទំនប់រលកបានឲ្យដឹងទៀតថា ការប្រព្រឹត្តអំពើពុករលួយរបស់លោក ណុប សំអាន និងលោក ផាត់ សំណាង បានកើតមានជាយូរមកហើយ ដោយសារអាងខ្នងមន្ត្រីដ៏មានឥទ្ធិពល។ ហើយមេៗគយក្នុងខេត្តព្រះសីហនុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បណ្ដោយឲ្យលោក ណុប សំអាន និងលោក ផាត់ សំណាង ធ្វើអ្វីស្រេចតែចិត្ត។ ហើយក្រុមឈ្មួញធំៗជាច្រើននាក់បន្តសកម្មភាពនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ និងទំនិញខុសច្បាប់តាមច្រកកំពង់ផែទំនប់រលក យ៉ាងពេញបន្ទុកដោយគ្មានការបង្ក្រាប។
ប្រភពដដែលបានបន្តថា ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកកំពង់ផែទំនប់រលកក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង់ពន្ធមិនដល់៥០ភាគរយផងទេ។ ហើយក្រៅពីនេះគឺក្រុមឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍ជាមួយមន្រ្តីគយពុករលួយ។ ទន្ទឹមនឹងនេះលោក ណុប សំអាន និងលោក ផាត់ សំណាង រាប់ក្បាលរថយន្តដឹកទំនិញចេញពីកំពង់ផែទំនប់រលកគាបយកលុយ។ ក្នុងតំណែងជាប្រធានការិយាល័យគយច្រកកំពង់ផែទំនប់រលករយៈពេលច្រើនឆ្នាំកន្លងទៅនេះលោក ណុប សំអាន ល្បីខាងប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ ហើយលោក គុណ ញឹម មិនមានចំណាត់ការអ្វីនោះទេ។
ចំណែកលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងលោក ផាត់ សំណាង អនុប្រធានការិយាល័យគយច្រកទំនប់រលក ទទួលបន្ទុកពិនិត្យឯកសារ មិនអាចសុំការអត្ថាធិប្បាយបានទេ ទាក់ទងការចោទប្រកាន់ខាងលើនេះ៕ រក្សាសិទ្ធិដោយ ៖ CEN
