Friday, May 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាពអឺរ៉ុប បន្ដបិទផ្លូវដង្ហើមរបស់ ពូទីន ពិភាក្សាហ៊ុមព័ទ្ធប្រេងរបស់រុស្ស៊ី

ទីក្រុងប៊្រុសសែលស៍(Brussels) ៖ ស្របពេលក្រុងមូស្គូ បានតែងតាំងមេទ័ពកំពូលថ្មី គ្រប់គ្រងសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែ ហើយកំពុងតែប្រមូលផ្ដុំកម្លាំងទ័ព រាប់ម៉ឺននាក់ នៅភាគខាងកើតប្រទេសអឺរ៉ុបមួយនេះ នោះមក សហភាពអឺរ៉ុប មានចំនួន២៧ប្រទេស ក៏មិននៅស្ងៀមដែរ ហើយ កាលពីថ្ងៃចន្ទ ទី១១ ខែមេសា បានជួបប្រជុំពិភាក្សាគ្នា ស្ដីពីការដាក់ទណ្ឌកម្មជុំទី៦ ប្រឆាំងនឹងប្រទេសរុស្ស៊ី ដោយផ្ដោតលើការហ៊ុមព័ទ្ធការនាំចេញប្រេងរបស់ក្រុងមូស្គូ។

សារព័ត៌មាន Republic World បានចេញផ្សាយ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ថា រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ បានបើកកិច្ចប្រជុំដ៏សំខាន់មួយ សម្រាប់ពិភាក្សាគ្នា ស្ដីអំពីសកម្មភាពឈ្លានពានរបស់កម្លាំងយោធារុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន, ឧក្រិដ្ឋកម្មសង្គ្រាម និង ការដាក់ទណ្ឌកម្មជុំទី៦ ជាមួយនឹង«ការហ៊ុមព័ទ្ធប្រេង» កាន់តែតឹងរ៉ឹងឡើងបន្ថែមទៀត។

លោក ចូសែប បូរ៉ែល (Josep Borrell) មន្រ្ដីការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅក្នុងប្រទេសលុចហ្សែមប៊ួរ (Luxembourg) ថា រហូតមកដល់ពេលនេះ ប្រទេសជាសមាជិកទាំង២៧ នៃសហភាពអឹរ៉ុប បានយល់ព្រម លើសេចក្តីព្រាង និង អនុម័តទណ្ឌកម្ម ប្រឆាំងនឹងរុស្ស៊ី នៅចុងសប្តាហ៍នេះ។ ការពិភាក្សា អំពីប្រទេសអ៊ុយក្រែន មានន័យថា ពិតជាពិភាក្សា អំពីប្រសិទ្ធភាព នៃទណ្ឌកម្មរបស់យើង»។

លោក Josep Borrell តំណាងជាន់ខ្ពស់កិច្ចការបរទេស និង គោលនយោបាយសន្ដិសុខ បានសង្កត់ធ្ងន់ថា «ការឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៅក្នុងពាក្យពីរ។ ពាក្យទី១ គឺបរាជ័យ ហើយនេះ ក៏ជាការបរាជ័យដ៏ធំមួយរបស់កងទ័ពរុស្ស៊ី។ ដោយឡែក ពាក្យទិ២ គឺការភ័យរន្ធត់»។

លោក Josep Borrell បានបន្ដថា «អ្វីដែលកងទ័ពរុស្ស៊ីបន្សល់ទុក គឺជនស៊ីវិលត្រូវបានសម្លាប់ ហើយទីក្រុងត្រូវបានបំផ្លាញ ដោយការទម្លាក់គ្រាប់បែកមិនរើសកន្លែង។ ដោយឡែក ការវាយលុករបស់រុស្ស៊ី នៅភាគខាងកើត រឹតតែធ្វើឲ្យយើងតាំងចិត្ត កាន់តែខ្លាំងក្នុងការបន្តគាំទ្រដល់បអ៊ុយក្រែន បន្ថែមទៀត»។

លោក អែនដ្រេ អ៊ីលឡារីយ៉ូណូវ (Andrei Ilarionov) អតីតប្រធានទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានផ្ដល់បទសម្ភាសន៍ដល់បណ្ដាញទូរទស្សន៍ BBC កាលពីថ្ងៃទី១០ ខែមេសា ថា លោក ពូទីន ទំនងជាអាចនឹងបញ្ឈប់សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើបណ្ដាប្រទេសលោកខាងលិច ឈប់ទិញប្រេង និង ឧស្ម័ន ពីប្រទេសរុស្ស៊ី។ ប៉ុន្ដែរហូតមកដល់ពេលនេះ បណ្ដាប្រទេសបច្ចិមលោក ភាគច្រើន នៅតែពឹងផ្អែកខ្លាំង លើការនាំចេញថាមពល ពីប្រទេសរុស្ស៊ី។

លោក Andrei Illarionov ធ្លាប់ធ្វើជាទីប្រឹក្សាឲ្យលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី ចន្លោះពីឆ្នាំ២០០០ដល់២០០៥ បានបញ្ជាក់ថា លោក ពូទីន បានទទួលលំហូរប្រាក់ចំណូល ពីការនាំចេញថាមពល ទើបអនុញ្ញាតឱ្យគាត់ អាចបន្តសង្រ្គាមបាន។ ប៉ុន្ដែប្រសិនបើលោកខាងលិច អនុវត្ដនូវការហ៊ុមព័ទ្ធ ចំពោះការនាំចេញប្រេង និង ឧស្ម័នរាវ ចេញពីប្រទេសរុស្ស៊ី នោះ ប្រាក់ចំណូលនឹងថមថយអស់ ហើយត្រឹមតែរយៈពេល១ខែ ឬ២ខែទៀត ប្រតិបត្ដិការយោធារបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន អាចនឹងបញ្ឈប់។ នេះជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយ នៅក្នុងចំណោមមធ្យោបាយនានារបស់បច្ចិមលោក។

អតីតប្រធានទីប្រឹក្សាសេដ្ឋកិច្ចរូបនេះ បានបញ្ជាក់ប្រាប់ដល់បណ្ដាញទូរទស្សន៍ BBC ថា «រៀងរាល់ពីរថ្ងៃ កន្លះ ប្រាក់១ពាន់លានអឺរ៉ូ (លុយរបស់អឺរ៉ុប) ឬស្មើនឹងជាង១ពាន់លានដុល្លារសហរដ្ឋអាមេរិក នឹងហូរចូលមកក្នុងហោប៉ៅរបស់លោក ពូទីន។ វាពិតជាមានប្រយោជន៍ខ្លាំងណាស់ សម្រាប់លោក ពូទីន នៅក្នុងការបន្តរក្សានូវប្រព័ន្ធរបស់គាត់ ឱ្យដំណើរការ ដើម្បីបន្តការផ្តល់ហិរញ្ញវត្ថុដល់សង្រ្គាមរបស់គាត់ នៅក្នុងប្រទេសអ៊ុយក្រែន»។

អតីតប្រធានទីប្រឹក្សារូបនេះ បានបន្ថែមថា «នៅពេលលំហូររូបិយប័ណ្ណនេះ ត្រូវបានរាំងខ្ទប់ គឹពូទីន នឹងត្រូវគិតឡើងវិញ អំពីគោលនយោបាយរបស់គាត់ ពីព្រោះគាត់នឹងមិនមានធនធានច្រើន សម្រាប់ផ្គត់ផ្គង់ ដល់ការឈ្លានពានបន្ថែមទៀត»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×