ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋប្រភេទឈើលើថ្មក្រោមចំនួន៥ខ្នង និងសម្ភារមួយចំនួនទៀត ត្រូវបានឆេះអស់ទាំងស្រុង បង្កឡើងដោយឆ្លងចរន្តអគ្គិសនី។
ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩និងនិង៣០នាទីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ២៤៧ ផ្ទះលេខ៥៤ ភូមិ១០ ក្រុម២៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ម្ចាស់ទីតាំងឈ្មោះ អ៊ុន គ្រុយ ភេទស្រី អាយុ៧៨ ឆ្នាំ មុខរបរនៅផ្ទះ។ មូលហេតុបណ្តាលឲ្យឆេះមកពីឆ្លងចរន្តអគិ្គសនី។

តាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុខាងលើគេបានឃើញឆ្លងចរន្តអគ្គិសនីឆេះ ចេញពីផ្ទះកើតហេតុ បន្ទាប់មកក៏ឡើងជាអណ្តាលភ្លើងឆេះយ៉ាងសន្ធោសន្ធៅ រាលដាលទៅលើផ្ទះជិតខាងចំនួន៤ខ្នងទៀត បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានឲ្យសុំរថយន្តពន្លត់អគ្គិភ័យមកជាបន្ទាន់។
បន្ទាប់ពីខាងជំនាញបង្ការនិងសង្រ្គោះពន្លត់អគ្គិភ័យ បានទទួលដំណឹងនេះ ហើយក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ មកជាច្រើនគ្រឿង ជួយបា.ញ់ពន្លត់ភ្លាមៗ។
ក្រោយពីបា.ញ់ពន្លត់ចប់ សមត្ថកិច្ចជំនាញពិនិត្យជុំវិញកើតហេតុ មិនមានមនុស្សស្លា.ប់ និងរបួសនោះទេ ខូចខាតតែផ្ទះ៥ខ្នង និងសម្ភារនៅក្នុងនោះអស់ទាំងស្រុង និងប្រើប្រាស់រថយន្តពន្លត់អស់ចំនួន១៩ គ្រឿង ប្រើប្រាស់ទឹកអស់ ៥៧ឡាន៕ រក្សាសិទ្ធិដោយ ៖ សា មេត







