ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)នៃក្រសួងកសិកម្ម បានអញ្ជើញចុះហត្ថលេខាផ្តល់កម្ចីឥណទានការប្រាក់ទាបជាង១២លានដុល្លារនិងជំនួយឥតសំណងជិត១លានដុល្លារ ជូនដល់សហគមន៍កសិកម្មទំនើបចំនួន៩មកពីខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប។
ដោយសារភាពស្រពេចស្រពិលនៃបញ្ហាសង្គ្រាមនៅតាមបណ្តាខេត្តជាប់ព្រំដែន កម្មវិធីចុះកិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងរួមគ្នានៅខេត្តសៀមរាប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដែលជាការចុះកិច្ចព្រមព្រៀងក្នុងទំហំធំបំផុតមិនធ្លាប់មានពីមុនមក ដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង១៥០០គ្រួសារ នៅលើផ្ទៃដីជាង១៥០០០ហិកតា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួនដូចជា ឃ្លាំង ម៉ាសុីនច្រូត ត្រាក់ទ័រ ម៉ាសុីនបូមទឹក និងម៉ាសុីនកិនស្រូវជាដើម។
សហគមន៍កសិកម្មទំនើបទាំង៩ រួមមាន៖ សហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក (ខេត្តកំពង់ធំ) សហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវនាងអំ (ខេត្តសៀមរាប) សហគមន៍កសិកម្មទំនើបស្រូវស្រុកបាណន់ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្រ្តកង្ហត (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវអង្ករគុណភាពមោងឬស្សី (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ (ខេត្តកំពង់ធំ) និងសហគមន៍កសិកម្មទំនើបព្រះនេត្រព្រះ (ខេត្តបន្ទាយមានជ័យ)។ រក្សាសិទ្ធដោយ៖សុទ្ធលី





