Saturday, June 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃចូលឆ្នាំទីពីរ រមណីយដ្ឋានកាំពី ខេត្តក្រចេះ ទទួលភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹក រហូតអស់កញ្ចុះអង្គុយ

ក្រចេះ ៖ ថ្ងៃចូលឆ្នាំទីពីរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ រមណីយដ្ឋានធម្មជាតិ ព្រែកកាំពី ស្ថិតក្នុងស្រុកចិត្របុរី ខេត្តក្រចេះ បានទទួលភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹក រហូតមិនមានកញ្ចុះសម្រាប់អង្គុយលេង។

ភ្ញៀវទេសចរទីជិតឆ្ងាយ បាននាំគ្នាមកកម្សាន្ដនៅទីនេះ តាំងពីព្រឹក រហូតដល់ល្ងាច។ ក្រៅពីអង្គុយទទួលទានអាហារនៅតាមកញ្ចុះហើយនោះ ភ្ញៀវទេសចរក៏អាចនាំគ្នាងូតទឹកដែលហូរលេងកម្សាន្ដដោយក្ដីរីករាយផងដែរ។

បើទោះបីថ្ងៃក្ដៅបន្ដិចក៏ពិតមែន ប៉ុន្ដែទឹកមុខរបស់ពួកគាត់ បានបង្ហាញពីក្ដីសប្បាយរីករាយ ដែលបាននាំក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ដើរលេងកម្សាន្ដ ក្នុងឱកាសបុណ្យចូលឆ្នាំ ក្រោយខកខានប្រមាណ២ឆ្នាំដោយសារតែជំងឺកូវីដ១៩។
ការធ្វើដំណើរកម្សាន្ដមករមណីយដ្ឋានព្រែកកាំពីនេះ ភ្ញៀវទេសចរ ត្រូវដាក់ផ្ញើមធ្យោបាយរថយន្ដ ឬម៉ូតូនៅថ្នល់ជាតិ ហើយចុះតាមជណ្ដើរដែលគេរៀបចំ ទើបដល់កញ្ចុះដែលនៅលើផ្ទៃទឹក។

នៅលើកញ្ចុះនោះទៀតសោធ ភ្ញៀវទេសចរអាចជួលតែកញ្ចុះដើម្បីអង្គុយលេងក៏បាន ដោយក្នុងតម្លៃ៥០០០ម៉ឺនរៀល ឬក៏អាចកម្មង់ហូបអាហារដែលដើម្បីទទួលទានបានដូចគ្នា។ តែយើងសង្កេតឃើញថា ភ្ញៀវទេសចរភាគច្រើន បានខ្ចប់អាហារមកដោយខ្លួនឯង ហើយពួកគាត់គ្រាន់តែជួលកញ្ចុះអង្គុយលេងប៉ុណ្ណោះ។ ប៉ុន្ដែសម្រាប់ការអនុវត្តវិធានការសុខាភិបាលវិញ ហាក់មិនសូវបានល្អគត់មុតនោះទេ ដោយអ្នកខ្លះបានពាក់ម៉ាស់ត្រឹមត្រូវ ហើយខ្លះទៀត មិនបានពាក់ម៉ាស់នោះទេ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×