ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សង្ក្រាន្តវត្តភ្នំនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរចូលរួមប្រមាណជិត ២២ម៉ឺននាក់ ប្រកបដោយស្នាមញញឹម និងសប្បាយរីករាយ ក្រោមការរៀបចំដោយយកចិត្តទុកដាក់របស់រដ្ឋបាលរាជធានីភ្នំពេញ ។
លោក បន្តថា ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋ បានដើរលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយ របស់ប្រកបដោយភាព សប្បាយរីករាយ ជាពិសេសបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ មានលក្ខណៈល្អប្រសើរ ដោយមិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់អ្វីឡើយ ។

លោក ម៉េត មាសភក្តី បានបញ្ជាក់ថា សង្ក្រាន្តវត្តភ្នំសម្រាប់ថ្ងៃទី១មានបងប្អូនប្រជាពលរដ្ឋ ប្រមាណ៤ម៉ឺននាក់ នៅថ្ងៃទី២ ចំនួន ៦៥០០០ លើសថ្ងៃទី១ជាង២ម៉ឺននាក់ និងថ្ងៃទី៣ បងប្អូនយើងចូលរួមចំនួន១១៥០០០នាក់ លើសថ្ងៃទី២ជិតទ្វេរដង ដែលប្រកបដោយភាពសប្បាយរីករាយ។
ចំណែកលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ឱ្យដឹងថា រដ្ឋបាលខណ្ឌដូនពេញ បានចែកម៉ាស់ដែលជាអំណោយ របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ដែលមកកំសាន្តអស់ចំនួន១២.០០០ម៉ាស់ ដោយមិនគិតកម្រៃ។ ចំណែកការចាក់វ៉ាក់សាំង នៅមណ្ឌលចាក់វ៉ាក់សាំងនៅក្នុងបរិវេណសង្ក្រាន្តវត្តភ្នំ បានចំនួន៦៧នាក់ និងមណ្ឌលវត្តឧណ្ណាឡោម ចាក់បានចំនួន២២នាក់ សរុបរួមបានចំនួន៨៩នាក់។
ចំណែកសភាពការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ មានលក្ខណ:ល្អប្រសើរណាស់ មិនមានបទល្មើសព្រហ្មទណ្ឌអ្វីគួរឲ្យកត់សម្គាល់ឡើយ។
ប្រជាពលរដ្ឋនិងភ្លៀវទេសចរ ដែលមកកំសាន្ត មានការសប្បាយរីរាយ និងអបអរសាទរ ចំពោះរដ្ឋបាលរាជរាជធានីភ្នំពេញ ដែលបានរៀបចំសង្ក្រាន្តវត្តភ្នំ ដើម្បីប្រជាពលរដ្ឋនិងភ្ញៀវទេសចរ មកកំសាន្តសប្បាយ ប្រកបដោយសុវត្ថិភាពខ្ពស់ ទាំងការងាររក្សាសន្តិសុខសុវត្ថិភាព និងការងារបង្កាទប់ស្កាត់កូវីដ១៩ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី















