ព្រះវិហារ៖ ប្រាសាទេព្រះវិហារ នៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យប្រារព្វធ្វើឡើង បន្ទាប់ពីខកខនដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រយៈពេលជាង២ឆ្នាំមកនេះ។
របាយការណ៍មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ ភ្ញៀវទេសចរចំនូនជិត ៤ម៉ឺននាក់ បាននាំគ្នាសម្រុកចូលទៅលេងកម្សាន្តនៅទីតាំងសង្ក្រាន និងតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តពិសេសប្រាសាទព្រះវិហារ។
លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឱ្យដឹងថា ថ្ងៃចូលឆ្នាំប្រពៃណីជាតិ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចំនួន ៣៨៦៩៦នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន ៣៨៥៦៣នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន ១៣៣នាក់។
ភ្ញៀវទេសចរបានទៅកម្សាន្តលេងនៅក្នុងខេត្តព្រះវិហារ និងនៅតាមក្រុង-ស្រុកទាំង៨នៃខេត្ត ដោយក្នុងនោះភ្ញៀវទេសចរបានទៅកម្សាន្តនៅរមណីយដ្ឋាននានាដូចជា ប្រាសាទព្រះវិហារ ប្រាសាទកោះកែរ ភ្នំគូលែន ភ្នំត្បែងមានជ័យ និងទឹកធ្លាក់ព្រះនិម្មិតជាដើម។
គួរបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តួលេខបានបង្ហាញថា ភ្ញៀវទេសចរបានទស្សនាតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ ព្រមទាំងកម្សាន្តសប្បាយ នៅតាមទីតាំងរៀបសង្រ្កាន្តឆ្នាំថ្មី នៅក្នុងខេត្ត សរុបចំនួន ២៤ ២៦៤នាក់ ក្នុងនោះភ្ញៀវជាតិ ២៤ ២១១នាក់ និងភ្ញៀវបរទេសចំនួន ៥៣នាក់៕