រមណីយដ្ឋាន វាយហ្គោល និងស្ប៉ា Ananti ហាក់ដូចជាទ្រព្យសម្បត្តិចុងក្រោយបង្អស់របស់កូរ៉េខាងត្បូង ដែលត្រូវបានកំណត់គោលដៅសម្រាប់ការដកចេញ បន្ទាប់ពីកូរ៉េខាងជើងបានចាប់ផ្តើមរុះរើសណ្ឋាគារនៅជិតភ្នំ Kumgang ជាបណ្តើរៗ។
ការវិភាគផ្តាច់មុខរបស់ NK News តាមរយៈរូបភាពផ្កាយរណប នោះកូរ៉េខាងជើងហាក់ដូចជាចាប់ផ្តើមវាយកម្ទេចរមណីយដ្ឋានវាយកូនហ្គោលដែលគ្រប់គ្រងដោយកូរ៉េខាងត្បូងតម្លៃរាប់លានដុល្លារនៅជិតភ្នំ Kumgang កាលពីចុងសប្តាហ៍មុន ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន Ananti ដែលបានសាងសង់នៅកន្លែងនោះឡើយ។
ការងាររុះរើនេះបានកើតឡើង គឺនៅពេលដែលប្រទេសកូរ៉េខាងជើង បន្តរុះរើសណ្ឋាគារបណ្តែតទឹកក្បែរនោះ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai Asan ។ ហើយនេះគឺជាជាទង្វើមួយបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីរដ្ឋាភិបាលក្រុងសេអ៊ូល។
យោងតាមរូបភាពពីផ្កាយរណប Planet Labs បានឲ្យដឹងថា អគារស្នាក់នៅធំៗចំនួន ១០ ហាក់ដូចជាត្រូវបានកម្ទេចចោលមួយផ្នែកនៅចន្លោះថ្ងៃទី៩ និង ១០ ខែមេសា។ រូបភាពផ្កាយរណប Planet Labs ក៏បានបង្ហាញថា ប្រទេសកូរ៉េខាងជើងបានប្រើប្រាស់គ្រឿងផ្ទុះ ដើម្បីបំផ្ទុះអគារក្លឹបសំខាន់ៗ នៅច្រកចូលរមណីយដ្ឋាន កាលពីថ្ងៃអាទិត្យ។
រមណីយដ្ឋានកីឡាវាយកូនហ្គោល និងស្ប៉ា អាណាន់ទី បានបើកឱ្យភ្ញៀវទេសចរកូរ៉េខាងត្បូងក្នុងឆ្នាំ ២០០៨ ជាមួយនឹងគ្រឿងបរិក្ខារប្រណិតៗ និងទីលានវាយកូនហ្គោល ១៩ នៅទីក្រុងកូសុង ជិតភ្នំ Kumgang ក្នុងតម្លៃប្រហែល ៧៥ លានដុល្លារ។ តែទោះជាយ៉ាងណា រមណីយដ្ឋាននេះត្រូវបានបើកត្រឹមតែរយៈពេលតិចជាងមួយឆ្នាំប៉ុណ្ណោះ មុនពេលទីក្រុងសេអ៊ូល បានផ្អាកទេសចរណ៍ទាំងអស់ ទៅកាន់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីទាហានកូរ៉េខាងជើងបានបាញ់សម្លាប់ជនជាតិកូរ៉េខាងត្បូងម្នាក់នៅភ្នំ Kumgang៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






