ភ្នំពេញ ៖ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានជាច្រើននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល សូមជម្រាបជូនថា ការព្រួយបារម្ភ មានការឆ្លងកូវីដ-១៩ ឫមិនព្រួយបារម្ភ យើងគួរពិនិត្យមើលតាមស្ថានភាព នៃការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋយើង ហើយក៏ជាការទទួលខុសត្រូវ និងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារដែរ ក្នុងការអនុវត្តន៍ការការពារការចម្លងកូវីដ-១៩។

លោកជំទាវវេជ្ជបណ្ឌិត បានថ្លែងបន្តថា យើងមិនទាន់អាចវាយតម្លៃស្ថានភាព នៃការឆ្លងបាននៅឡើយទេ ព្រោះទើបតែបញ្ចប់ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង ដែលត្រូវរងចាំ និងបន្តពិនិត្យមើលក្រែងមានស្ថានភាព នៃការផ្ទុះការឈឺណាមួយ នៅតំបន់ណាមួយ រហូតដល់ដំណាច់ខែមេសានេះ។ ការទទួលខុសត្រូវ របស់បុគ្គល និងសហគមន៍ នាពេលនេះ ជាការកំណត់នូវស្ថានភាពឆ្លងនៃជំងឺកូវីដ-១៩ ក្នុងក្រុមគ្រួសារនិមួយៗ ហើយប្រសិនបើលោកអ្នកមានការសង្ស័យ សូមធ្វើតេស្តរហ័ស ឫទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះលោកអ្នក។ បើលទ្ធផលបង្ហាញ វិជ្ជមានកូវីដ-១៩ និងបើក្នុងលក្ខណ:ស្រាល សូមនៅដោយឡែក ការពារកុំឱ្យឆ្លងទៅក្រុមគ្រួសារ និងអ្នកដទៃ ហើយថែទាំព្យាបាលខ្លួននៅផ្ទះឱ្យបានល្អហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក ។ បើមានរោគសញ្ញាសង្ស័យថាវិវត្តន៍ទៅធ្ងន់ធ្ងរ សូមប្រញាប់ទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ កុំសង្ងំនៅផ្ទះ ដែលអាចស្លា.ប់បាត់បង់ជីវិតបាន។
សូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឫក្រុមគ្រូពេទ្យដែលនៅតំបន់លោកអ្នករស់នៅ ដើម្បីជួយអន្តរាគមន៍ បានទាន់ពេលវេលា។ សូមនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ទី៣ និងទី៤) ឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សាបាននូវភាពស៊ាំរបស់បុគ្គល និងភាពស៊ាំរបស់សហគមន៍ សម្រាប់រក្សានិរន្តន៍ភាព នៃការរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី បានយូរអង្វែងតទៅ ដែលក្រុមគ្រូពេទ្យនៅបន្តចាក់ជារៀងរាល់ថ្ងៃ ជាពិសេសនៅតាមគោលដៅធំៗ ដូចជារោងចក្រ សហគ្រាស ទីផ្សារ និងសាលារៀន ។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ និងចៀសផុតនូវជំងឺកូវីដ-១៩ ទាំងអស់គ្នា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





