ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១៨ខែមេសាឆ្នាំ២០២២ បានសេចក្តីជូនព័ត៌មានស្តីពីការក្រើនរំលឹកការចាក់វ៉ក់សាំងកូវីដ-១៩ ដួសជំរុញ (ទាំងដូសទី៣ និងដូសទី៤)។
យោងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូម គោរពជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា បច្ចុប្បនេះ គ.វ.ក-១៩ កំពុងបន្តផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជារៀង រាល់ថ្ងៃ។ ទន្ទឹមគ្នានេះដែរ នៅក្រោយចូលឆ្នាំប្រពៃណីជាតិខ្មែរ មានក្រុមគ្រូពេទ្យ នៃក្រសួងការពារជាតិ (ចុះជួយចាក់វ៉ាក់សាំង កូវីដ-១៩ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង និងបន្ទាយមានជ័យ) ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តនានា (ចុះជួយ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តកំពង់ចាម កំពត ព្រៃវែង កំពង់ឆ្នាំង ត្បូងឃ្មុំ កំពង់ធំ ពោធិ៍សាត់ ស្វាយរៀង ស្ទឹងត្រែង និងក្រចេះ) និង ក្រុមគ្រូពេទ្យ នៃរដ្ឋបាលខេត្តចំនួន ១០ទៀត នឹងចុះចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមក្រុមគោលដៅសំខាន់ៗមានដូចជា៖

- ក្រោមការសម្របសម្រួលពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការចាត់ចែងរបស់រដ្ឋបាលរាជធានី-ខេត្ត នឹងមាន ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ ចុះចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កម្មករ កម្មការីនី ដែលមិនទាន់បានចាក់វ៉ាក់សាំង កូវីដ-១៩ ដូសទី៣ និងអូសទី៤ នៅតាមរោងចក្រ សហគ្រាសតែម្តង។
ក្រោមការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន និងការចាត់ចែងរបស់រដ្ឋបាលរាជធានី-ខេត្ត និងមានក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង កូវីដ-១៩ ចុះចាក់វ៉ាក់សាំងកូដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ និង ដួសទី៤ នៅតាមទីផ្សារ និងទីប្រជុំជនសំខាន់ៗ។
ក្រោមការសម្របសម្រួលពីក្រសួងអប់រំ យុវជន និងកីឡា និងការចាត់ចែងរបស់រដ្ឋបាលរាជធានី-ខេត្ត និងមានក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ ចុះចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ និងដូសទី៤ នៅតាមសាលារៀនផងដែរ។
ដោយឡែក ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមបណ្តាមូលដ្ឋានសុខាភិបាលសាធារណៈ នៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥ នៅតែបន្តបើកដំណើរការចាក់ជាធម្មតារៀងរាល់ថ្ងៃ (រួមទាំងថ្ងៃឈប់សំរាក ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ដូចនេះ បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញទៅចាក់នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមូលដ្ឋានសុខាភិបាលក៏បាន ឬអញ្ជើញទៅចាក់នៅតាមក្រុម គោលដៅខាងលើក៏បាន ហើយក៏មានក្រុមគ្រូពេទ្យចុះចាក់ដល់គេហដ្ឋានបងប្អូនប្រជាពលរដ្ឋជាបណ្តើរៗផងដែរ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ គ.វ.ក-១៩. សូមធ្វើការក្រើនរំលឹកសារជាថ្មីដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី កុមារ និងយុវវ័យ អញ្ជើញរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ និងដូសទី៤) នៅពេល ដល់វេន ដើម្បីបង្កើនភាពស៊ាំបុគ្គល ក៏ដូចជាភាពសាំក្នុងសហគមន៍ សំដៅចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល កាត់បន្ថយអតឈឺធ្ងន់ និងអត្រាស្លាប់ដែលបង្កដោយជំងឺកូរីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដែលកំពុងបន្តចរាចរនៅក្នុងសហគមន៍នៅឡើយ ក៏ដូចជាវីរុសបំប្លែងខ្លួនថ្មីរផ្សេងៗទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





