សៀមរាប៖ បុរសម្នាក់ត្រូវសត្វក្រពើខាំជាច្រើនកន្លែងបណ្តាលអោយរងរបួសធ្ងន់ធ្ងរ ហើយកំពុងត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យរាជធានីភ្នំពេញខណៈបុរសម្នាក់នេះធ្លាក់ចូលអាងក្រពើ។
ហេតុការណ៍នេះកើតឡើងនៅវេលានៅចន្លោះម៉ោង១យប់រំលងអធ្រាតឆ្លងចូលថ្ងៃចន្ទទី១៨ ខែ មេសា ឆ្នាំ២០២២ ចំណុចទ្រុងក្រពើស្ថិតនៅ ភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិ/ឃុំកើតហេតុខាងលើ មុខរបរមន្ត្រីរដ្ឋបាលសាលាស្រុកពួក។ តាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជារៀងរាល់ថ្ងៃជនរងគ្រោះ ស៊ូ សុធា គឺជាអ្នកមើលថែលើការចិញ្ចឹមសត្វក្រពើហើយតែងតែដេកអង្រឹងលើរោងទ្រុងក្រពើតែម្នាក់ឯង ។ លុះនៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះនិងក្រុមគ្រួសារជួបជុំផឹកស៊ីជុំគ្នាអស់ស្រាបៀរប្រមាណ១កេះ (២៤កំប៉ុង) ហើយក៍បែកគ្នារៀងៗខ្លួន។ រីឯជនរងគ្រោះបានឡើងទៅដេកនៅរោងលើទ្រុងក្រពើ លុះនៅម៉ោងចន្លោះ០១និង០០នាទីយប់ គេលឺសំលេងស្រែកដល់ផ្អើលអ្នកផ្ទះជិតខាងនិងអ្នកក្នុងផ្ទះ ខណះនោះនាំគ្នាក្រោកទៅមើលចំណុចកើតហេតុ រោងដេកលើទ្រុងក្រពើនោះ បានឃើញជនរងគ្រោះធ្លាក់ចូលក្នុងអាងទឹកក្រពើ ត្រូវបានសត្វក្រពើខាំបោកទាញ ហើយពួកគេនាំគ្នាយក ឈើជួយវាយសង្គ្រោះយកជនរងគ្រោះបាន និងដឹកទៅមន្ទីរពេទ្យភ្លាមៗ។

យោងតាមសមត្ថកិច្ចដែលចុះពិនិត្យកន្លែងកើតហេតុ ឃើញថាទ្រុងចិញ្ចើមសត្វក្រពើមានច្រើនអាងជាប់គ្នា ។ ដោយឡែកទ្រុងជនរងគ្រោះ ដែលធ្លាក់ចូល គឺទ្រុងទំហំ១០ម៉ែត្រគុណ១២ម៉ែត្រ អាងទឹកទំហំ ៧ម៉ែត្រគុណ៨ម៉ែត្រ ក្នុងនោះមានសត្វក្រពើប្រភេទ មេពូជ និងក្រពើឈ្មោល ចំនួនជាង ២០ក្បាល (ធំៗ)។ តាមការសន្និដ្ឋាន ជនរងគ្រោះអាចក្រោកទៅនោមរអិលជើងធ្លាក់ចូលក្នុងអាងសត្វក្រពើ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី