ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកម្នាក់ទៀត ត្រូវបានកម្លាំងប្រជាការពារចាប់ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី១។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះ ថា បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅចំនុចម្តុំរោងលក់ទឹកត្នោតជូ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ កម្លាំងប្រជាការពារបានដើរល្បាតក្នុងមូលដ្ឋាន ដោយប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមកឈប់មុខបន្ទប់ជួល ដោយមានការសង្ស័យ ទើបកម្លាំងប្រជាការពារហៅសួនាំដោយជនសង្ស័យម្នាក់ ហាក់បីដូចជាដឹងខ្លួនមុនបានជិះម៉ូតូរត់គេចខ្លួនបាត់ សល់តែជនសង្ស័យម្នាក់ដោយកម្លាំងប្រជាការពារ បានធ្វើការឆែកឆេរក្នុងខ្លួនជនសង្ស័យខាងលើ បានរកឃើញដែកសោអក្សរតេ សម្រាប់ធ្វើសកម្មភាពលួចកាច់សោម៉ូតូ ហើយក៏បានដឹកយកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ធ្វើការសាកសួរបន្ត ។

តាមចម្លើយសារភាព របស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា រូបគេនិងបក្ខពួកម្នាក់ទៀត ពិតជាបានប៉ុនប៉ុងលួចម៉ូតូពិតប្រាកដមែន តែមិនទាន់បានលួចផង ត្រូវកម្លាំងប្រជាការពារមកដល់ល្មម។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម
