ភ្នំពេញ : ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការជាតិរៀបចំស៊ីហ្គេម និងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើការងាររៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកសម្រាប់ពិភពលោក Cambodia International Jet Sky Championship 2022 តាមប្រព័ន្ធ Zoom នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នេះ។

អគ្គលេខាធិការគណៈកម្មការជាតិរៀបចំស៊ីហ្គេមឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងថា កិច្ចប្រជុំបានផ្តោតការយកចិត្តទុកដាក់ទៅលើពេលវេលា ការរៀបចំគណៈកម្មការការប្រកួត ការរៀបចំកញ្ចប់ថវិកា ការរៀបចំសន្តសុខ សណ្តាប់ធ្នាប់ …។ល។ នៅក្នុងកិច្ចប្រជុំការមានការធ្វើបទបង្ហាញពីសំណាក់ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាផងដែរ ។ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹក Cambodia International Jet Sky Championship 2022 នឹងធ្វេីនៅពាក់កណ្តាលខែឧសភាខាងមុខនេះ នៅខេត្តព្រះសីហនុ ដោយមានការអញ្ជើញប្រទេសនៅក្នុងតំបន់ និងប្រទេសធំៗមួយចំនួនឲ្យចូលរួមប្រកួតផងដែរ។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា ការប្រកួតកីឡាម៉ូតូទឹកសម្រាប់ពិភពលោកនេះ គឺជាការប្រកួតសាកល្បងមុនពេលស៊ីហ្គេម ២០២៣ ដើម្បីសាកល្បងបច្ចេកទេស។ ហើយនេះជាព្រឹត្តិការណ៍ដ៏ល្អមួយសម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ និងជាព្រឹត្តិការណ៍ល្អសម្រាប់ទាក់ទាញទេសចរណ៍ផង ពីព្រោះកីឡាម៉ូតូទឹកក៏ជាកីឡាទេសចរណ៍ផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាម៉ូតូទឹកសម្រាប់ពិភពលោកដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ គឺអញ្ជើញប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានដូចជា ថៃ ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ជាដើម ហើយក៏មានការអញ្ជើញប្រទេសធំៗ មួយចំនួនទៀតដែរដូចជា អារ៉ា់ប់ ជប៉ុន ចិន ផងដែរ ដើម្បីវាស់ស្ទង់សមត្ថភាពរបស់គេងាយស្រួលនៅក្នុងការវាយតម្លៃចំណុចខ្សោយរបស់យើងត្រៀមស៊ីហ្គេម ២០២៣។
អគ្គលេខាធិការគណៈកម្មការជាតិរៀបចំស៊ីហ្គេមបានបញ្ជាក់ទៀតថា កីឡាម៉ូតូទឹកនេះ គឺជាកីឡាមានសក្តានុពល ហើយមានសង្ឃឹមនៅក្នុងការស្វែងរកជោគជ័យច្រើន ដោយសារតែយើងមានកីឡាករល្អៗ បានទទួលជាម្ចាស់មេដាយមាសនៅក្នុងការប្រកួតក្នុងកម្រិតទ្វីបអាស៊ីនៅឆ្នាំ២០១៨ នៅហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ហើយនៅកម្ពុជាមានកីឡាករល្អៗច្រើន ដោយការប្រកួតកីឡាម៉ូតូទឹកនេះ ត្រៀមកីឡាករប្រមាណជា ២០នាក់ ហើយសង្ឃឹមថា កីឡាកររបស់យើងនឹងដណ្តើមបានជោគជ័យក្នុងនាមជាម្ចាស់ផ្ទះ ហើយក្នុងទីលានប្រកួតរបស់ម្ចាស់ផ្ទះ៕ រក្សាសិទ្ធិដោយ : ចេស្តារ





