Thursday, November 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មិនទាន់បើកដំណើ់រការនោះទេ

ព្រះសីហនុ ៖ តើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុត្រូវបានបើកដំណើ់រការហើយឬនៅ?

ចម្លើយគឺ៖ ពុំទាន់បើកដំណើរការនោះទេ! ក្នុងពេលបច្ចុប្បន្ននេះ ក្រៅពីរថយន្តបុគ្គលិកនិងរថយន្តការដ្ឋានសាងសង់ផ្លូវ ដោយបារម្ហពីសុខសុវត្ថិភាពប្រជាជន យើងពុំអនុញ្ញាតរថយន្តប្រជាពលរដ្ឋបើកបរដាច់ខាត ។

បច្ចុប្បន្នផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុស្ថិតក្នុងដំណាក់សាងសង់បញ្ចប់ដូចនេះហើយនឹងមានរថយន្តបុគ្គលិកជាច្រើនកំពុងធ្វើការដែលអាចបង្កគ្រោះថ្នាក់ដល់រថយន្តប្រជាជនផ្សេងៗ។

សូមទន្ទឹមរង់ចាំថ្ងៃបើដំណើរការជាផ្លូវការនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ។

ដំណឹង ល្អ! ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រំពឹងថានឹងបញ្ចប់ទាំងស្រុងក្នុងខែមិថុនា។
គម្រោងសាងសង់ផ្លូវល្បឿនលឿន “ភ្នំពេញ-ព្រះសីហនុ” ទី១ របស់កម្ពុជា បានចូលដល់ការជិតបញ្ចប់ហើយ រំពឹងថានឹងបញ្ចប់ទាំងស្រុងក្នុងខែមិថុនា ឆ្នាំនេះ។

ផ្លូវល្បឿនលឿននេះ នឹងបើកឱ្យសាធារណជនទូទៅ បើកសាកល្បងជាបណ្ដោះអាសន្នដោយមិនគិតថ្លៃមួយរយៈពេល មុននឹងបើកឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ការបង់ថ្លៃពន្ធ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាផ្លូវល្បឿនលឿនដំបូងគេក្នុងប្រទេសកម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុន China Road and Bridge Engineering Co., Ltd. និងដំណើរការដោយ BOT។គម្រោងនេះចំណាយថវិកាអស់ ២ពាន់លានដុល្លារអាមេរិក ហើយការសាងសង់បានចាប់ផ្តើមក្នុងខែមីនា ឆ្នាំ២០១៩។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ លាតសន្ធឹងលើខេត្តចំនួន៥ មានប្រវែងសរុប ១៩០គីឡូម៉ែត្រ ចំណុចចាប់ផ្តើមគឺផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកដល់ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានប្រវែងសរុប ១៩០.៦៣គីឡូម៉ែត្រ និងកំណត់ល្បឿនពី៨០ទៅ១២០គីឡូម៉ែត្រ ផ្លូវពីរសងខាងមាន៤គន្លង ទទឹងផ្លូវនីមួយៗ៣,៧៥ម៉ែត្រ ។ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ អាចជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរវាងតំបន់សេដ្ឋកិច្ចទាំងពីរ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចខេត្ត និងជាតិ ស្របពេលជាមួយគ្នានេះដែរ ពេលវេលាធ្វើដំណើររវាងកន្លែងទាំងពីរ ត្រូវបានគេរំពឹងថានឹងកាត់បន្ថយពីបច្ចុប្បន្ន ៥ ម៉ោងទៅសល់ត្រឹម ២ម៉ោង។

មកដល់ពេលនេះ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចការសាងសង់បានជាង៨០ភាគរយ ដោយវឌ្ឍនភាពការងារលឿនជាងផែនការដែលបានកំណត់។ ផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជានេះនឹងបញ្ចប់រួចរាល់ នៅចន្លោះពីខែកក្កដា និង ខែកញ្ញា ២០២២ខាងមុខនេះ ហើយពេលនោះ ប្រជាពលរដ្ឋក៏អាចអនុញ្ញាតឲ្យសាកល្បងប្រើប្រាស់ផងដែរ។

យ៉ាងណាក៏ដោយ ដោយសារតែនេះគឺជាផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជា ដូច្នេះ ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងពីរបៀបប្រើប្រាស់នោះ ក្រសួងសាធារណការកំពុងរៀបចំផលិតវីដេអូ ស្ពត ណែនាំស្តីពីការប្រើប្រាស់នេះ ជាពិសេស ត្រង់ចំណុច ចេញ ចូល តាមផ្លូវបំបែកនីមួយៗ ធ្វើយ៉ាងណាឲ្យពួកគាត់យល់ពីរបៀបប្រើប្រាស់នេះ កុំឲ្យមានបញ្ហាកើតក្នុងពេលធ្វើដំណើរនោះ។

ឯកឧត្តម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូននៃកម្ពុជាបានប្រកាសថា ផ្លូវល្បឿនលឿនពី រាជធានីភ្នំពេញ-ទៅខេត្តព្រះសីហនុ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែកញ្ញា ឆ្នាំ២០២២ ព្រមទាំងដាក់ឱ្យប្រើប្រាស់ជាផ្លូវការតែម្តង។

ទន្ទឹមនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿននេះ ក្រសួងនឹងផលិតស្ពតពាណិជ្ជកម្មពន្យល់ណែនាំ ពីការប្រើប្រាស់ផ្លូវល្បឿនលឿន ដោយសារតែប្រជាពលរដ្ឋកម្ពុជាមួយចំនួន មិនយល់ច្បាស់ពីការប្រើប្រាស់ផ្លូវល្បឿនលឿននៅឡើយ។ ក្នុងនោះដែរ ផ្លូវនេះនឹងមិនអនុញ្ញាតឱ្យម៉ូតូតូច និងរថយន្តដែលបើកបើរក្នុងល្បឿនយឺត៣០គីឡូម៉ែត្រក្នុងមួយម៉ោងបើកបរនោះទេ។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ចំណាយការវិនិយោគ ប្រមាណ២ ០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី