ភ្នំពេញ៖ កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិក តាមប្រព័ន្ធវីដេអូអនឡាញ បានដឹកនាំពិភាក្សាដោយ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណង ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិក និងតម្រង់ទិសការអនុវត្តការងារនេះបន្ត។
សូមជម្រាបថា នៅថ្ងៃទី១ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជានេះ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ក៏ដូចជាអ្នកវិនិយោគ និងតួអង្គពាក់ព័ន្ធសំខាន់ៗក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា។
ប្រទេសកម្ពុជា កំពុងមានសក្តានុពល នៅកណ្តាលតំបន់អាស៊ាន ដែលសេដ្ឋកិច្ចមានកំណើនរឹងមាំ (ជីវភាពប្រជាជនកាន់តែធូរធា ការទិញរថយន្តថ្មីកាន់តែច្រើន សម្រាប់ទីផ្សារក្នុងស្រុក, មានស្ថិរភាពនយោបាយ, មានគោលនយោបាយលើកទឹកចិត្តវិនិយោគិន, មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (ទីផ្សារខាងក្រៅ) និងកម្លាំងពលកម្ម ដែលមានតម្លៃថោកជាដើម។
បច្ចុប្បន្ននេះ កម្ពុជា មានក្រុមហ៊ុនមួយចំនួន បានបោះទីតាំងវិនិយោគបង្កើតរោងចក្របង្គុំ និងតំឡើងរថយន្ត ក្នុងនោះរួមមាន ក្រុមហ៊ុនមកពីកូរ៉េចំនួនពីរ គឺ ក្រុមហ៊ុន Hyundai និង Daehan បានបង្កើតរោងចក្រតំឡើងរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងទឹកដីខេត្តកោះកុង និងនៅក្រុងបាវិតខេត្តស្វាយរៀង។ ចំណែកក្រុមហ៊ុន International VCV Industry CO,.ltd ក៏ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអនុញ្ញាតឲ្យវិនិយោគបង្កើតរោងចក្របង្គុំ និងតំឡើងរថយន្ត នៅរាជធានីភ្នំពេញ នៅឆ្នាំ ២០១៨ និងក្រុមហ៊ុនតំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ ដែលនឹងចាប់ផ្តើមដំឡើងក្នុងពេលឆាប់ៗនេះ៕