នេះជារឿងមួយដ៏ហួសចិត្តខ្លាំងណាស់ ដែលនៅក្នុងវីដេអូដ៏ល្បីមួយ ត្រូវបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ បានបង្ហាញបុរសម្នាក់បានប្រថុយជីវិត រត់ចូលឡាន ព្រោះតែដើម្បីទារសំណងលុយមួយចំនួន ពីអ្នកបើកបរ។ ហេតុការណ៍នេះ ត្រូវបានដឹងថា បានកើតឡើងនៅ Kapar, Klang ប្រទេសម៉ាឡេស៊ី វេលារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។
តាមរយៈវីដេអូបានបង្ហាញឲ្យឃើញ រថយន្ត១គ្រឿង ខណៈបើកបត់ចូលផ្លូវមួយផ្សេងទៀត មួយសន្ទុះក្រោយមក ក៏ស្រាប់តែបុរសពាក់អាវសម្នាក់បង្ហាញខ្លួននៅកណ្តាលផ្លូវ រួចចាប់ផ្តើមរត់សំដៅទៅរករថយន្ត និងហក់ផ្ទប់កញ្ចក់រថយន្តទាំងកម្រោលតែម្តង។ តែសំណាងហើយ ដែលភ្លាមៗនោះ រថយន្តបានចាប់ហ្វ្រាំងទាន់ ហើយបុរសរកស៊ីគំនិតអាក្រក់រូបនោះ ក៏បានធ្លាក់ចុះដីពីមុខរថយន្ត ខណៈកញ្ចក់រថយន្តក៏ត្រូវបែកយ៉ាងដំណំ។
មួយសន្ទុះក្រោយមក គេក៏បានឃើញមនុស្សស្រីពីរនាក់ (ប្រហែលម្តាយ និងកូនស្រី) បានចុះចេញរថយន្ត មកពិនិត្យ «ជនរងគ្រោះ»។ តែទោះយ៉ាងណា គេក៏មិនដឹងថា បុរសនោះគ្រាន់តែរងគ្រោះថ្នាក់ធ្ងន់ស្រាល ឬយ៉ាងណានោះទេ។
តែបើយោងតាមប្រភពចែករំលែកវីដេអូ បានឲ្យដឹងថា អ្នកបើកបរឲ្យក្រុមមនុស្សទាំងនោះ រង់ចាំប៉ូលីស ព្រោះគាត់មានកាមេរ៉ា។ តែអ្វីដែលហួសចិត្តបំផុតនោះ គឺគ្រាន់តែឮបែបនេះ ស្រាប់តែពួកគេក៏បានបែកខ្ញែកគ្នាបាត់ស្រមោលតែម្តង។
ប៉ូលីសនិយាយថា នៅតំបន់នេះ ចាប់ពីបន្ទាប់ស្ពានទី៣ ឆ្ពោះទៅកាន់ Kapar គឺមានក្រុមមនុស្សចាំធ្វើសកម្មភាពបែបនេះជាច្រើនលើកមកហើយ និងស្នើឲ្យអ្នកបើកបរទាំងអស់ មានការប្រុងប្រយ័ត្នទុកជាមុនផងដែរ។
ក្រោយពីបានឃើញបែបនេះ អ្នកលេងអុីនធើរណែត បាននិយាយចំៗថា «បច្ចេកទេស» ដ៏ប្រថុយជីវិតនេះ ធ្លាប់តែឃើញនៅប្រទេសចិន តែឥឡូវនេះ បានឈានដល់ប្រទេសម៉ាស៊ីហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



វីដេអូ៖ https://web.facebook.com/Smartklang.news/posts/312051840995681/