ស្ទឹងត្រែង ៖ ការដំណើរការខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយ ២៣០ គីឡូវ៉ុល រួមជាមួយនឹងការបញ្ចេញ ថាមពលពីវារីអគ្គិសនីសេសានក្រោម ២ នៅដើមឆ្នាំ ២០១៨ ត្រូវបានធ្វើការសាកល្បងបញ្ជូនអគ្គិសនី និងផ្គត់ផ្គង់អគ្គិសនី ជាបន្តបន្ទាប់ នៅខេត្តចំនួន ៤ នៃភូមិភាគឦសាន គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។
អាជ្ញាធរអគ្គិសនីកម្ពុជា កាលពីថ្ងៃទី២ខែវិច្ឆិកានេះ បានសរសេរក្នុងផេកហ្វេសប៊ុកផ្លូវការថា “ខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយ ២៣០ គីឡូវ៉ុល ភ្ជាប់ពីអនុស្ថានីយកំពង់ចាម ទៅក្រចេះ និងស្ទឹងត្រែង ត្រូវបានអគ្គិសនីកម្ពុជា EDC ដាក់បញ្ជូនអគ្គិសនីសាកល្បងមើលចាប់ពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៧ ដើម្បីត្រៀមដំណើរការពេញលេញ បញ្ជូនអគ្គិសនី ពីវារីអគ្គិសនីសេសានក្រោម ២ មកកាន់ភ្នំពេញ នៅចុងឆ្នាំ ២០១៧ ខាងមុខនេះ “។
សូមជំរាបជូនថា ការដំណើរការខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយ ២៣០ គីឡូវ៉ុល នេះ រួមជាមួយនឹងការបញ្ចេញ ថាមពលពីវារីអគ្គិសនីសេសានក្រោម ២ នៅដើមឆ្នាំ ២០១៨ នឹងធ្វើឲ្យមានការកែលំអស្ថានភាពផ្គត់ផ្គង់អគ្គិសនី ជាបន្តបន្ទាប់នៅខេត្តទាំង៤ នៃភូមិភាគឦសាន គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដូចជាការរអាក់រអួលដាច់ចរន្តអគ្គិសនី នឹងថយចុះជាអតិបរិមា គុណភាពអគ្គិសនីនឹងបានប្រសើរជាងមុនច្រើន រួចថ្លៃអគ្គិសនី នឹងថយចុះមកស្មើនឹងថ្លៃអគ្គិសនី នៅតំបន់បណ្តាញជាតិ ។ ដោយឡែក ចំពោះខេត្តរតនគិរី និងមណ្ឌគិរី ពិតមែនតែស្ថិរភាពនិងគុណភាពអាចបានប្រសើរជាងមុន ប៉ុន្តែដោយសារយើងត្រូវបញ្ជូនប្រភពអគ្គិសនីក្នុងចម្ងាយឆ្ងាយ តាមខ្សែបណ្តាញធុន ៣៥ គីឡូវ៉ុល ការរអាក់រអួល និងគុណភាព អាចនៅមានកម្រិតនៅឡើយ ៕ ដោយ៖បញ្ញាស័ក្តិ