មេបញ្ជាការកងម៉ារីនអ៊ុយក្រែន ដែលប្រយុទ្ធនឹងកងកម្លាំងរុស្ស៊ីក្នុងទីក្រុង Mariupol បានអំពាវនាវដល់មេដឹកនាំពិភពលោកជួយ ដោយនិយាយថា កងកម្លាំងរបស់គាត់ “អាចនឹងត្រូវប្រឈមមុខនឹងថ្ងៃចុងក្រោយហើយ ប្រសិនបើមិនពេលប៉ុន្មានម៉ោងទៀតទេ” ខណៈដែលរុស្ស៊ីបានចេញឱសានវាទថ្មីដល់ក្រុមអ្នកប្រយុទ្ធដែលកំពុងទប់ទល់នៅខាងក្នុងរោងចក្រដែក ក្នុងទីក្រុងដែលត្រូវបានឡោមព័ទ្ធនេះ។
លោក Serhiy Volyna មកពីកងពលតូចម៉ារីនដាច់ដោយឡែកទី៣៦ បាននិយាយនៅពេលគាត់អំពាវនាវឱ្យទ័ពដកខ្លួនចេញពីបន្ទាយចុងក្រោយនៅ Mariupol នៅក្នុងការបង្ហោះហ្វេសប៊ុកកាលពីព្រឹកថ្ងៃពុធថា “សត្រូវកំពុងលើសពីយើង ១០ ដង ឯណោះ” ។
ជនស៊ីវិលរាប់រយនាក់ ត្រូវបានគេជឿថាកំពុងស្នាក់នៅក្នុងបន្ទប់ក្រោមដីនៃរោងចក្រ Azovstal ដែលត្រូវបានឡោមព័ទ្ធ ដែលជារោងចក្រដ៏ធំដែលមានផ្លូវរូងក្រោមដី។
យោងតាមព័ត៌មានរុស្ស៊ី យុទ្ធជនអ៊ុយក្រែនប្រហែល 2,500 នាក់ និងទាហានស៊ីឈ្នួលបរទេស 400 នាក់ ត្រូវបានជាប់គាំងនៅក្នុងរោងចក្រដែក ខណៈដែលរបាយការណ៍របស់អ៊ុយក្រែនបាននិយាយថា ជនស៊ីវិលប្រហែល 1,000 នាក់ ត្រូវបានគេនិយាយថា បានស្វែងរកការការពារនៅទីនោះ។
តែទោះជាយ៉ាងណា វាមិនអាចទៅរួចទេក្នុងការផ្ទៀងផ្ទាត់ព័ត៌មានដែលផ្តល់ឲ្យដោយភាគីទាំងសងខាង ពីទំហំនៃការប្រយុទ្ធគ្នា និងកង្វះទំនាក់ទំនងនៅក្នុង Mariupol ដែលជាកំពង់ផែត្រូវបានហ៊ុំព័ទ្ធដោយទាហានរុស្ស៊ីនៅថ្ងៃទី១ ខែមីនា ភ្លាមៗបន្ទាប់ពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ។
ទីក្រុងនិងកំពង់ផែត្រូវបានគេចាត់ទុកថា ត្រូវបានបំផ្លាញក្នុងប៉ុន្មានសប្តាហ៍នៃការទម្លាក់គ្រាប់បែកនិងការបាញ់ផ្លោងរបស់រុស្ស៊ី។
ប្រទេសរុស្ស៊ី បានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួនទៅកាន់ភាគខាងកើតអ៊ុយក្រែន ក្នុងសប្តាហ៍នៃខែមីនា បន្ទាប់ពីកងកម្លាំងរបស់ខ្លួនបានដកថយពីទីក្រុង Kyiv និងតំបន់ជាប់របស់ខ្លួន បញ្ចប់នូវអ្វីដែលទីក្រុងម៉ូស្គូហៅថា “ដំណាក់កាលទីមួយ” នៃសង្រ្គាម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




