Monday, May 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយរឿង នាយកដែនជម្រកសត្វព្រៃស្រែពក ពាក់ព័ន្ធជាមួយ ក្រុមឈ្មួញឈើដុះស្លែមួយចំនួន

ភ្នំពេញ ៖ ប្រភពច្បាស់ការណ៍បានទម្លាយឲ្យដឹងថា លោក ប៉ែត្រ ភត្រា នាយកដែនជម្រកសត្វព្រៃស្រែពក ប្រមូលលុយពីក្រុមឈ្មួញពាក់ព័ន្ធបទល្មើសព្រៃឈើ និងការកាប់ព្រៃទន្រ្ទានយកដីរដ្ឋ យ៉ាងអនាធិបតេយ្យ។

លោក ប៉ែត្រ ភត្រា ទទួលបានលុយកញ្ចប់ប្រចាំខែជាច្រើន ពីឈ្មួញឈើដុះស្លែមួយចំនួន ដូចជា យាយរឿន យាយខុម យាយភាព និងឈ្មោះកៃដ ជាបុរសជនជាតិខ្មែរអ៊ិស្លាមជាដើម។ល។ ការទទួលលុយពីឧក្រិ.ដ្ឋកម្មព្រៃឈើបែបនេះ ចាប់ពីរាប់ពាន់ដុល្លារ ឡើងទៅម៉ឺនដុល្លារថែមទៀតផង ក្នុងមួយខែៗ គឺទៅតាមទំហំបទល្មើសដែលពួកគេបានធ្វើ។ នេះមិនទាន់រាប់បញ្ចូលឈ្មួញតូចតាច កំពឹស ក្រឹម ដែលចូលរួមបំផ្លាញធនធានធម្មជាតិថែមទៀតផងនោះទេ។

ប្រភពដដែលបានបន្តថា លោក ប៉ែត ភត្រា នាយកដែនជម្រកសត្វព្រៃស្រែពក សម្បូរណ៍ខ្លាញ់កំពុងត្រូវខ្យល់ត្រជាក់ បបោសអង្អែលយ៉ាងស្កប់ស្កល់នឹង «លេខកូដវីង» បាំងមុខបំភ្លេចតួនាទីដែលក្រសួងបរិស្ថាន បានផ្តល់ឱ្យក្នុងឋានៈ ជាអ្នកការពារធនធានធម្មជាតិ ធ្វើមើលមិនឃើញអំពីសកម្មភាពកាប់ឈើ ដឹកជញ្ជូនឈើ ដោយខុសច្បាប់ និងការកាប់ទន្រ្ទានព្រៃយកដី។ល។ នេះវាផ្ទុយទាំងស្រុង ទៅនឹងអនុក្រឹត្យលេខ៨៥ អនក្រ ប.ក ចុះហត្ថលេខា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅត្រង់ចំណុចមាត្រា២ មានសេចក្តីថា ធានាឲ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឲ្យមានការបំពេញលក្ខខណ្ឌចាំបាច់ សម្រាប់ប្រភេទណាមួយនៃ សត្វ រុក្ខជាតិ ជីវចម្រុះ។ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ ប្រកបដោយនិរន្តរភាព។ លើកកម្ពស់ការចូលរួមរបស់ សហគមន៍មូលដ្ឋាន ក៍ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងអភិរក្សជីវចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

ដោយឡែកបើយើងក្រឡេកទៅមើលដីព្រៃក្នុង ដែនជម្រកសត្វព្រៃស្រែពក ឯណេះវិញមានទំហំដីលើសពី៥០០០ហិកតា ត្រូវបានគេលួចកាប់ទន្រ្ទាន និងឈូសឆាយដីព្រៃយ៉ាងសម្បើម មិនដែលឃើញមានសកម្មភាព ចុះបង្ក្រាបពីលោក ប៉ែត្រ ភត្រា មេដែនជ្រកសត្វព្រៃ នោះទេ។

កន្លងមក លោកធ្លាប់តែត្អូញត្អែរប្រាប់គេឯង ជាលេសបំភាន់ភ្នែកមហាជនថា មូលហេតុដែលបង្ក្រាបមិនបាននោះមកពី កម្លាំងក្រោមបង្គាប់របស់លោកតិចពេក។

យោងតាមប្រភពឯកសារដែលក្រុមការងារយើង ទទួលបានបានឱ្យដឹងថា ចំណុចផែនទី លេខ N 13.18.30,5 E 107.13.40,8 មានផ្ទៃដីប្រមាណជិត៣០០ហិកតា និងចំណុច N 13.17.56 E 107.14.04,8 មានផ្ទៃដីប្រមាណជិត៥០០ហិកតា ជាតំបន់ទើបមានការកាប់បំផ្លាញព្រៃថ្មីៗ ក្នុងនោះគេកាត់ដើមឈើដោយម៉ាស៊ីនត្រង់ស៊ីន័រ ផ្តួលរាប់ដល់ដី រងចាំពេលវេលាសមរម្យ ឆ្លៀតប្រើប្រាស់គ្រឿងចក្រសម្រាប់ឈូសឆាយ វាតទីយកដីធ្វើជាកម្មសិទ្ធិតែម្តង។

ចំណែកលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ការកាប់បំផ្លាញព្រៃឈើខាងលើ មានទំហំធំធេងពេក។ ចំណែកជនល្មើសដាក់លុយវីង ឱ្យលោក ប៉ែត្រ ភត្រា នាយដែនជម្រកសត្វព្រៃស្រែពក លោកចាត់ទុកថា ជារឿងផ្ទាល់ខ្លួន។ ព្រោះរឿងនេះ មិនត្រឹមតែលោកដឹងនោះទេ សូម្បីតែលោករដ្ឋមន្ត្រីក៏បានដឹងដែរ។ បើសិនជាមានការកាប់បំផ្លាញព្រៃឈើក្នុង ដែនជម្រកសត្វព្រៃ មែនលោកនឹងចាត់វិធានការភ្លាមៗមិនថា តិច ឬច្រើននោះទេ។ លោកក៏ធ្លាប់បានកោះហៅ នាយដែនជម្រកសត្វព្រៃស្រែពក មកសួរនាំម្ដងរួចហើយក៏បានធ្វើរបាយការណ៍ដាក់ជូនថ្នាក់ដឹកផងដែរ។

ឆ្លើយតបនៅការចោទប្រកាន់ខាងលើ លោក ប៉ែត្រ ភត្រា នាយដែនជម្រកសត្វព្រៃស្រែពក បានលើកឡើងនៅព្រឹកថ្ងៃទី២០ ខែមេសានេះថា ករណីផ្ញើលុយវីង គឺជារឿងស៊ីបាយបោកឆ្នាំង។ លោកទទួលស្គាល់ថា បទល្មើសមាននៅទីនេះ ក៏ប៉ុន្តែនៅស្រុកអាម៉េរិកក៏មានដែរ។ ផ្ទៃដីជិត៤០ម៉ឺនហិកតានោះ ខាងក្រុមរបស់លោកមានគ្នា២២នាក់ ដូច្នេះវាមានទំហំធំធេង គឺធ្វើការទាំងយប់ថ្ងៃគ្មានពេលឈប់សម្រាកបុណ្យទានឡើយ គឺត្រូវដាក់វេណគ្នាធ្វើការ។ ការធ្លាយចេញរូបភាពលុយវីង ដាក់ខែ លោកចាត់ទុកថា ជាឧបករណ៍ធ្វើតាមគេបញ្ជា ឬការអង្អុលបង្ហាញរបស់គេ៕

រក្សាសិទ្ធិដោយ ៖ ចេស្តារ

×