កាលពីពេលថ្មីៗនេះ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ គណនីហ្វេសប៊ុកមួយឈ្មោះ Loeurn To បានបង្ហោះសារបង្កការភ្ញាក់ផ្អើលទាំងយប់ ទាក់ទងករណីរថយន្តត្រូវមុតដែកវីសស្ទើរសុះកង់ម្ខាង ខណៈធ្វើដំណើរពេលយប់នៅលើផ្លូវជាតិលេខ៥។
ម្ចាស់គណនីខាងលើ បានសរសេររៀបរាប់ឲ្យដឹងថា៖ សូមបងប្អូនប្រុងប្រយ័ត្នក្នុងការធ្វើដំណើរពេលយប់ នៅលើផ្លូវជាតិលេខ៥ នៅចន្លោះភូមិព្រៃតូច និងភូមិកូនខ្លុង ក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីតំរៀបក្បាលវីសលើដងផ្លូវ (មិនដឹងថាពួកគេមានចេតនាបែបណានោះទេ) ហើយយើងក៏មិនដឹងអត្តសញ្ញាណរបស់ពួកគេដែរ។ តើជាការលេងសើច ឬប៉ុនប៉ងអ្វីមួយរបស់ពួកគេចំពោះអ្នកធ្វើដំណើរកាត់នោះ? សូមកុំធ្វើបែបហ្នឹងដើម្បីជាការលេងសើច ឬដើម្បីផលប្រយោជន៍ណាមួយអី ព្រោះវាមិនមែននាំផលចំណេញដល់សង្គមឡើយ។ ត្រូវចាំថាអាយុជីវិត និងទ្រព្យសម្បត្តិរបស់គេ វាជារឿងសំខាន់សម្រាប់គេ។ នេះជាបទពិសោធន៍ថ្មីដែលខ្ញុំទើបទទួលបាននៅម៉ោង១០៖២០នាទីយប់នៅចំនុចនោះ។
តែទោះជាយ៉ាងណា បន្ទាប់ពីទទួលបានព័ត៌មានករណីដ៏ហួសចិត្តនេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន ឱ្យធ្វើការទំនាក់ទំនងជាបន្ទាន់ ទៅអធិការនគរបាលស្រុកមោងឫស្សី ដែលមានលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការនគរបាលស្រុក ឱ្យចុះធ្វើការស្រាវជ្រាវជាបន្ទាន់ នៅចំណុចកើតហេតុខាងលើ។
ពិតណាស់ តាមរយៈការចុះពិនិត្យយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចនគរបាលបានរកឃើញវីសដែកសរុបចំនួន៩៣គ្រាប់ (វីសពណ៌សចំនួន ៦៧ គ្រាប់ និង វីសពណ៌ក្រហម ចំនួន២៦គ្រាប់) ដែលនៅរាយប៉ាយលើផ្លូវជាតិ និងលើចិញ្ចើមផ្លូវ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ 262-263 ក្នុងភូមិកូនខ្លុង ឃុំព្រៃតូច។ ហើយបើតាមការពិនិត្យជាក់ស្តែង វីសទាំងអស់នេះ គឺមានស្ថានភាពដែកវីសថ្មី អាចជាករណីដែលអ្នកធ្វើដំណើរជ្រុះធ្លាក់ នៅទីនោះ ឬក៏អាចជាចេតនារបស់ជនណាមួយបោះចោលរាយប៉ាយ ដើម្បីនាំបង្កឱ្យមានការមុតធ្លាយមធ្យោ បាយធ្វើដំណើរឆ្លងកាត់ចំណុចនេះ ក្នុងគោលបំណងណាមួយ។
ជាមួយគ្នានេះផងដែរ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏បានឱ្យអធិការនគរបាលស្រុកមោងឫស្សី ត្រូវធ្វើការស្រាវជ្រាវស្វែងរកការពិតក្នុងករណីនេះ ហើយប្រសិនបើរកឃើញថា ករណីនេះជាចេតនាទុច្ចរិតរបស់ជនណាមួយនោះ សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






