ភ្នំពេញ៖ នៅត្រីមាសទី១ ឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានចំនួន ៥ ១១៥.៤២ ប៊ីលានរៀល ស្មើនឹងប្រមាណជា ១ ២៦៣.០៧ លានដុល្លារ ចំនួនទឹកប្រាក់នេះ ស្មើនឹង ៤៤.៨០% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២។
អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ប្រភេទពន្ធលើប្រាក់ចំណូលមានចំនួន ២ ៦៩៨.០២ ប៊ីលានរៀល (កើនឡើង ៥១៥.១៧ ប៊ីលានរៀល ស្មើនឹង ២៣.៦០%), អាករលើតម្លៃបន្ថែមមានចំនួន ៧៧៤.០១ ប៊ីលានរៀល (កើនឡើង ១០១.៧៩ ប៊ីលានរៀល ស្មើនឹង ១៥.១៤%), អាករពិសេសមានចំនួន ២៩៨.៤៧ ប៊ីលានរៀល (កើនឡើង ៤០.៨៤ ប៊ីលានរៀល ស្មើនឹង ១៥.៨៦%), ពន្ធលើប្រាក់បៀវត្សមានចំនួន ៣១៥ ប៊ីលានរៀល (កើនឡើង ៥៥.០៥ ប៊ីលានរៀលស្មើនឹង ២១.១៨%), និងពន្ធប្រថាប់ត្រាលើពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យចំនួន ២២៦.៧៩ ប៊ីលានរៀល (កើនឡើង ៥៨.៩៤ ប៊ីលានរៀលស្មើនឹង ៣៥.១២%) ។
ការប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញ មានចំនួន ៥ ១១៥.៤២ ប៊ីលានរៀល (ប្រមាណជា ១ ២៦៣.០៧ លានដុល្លារ) ស្មើនឹង ៤៤.៨០% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ ២០២១ ឃើញថាកើនឡើងចំនួន ៩៣០.៩៩ ប៊ីលានរៀល (ប្រមាណជា ២២៩.៨៧ លានដុល្លារអាមេរិក) ស្មើនឹង ២២.២៥%» ៕