រដ្ឋធានីមូស្គូ៖ ម្ចាស់វិមានក្រឹមឡាំង បានអួតអាងថា Sarmat នឹងក្លាយជាមីស៊ីលផ្លោងអន្តរទ្វីបធុនធ្ងន់ថ្មីមួយរបស់រុស្ស៊ី ដែលត្រូវបានគេរំពឹងថា នឹងដាក់ពង្រាយជាមួយនឹងក្បាលគ្រាប់ ចំនួន១០ ឬច្រើនជាងនេះ នៅក្នុងមីស៊ីលនីមួយៗ ហើយការសាកល្បងមីស៊ីលនេះ បានកើតឡើង ស្របពេលកម្លាំងទាហានរបស់ក្រុងមូស្គូ កំពុងតែឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ ថា រុស្ស៊ី កាលពីថ្ងៃពុធ បានសាកល្បងកាំជ្រួចមីស៊ីលអន្តរទ្វីប Sarmat (ICBM) ប្រកបដោយជោគជ័យ។ ជាមួយគ្នានេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានអួតអាងថា កាំជ្រួចដែលមានសមត្ថភាពនុយក្លេអ៊ែរ នឹងធ្វើឲ្យសត្រូវរបស់ក្រុងម៉ូស្គូ ត្រូវគិតឡើងវិញទ្វេដង។

លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានអះអាង មីស៊ីលយុទ្ធសាស្រ្ដនេះ នឹងធ្វើឲ្យប្រាកដ អំពីសន្ដិសុខរបស់រុស្ស៊ី បញ្ចៀសពីការគំរាមកំហែង មកពីខាងក្រៅ។ ពូទីន បានផ្ញើសារយ៉ាងច្បាស់ ទៅកាន់ពិភពលោក ជាមួយនឹងឃ្លាំងអាវុធថ្មីរបស់គាត់ ហើយគាត់ថែមទាំង បានអះអាងថា មីស៊ីលនេះ គួរតែផ្តល់ជាចំណីសម្រាប់ការគិត ដល់អ្នកកំពុងតែបង្កើនសង្គ្រាមវោហារសាស្ត្រឈ្លានពានដ៏ឆ្កួតលីលា និង ព្យាយាមគំរាមកំហែង មកដល់ក្រុងម៉ូស្គូ។
ក្រសួងការពារជាតិរុស្ស៊ី បានហៅ Sarmat នេះ ជាមីស៊ីលដ៏មានកម្លាំងខ្លាំងបំផុត នៅលើពិភពលោក។ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ ថា «ប្រព័ន្ធ Sarmat ជាផលិតផលតែមួយគត់ នៃកិច្ចសហប្រតិបត្តិការឧស្សាហកម្មរុស្ស៊ី។ មីស៊ីល បានពង្រីកចំនួនក្បាលគ្រាប់ និង ប្រភេទ រួមទាំងផ្នែកដែលមានល្បឿនលឿនជាងសំឡេង»។
បើតាមភ្នាក់ងារស្រាវជ្រាវរបស់សភាអាមេរិក បានឲ្យដឹងថា រុស្ស៊ី អាចដាក់ពង្រាយក្បាលគ្រាប់១០ ឬច្រើនជាងនេះ នៅក្នុងកាំជ្រួច Sarmat នីមួយៗ។ នៅបណ្ដាប្រទេសលោកខាងលិច បានស្គាល់មីស៊ីល RS-28 Sarmat ថាជា មីស៊ីល«Satan II» ។ ចំណែកលោក ពូទីន បានអះអាងថា មីស៊ីលនេះ អាចវាយប្រហារដល់គោលដៅណាមួយ នៅក្នុងពិភពលោក៕រក្សាសិទ្ធិដោយ ៖ សារាយSN










