Wednesday, May 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាណាដា ដាក់ទណ្ឌកម្មលើកូនស្រីរបស់ប្រធានាធិបតីរុស្ស៊ី និង មនុស្សជំនិតជិត៨០០នាក់

រាជធានីអូតតាវ៉ា (Ottawa) ៖ កាណាដា កាលពីថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ បានបន្ថែមកូនស្រី២នាក់របស់ប្រធានាធិបតីរុស្ស៊ី ដាក់ចូលទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន ស្របគ្នានឹងសកម្មភាពរបស់សម្ពន្ធមិត្ត ដើម្បីឆ្លើយតបនឹងសង្គ្រាមរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya បានចេញផ្សាយ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ថា អាជ្ញាធរកាណាដា បានដាក់កូនស្រី ចំនួន២នាក់របស់លោក វ៉ា្លឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី ចូលទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន។ ក្រៅពីនេះ កាណាដា ក៏បានដាក់ប្រពន្ធ និងកូនស្រី របស់លោក ស៊ើរជេ ឡាវរ៉ូវ (Sergei Lavrov) រដ្ឋមន្រ្ដីក្រសួងការបរទេសរុស្ស៊ី ហើយមនុស្សដ៏ជិតស្និទ្ធ ចំនួន១០នាក់ផ្សេងទៀត នៃរបបគ្រប់គ្រងក្រុងមូស្គូ នៅក្នុងបញ្ជីទណ្ឌកម្មនេះ ។ អ្នករងនូវទណ្ឌកម្មទាំងនេះ ក៏ត្រូវប្រឈមមុខនឹងការរឹបអូសទ្រព្យសម្បត្ដិ និង ហាមឃាត់ដល់ការធ្វើដំណើរ ចូលមកក្នុងប្រទេសកាណាដា ផងដែរ។

ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មរួចមកហើយ ប្រឆាំងនឹងកូនស្រី ចំនួន២នាក់ របស់លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី រួមមាន កញ្ញា ម៉ារៀ វ៉ូរ៉ូនស្ដូវ៉ា (Maria Vorontsova) អាយុ៣៧ឆ្នាំ និង កញ្ញា ខាតេរីណា ធីខូណូវ៉ា (Katerina Tikhonova) អាយុ៣៦ឆ្នាំ។ រីឯម្ដាយរបស់ពួកនាង ក៏ជាអតីតភរិយារបស់មេដឹកនាំរុស្ស៊ី ឈ្មោះ លីយូដមីឡា (Lyudila) បានលែងលះគ្នា ជាមួយនឹងលោក ពូទីន កាលពីអំឡុង ឆ្នាំ២០១៣។ ប៉ុន្ដែវិមានក្រឹមឡាំង បានរក្សាព័ត៌មានលម្អិត អំពីខ្សែជីវិតកូនស្រីរបស់លោក ពូទីន យ៉ាងអាថ៌កំបាំង និង ការពារយ៉ាងជិតបំផុត។

បើតាមក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានឲ្យដឹងថា កូនស្រីរបស់លោក ពូទីន គឺនាង Maria Vorontsova បានសិក្សាជំនាញស្រាវជ្រាវផ្នែកហ្សែន ដែលត្រូវបានគាំទ្រ ដោយប្រាក់រាប់ពាន់លានដុល្លារ នៅក្នុងមូលនិធិរដ្ឋរុស្ស៊ី ខណៈនាង Tikhonova ជានាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យា នៅក្នុងវិស័យការពារជាតិរបស់រុស្ស៊ី។

លោកស្រី មេឡានី ចូលី (Melanie Joly) រដ្ឋមន្រ្ដីក្រសួងការបរទេសកាណាដា បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «យើងនឹងបន្ដដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរ លើប្រទេសរុស្ស៊ី នៅក្នុងការសម្របសម្រួលជាមួយនឹងសម្ពន្ធមិត្តរបស់យើង ហើយនឹងបន្តឲ្យទទួលខុសត្រូវ ដោយឥតឈប់ឈរ ចំពោះសកម្មភាពរបស់ពួកគេ។ ពួកគេ នឹងទទួលបានចម្លើយ សម្រាប់សកម្មភាពឧក្រិដ្ឋកម្មរបស់ពួកគេ»។

កាណាដា បានដាក់ទណ្ឌកម្ម ប្រឆាំងនឹងបុគ្គល និង អង្គភាព ជាង៧៥០ មកពីរុស្ស៊ី និង បេឡារុស ចាប់តាំងពីក្រុងមូស្គូ បានលើកកងទ័ព ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕រក្សាសិទ្ធិដោយ ៖ សារាយSN

×