ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជា និងការប្តេជ្ញារបស់កម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវការពារពង្រឹងសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់ធានាឱ្យបាននៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ប្រកបដោយបរិយាកាសស្ងប់ស្ងាត់គ្មានអំពើហិង្សា និងការប្រព្រឹត្តទៅដោយតម្លាភាព យុត្តិធម៌ ទាំងនៅមុនពេលបោះឆ្នោត និងនៅក្រោយបោះឆ្នោត ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ។ ឧត្តមសេនីយ៍ឯក ស ថេត ថ្លែងបែបនេះ ក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងផ្ទេរភារកិច្ចមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់លោក-លោកស្រីស្នងការរង លោកអធិការនគរបាលខណ្ឌទាំង១៤ និង នាយការិយាល័យជំនាញពាក់ព័ន្ធ ត្រូវតាមដានក្តាប់ព័ត៌មានឱ្យបានលើការងារសន្តិសុខ ដើម្បីយកមកវិភាគ និងដាក់ចេញវិធានការទប់ស្កាត់ឱ្យទាន់ពេលវេលារាល់បាតុភាពណាមួយដែលបង្កឱ្យប៉ះពាល់អសន្តិសុខសង្គម ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានមើលឃើញនិងវាយតម្លៃខ្ពស់ពីបទល្មើសព្រហ្មទណ្ឌមានការថយចុះច្រើននាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរទើបតែបញ្ចប់ទៅថ្មីៗនេះ ។ ក្នុងនោះក៏បានណែនាំដល់កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ ត្រូវបន្តពង្រឹងបង្កើនចេញប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសលួច ឆក់ និងប្លន់ប្រដាប់អាវុធឱ្យមានប្រសិទ្ធភាព ពីព្រោះបើបទល្មើសទាំងនេះទប់ស្កាត់មិនបានរឺក៏កើតមានហើយ បង្ក្រាបមិនទាន់ពេលវេលានោះទេ វានឹងជះឥទ្ធិពលមិនល្អចំពោះមហាជនទូទៅ និងធ្វើឱ្យប្រជាពលរដ្ឋខ្វះជំនឿទុកចិត្តមកលើកងកម្លាំងនគរបាល ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានព្រមានធ្ងន់ៗថា នឹងឱ្យមានការស្រាវជ្រាវចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រីនគរបាលតាមបណ្តាមូលដ្ឋានក្នុងខណ្ឌទាំង១៤ ដែលហ៊ានប្រព្រឹត្តបទល្មើស លួចធ្វើឯកសាររដ្ឋបាលខុសច្បាប់ទៅឱ្យជនបរទេសដែលមករស់នៅខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ ដោយកន្លងមកលោកធ្លាប់ទទួលព័ត៌មានមកថា មានមន្ត្រីនគរបាលមូលដ្ឋានមួយចំនួនតូចបានធ្វើឯកសាររដ្ឋបាលជូនដល់ជនបរទេសជាថ្នូរនឹងការទទួលបានប្រាក់កម្រៃតាមរយៈនៃការប្រព្រឹត្តអំពើខុសច្បាប់ ។ ដោយបញ្ហានេះគឺមិនអាចលើកលែងបាននោះទេចំពោះមន្ត្រីខិលខូច ពីព្រោះថាការងារគ្រប់គ្រងជនបរទេសនេះវាសំខាន់ណាស់សម្រាប់បម្រើលើការងារសន្តិសសុខរបស់ប្រទេសជាតិ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯកក៏បានណែនាំឱ្យមានការពង្រឹងអនុវត្តលើការងាររៀបចំសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឱ្យបានល្អ ដើម្បីជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងការណែនាំពង្រឹងវិន័យនគរបាលជាតិនិងអាកប្បកិរិយាមិនសមរម្យរបស់មន្ត្រីនគរបាលចរាចរណ៍ធ្វើចំពោះប្រជាពលរដ្ឋ និងមន្ត្រីជាប់កិច្ចសន្យាដែលចុះអនុវត្តច្បាប់ចរាចរណ៍លើដងផ្លូវ ។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តមស្នងការ បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការជួយសម្រួលចរាចរណ៍មុនពេលចូលឆ្នាំ ពេលចូលឆ្នាំ និងក្រោយពេលចូលឆ្នាំ ។
ឯកឧត្តមស្នងការបានណែនាំដល់លោកស្នងការរង លោកអធិការ លោកនាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការតាមដាន គ្រប់គ្រងឱ្យបានច្បាស់លាស់នៅជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅដោយខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ ម្យ៉ាងវិញទៀតមន្ត្រីទាំងអស់មិនត្រូវធ្វើអ្វីដែលខុសច្បាប់ បើរកឃើញកំហុស និងមានភស្តុតាងច្បាស់លាស់ នោះនឹងត្រូវដកតួនាទី ឋានន្តរស័ក្តិ ឬអនុវត្តតាមវិន័យកងកម្លាំង បើធ្ងន់ធ្ងរត្រូវបញ្ជូនទៅអនុវត្តបន្តតាមនីតិវិធីច្បាប់ ។
ចំពោះការងារបង្ការ និងជួយសង្គ្រោះករណីមានអគ្គិភ័យ កម្លាំងជំនាញត្រវត្រៀមជាប្រចាំដើម្បីចេញសង្គ្រោះឱ្យបានឆាប់ និងទាន់ពេលវេលា ម្យ៉ាងវិញទៀត មន្ត្រីជំនាញត្រូវរៀបចំផែនការដើម្បីចុះធ្វើការណែនាំអប់រំអំពីវិធីបង្ការ និងទប់ស្កាត់អគ្គិភ័យ ជាពិសេសសំខាន់ផ្តោតលើទីតាំងដែលប្រឈមដូចជាស្ថានីយលក់ប្រេង ទីតាំងលក់ហ្គាស …។ ល ។
ទាក់ទងទៅនឹងការគ្រប់គ្រងកម្លាំង ឯកឧត្តមស្នងការបានណែនាំដល់លោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យ លោកអធិការ លោកនាយប៉ុស្តិ៍ទាំងអស់ ត្រូវគ្រប់គ្រងកម្លាំងឱ្យបានច្បាស់លាស់ ងាយស្រួលចាត់ចែងដឹកនាំបញ្ជា នៅពេលមានបញ្ហា ឬបទល្មើសផ្សេងៗកើតឡើងជាយថាហេតុ ។
ដោយសង្កេតឃើញថាកម្លាំងនៃការិយាល័យអន្តរាគមន៍ កម្លាំងនៃការិយាល័យចរាចរណ៍ បានបំពេញភារកិច្ច យ៉ាងច្រើនជូនអង្គភាព និងប្រជាពលរដ្ឋ ឯកឧត្តមស្នងការបានណែនាំដល់លោកស្នងការរងទទួលផែនធនធានមនុស្ស ឱ្យពិនិត្យមើលលើការរៀបចំដំឡើងឋានន្តរស័ក្តិ ក៏ដូចជាការរៀបចំលិខិតសរសើរជូនដល់មន្ត្រីទាំងនោះ ដើម្បីជាការលើកទឹកចិត្ត និងជាការតបស្នងដល់ការខិតខំ និងលះបង់របស់ពួកគាត់
ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការ ណែនាំដល់កងកម្លាំងទាំងអស់ត្រូវខិតខំបន្ថែមដើម្បីបម្រើសង្គមជាតិ អង្គភាព និងប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត និងថែរក្សាដោយអនុវត្តឲ្យបានល្អនូវវិធានការណ៍ ៣កុំ ៣ការពារ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី










