ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ អស់ចំនួន៤ខ្នង និងសម្ភារៈអីវ៉ាន់ចាប់ហ៊ួយជាច្រើន បង្កឡើងដោយឆ្លងចរន្តអគ្គិសនី។
ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ទន្លេសាប ក្នុងភូមិដើមគរ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីនារីម្នាក់ជាម្ចាស់ផ្ទះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញឆ្លងចរន្តទុស្សេខ្សែភ្លើង ចេញពីផ្ទះកើតហេតុខាងលើ បន្ទាប់មកក៏មានជាផ្សែងហុយខ្លាំង និងអណ្ដាតភ្លើងឆាបឆេះ រាលដាលទៅលើផ្ទះប្រជាពលរដ្ឋជាប់គ្នា ជាច្រើនទៀតយ៉ាងសន្ធោសន្ធៅ ហើយភ្លាមនោះដែរ រូបនាងនិងម្ចាស់ផ្ទះជិតខាង ក៏ប្រប្រញាប់ប្រញ៉ាលប្រមូលសម្ភារៈ នៅក្នុងផ្ទះនិងអីវ៉ាន់បានមួយចំនួន យកចេញមកក្រៅក្រោយមកពលរដ្ឋ ជិតខាងបានរាយករាណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យមកជាបន្ទាន់។
ក្រោយពីទទួលបានដំណឹងថា មានអគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋជាច្រើនខ្នង នៅខណ្ឌជ្រោយចង្វារ ខាងកម្លាំងសមត្ថកិច្ចជំនាញ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ ជាច្រើនគ្រឿងដើម្បីបាញ់ទប់ស្កាត់ភ្លាមៗ។
ក្រោយពីបាញ់ពន្លត់ចប់ឃើញថា ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន១៦គ្រឿង ប្រើប្រាស់ទឹកអស់ ៩ឡាន នៅក្នុងនោះ មិនមានអ្នកស្លា.ប់ និងមិនមានអ្នករបួសនោះទេ រងការខូចខាតតែផ្ទះចំនួន៤ខ្នង តែប៉ុណ្ណោះ ពេលពន្លត់ចប់នៅព្រឹក ខែថ្ងៃដដែល៕ រក្សាសិទ្ធិដោយ ៖ សា មេត










