រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី ឧត្តមសេនីយ៍ Sergei Shoigu បានប្រកាសថា កងកម្លាំងរុស្ស៊ីបាន «កម្ចាត់» កងកម្លាំងអ៊ុយក្រែននៅ Mariupol ជាទីក្រុងដែលត្រូវបានគ្រប់គ្រងទាំងស្រុងដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។
នៅពេលនោះ លោកបានបញ្ជាថា ឥឡូវនេះជាពេលវេលាដែលត្រូវចាប់ផ្ដើមស្ដារទីក្រុងឡើងវិញ។ តែយ៉ាងណាក៏ដោយ លោកក៏បានសង្កត់ធ្ងន់ថា ក្រុមជ្រុលនិយមដែលនៅសេសសល់ នៅតែបន្តឡោមព័ទ្ធនៅរោងចក្រដែក Azovstal។
គាត់បានបញ្ជាក់ឲ្យដឹងថា “ក្នុងអំឡុងពេលដំណើរការចាប់យកទីក្រុង អ្នកប្រយុទ្ធអ៊ុយក្រែនជាង ៤០០០ នាក់ ត្រូវបានដកចេញពីសមរភូមិ និង ១៤៧៨ នាក់ ត្រូវបានចាប់ខ្លួន។ ក្រុមដែលនៅសល់ រួមទាំងយុទ្ធជនជាង ២០០០ នាក់ ត្រូវបានចាក់សោរនៅក្នុងតំបន់រោងចក្រដែក Azovstal”។
លោក Shoigu បានរាយការណ៍ដោយផ្ទាល់ទៅប្រធានាធិបតី ពូទីន ថា ទីក្រុង Mariupol ត្រូវបានគ្រប់គ្រងទាំងស្រុង ខណៈខ្មាន់កាំភ្លើងអ៊ុយក្រែនដែលនៅសល់ត្រូវបានឡោមព័ទ្ធនៅតំបន់រោងចក្រដែក Azovstal ។
ទន្ទឹមនឹងនេះផងដែរ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ក៏បានអបអរសាទរលោករដ្ឋមន្ត្រី Shoigu ប៉ុន្តែលោក ពូទីន បានសង្កត់ធ្ងន់ថា ការបាញ់ស្រោចទៅលើបន្ទាយដ៏រឹងមាំនេះ ហើយបន្ទាប់មកវាយឆ្មក់តំបន់ catacoms និងចូលទៅក្នុងក្រោមដីតាមរយៈកន្លែងឧស្សាហកម្មទាំងនេះ គឺមិនមែនជាដំណោះស្រាយដ៏ឆ្លាតវៃនោះទេ។
លោក ពូទីន ក៏បានស្នើថា “សូមបិទតំបន់ឧស្សាហកម្មនេះ ដើម្បីកុំឱ្យមានការហោះហើរឆ្លងកាត់ឲ្យសោះ” ។
ក្នុងពេលជាមួយគ្នានោះ ឧត្តមសេនីយ Shoigu បានបន្ថែមថា ជនស៊ីវិលជាង ១៤០,០០០ នាក់ ត្រូវបានជម្លៀសចេញពី Mariupol ហើយអ្នកដែលជាប់នៅក្នុងតំបន់កំពង់ផែ រួមទាំងនាវិកកប៉ាល់នៅទីនោះ ត្រូវបានដោះលែងដោយកងម៉ារីន កងកម្លាំងប្រដាប់អាវុធរុស្ស៊ី និង Donbass ។
លោកប្រធានាធិបតី ពូទីន បានពន្យល់ថា មូលហេតុដែលលោកបញ្ជាមិនឲ្យវាយឆ្មក់រោងចក្រ Azovstal គឺដើម្បីការពារអាយុជីវិតរបស់ទាហានរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ី ក៏បានបញ្ជាឱ្យឧត្តមសេនីយ Shoigu អំពាវនាវម្តងទៀតដល់យុទ្ធជនអ៊ុយក្រែនដែលនៅសេសសល់ដែលឈរជើងនៅ Azovstal ទម្លាក់អាវុធរបស់ពួកគេ និងចុះចាញ់ ដោយបានសន្យាថា៖
“ភាគីរុស្ស៊ីនឹងធានាអាយុជីវិតរបស់ពួកគេ និងមើលថែពួកគេដោយការគោរពតាមច្បាប់ និងការអនុវត្តអន្តរជាតិ។ អ្នករងរបួសទាំងអស់នឹងទទួលបានជំនួយផ្នែកវេជ្ជសាស្ត្រប្រកបដោយវិជ្ជាជីវៈ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





