រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេល រុស្ស៊ីបានបាញ់សាកល្បងមីស៊ីលអន្ដរទ្វីប ប្រកបដោយជោគជ័យនោះភ្លាម ប្រធានាធិបតី លោក ពូទីន បានគំរាមដល់បណ្ដាប្រទេសបស្ចិមលោក ឲ្យគិតទ្វេដង បើហ៊ានប្រឆាំងនឹងក្រុងមូស្គូ ស្រាប់តែសហរដ្ឋអាមេរិក បានចេញមុខ មកព្រមានចិន សាជាថ្មី។
សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ ថា រុស្ស៊ី កាលពីថ្ងៃពុធ បានបាញ់សាកល្បងនូវមីស៊ីលបាលីស្ទិកអន្ដរទ្វីបដ៏ទំនើប ឈ្មោះ Sarmat របស់ខ្លួន ប្រកបដោយជោគជ័យ។ ជាមួយគ្នានេះ លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានអះអាង មីស៊ីលយុទ្ធសាស្រ្ដអន្ដរទ្វីបនេះ អាចវាយប្រហារដល់គោលដៅនានា នៅលើពិភពលោក។ ក្រៅពីនេះ លោកប្រធានាធិបតី ពូទីន បានផ្ញើសារយ៉ាងច្បាស់ ទៅកាន់បណ្ដាប្រទេសបច្ចិមលោក ឲ្យគិតទ្វេដង បើចង់វាយប្រហារមកលើក្រុងមូស្គូ។

ដោយឡែក លោក ណែដ ប្រាយស៍ (Ned Price) អ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានព្រមានដល់ចិន ប្រឆាំងនឹងការគាំទ្រដល់រុស្ស៊ី នៅក្នុងសកម្មភាពវាយលុករបស់យោធាក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្ដែទោះជាយ៉ាងណា ក្រុងវ៉ាស៊ីនតោន មិនជឿថា ក្រុងប៉េកាំង ហ៊ានផ្ដល់គ្រឿងយុទ្ធោបករណ៍ណាមួយ ជួយដល់ក្រុងមូស្គូ នោះឡើយ។
អ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក រូបនេះ បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន ថា «យើងបានវាយតម្លៃ នៅក្នុងរយៈពេល២សប្ដាហ៍កន្លងមកនេះ គឺយើងនៅមិនទាន់ឃើញមានការគាំទ្រណាមួយ ដែលជាផ្នែក នៃសាធារណរដ្ឋប្រជាមានិតចិន នោះឡើយ»។

អ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបន្ដថា «យើងបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសណាក៏ដោយ ដែលព្យាយាមធ្វើឱ្យខូចដល់របបទណ្ឌកម្មរបស់យើង ឬស្វែងរកការផ្តល់ការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នឹងត្រូវប្រឈមមុខនឹងផលវិបាក»។
ដោយឡែក លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក គាំទ្រឲ្យការចរចា ហើយប្រឆាំងនឹងការប្រើប្រាស់ទណ្ឌកម្ម ដើម្បីដោះស្រាយវិវាទអន្តរជាតិ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ចិនកំពុងតែប្រកាន់ខ្ជាប់នូវជំហររបស់ខ្លួន បដិសេធនូវការរិះគន់ ដល់ការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន៕រក្សាសិទ្ធិដោយ ៖ សារាយSN










