Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នឹងកែលម្អផ្លូវដែកល្បឿនលឿនដែលមានស្រាប់ និងបន្ថែមផ្លូវដែកល្បឿនលឿននៅតាមបណ្ដាខេត្តមួយចំនួនដែលមានសក្ដានុពលសេដ្ឋកិច្ច

ភ្នំពេញ ៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក សាក់សាយ៉ាម ឈីតឆប (Saksayam Chidchob) រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ថៃ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញរបស់ភាគីទាំងពីរ, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា ដំណើរការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) លើការធ្វើទំនើបកម្មផ្លូវដែកល្បឿនលឿននៅកម្ពុជា គ្រោងនឹងបញ្ចប់ការសិក្សាក្នុងរយៈពេល ៣ ខែ ខាងមុខនេះ ដោយក្នុងនោះមានការកែលម្អផ្លូវដែកដែលមានស្រាប់ និងអភិវឌ្ឍន៍ផ្លូវដែកថ្មីឆ្ពោះទៅកាន់ខេត្តមួយចំនួនដែលមានសក្ដានុពលសេដ្ឋកិច្ច។

ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មផ្លូវដែកល្បឿនលឿននៅកម្ពុជានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានលើកឡើងក្នុងកិច្ច ប្រជុំពេញ អង្គគណៈ រដ្ឋមន្ត្រីកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ កន្លងមកដែរថា រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពសិក្សាក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជា ដែលមានស្រាប់ ក្នុងពេល បច្ចុប្បន្ន ឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន ជាពិសេសតភ្ជាប់ទិសដៅពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ និងទិសដៅពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត និងបន្ថែមខ្សែ ផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែត ទៅខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាម ដើម្បីកាត់បន្ថយការ កកស្ទះចរាចរណ៍ និងបង្កើនសមត្ថភាពការដឹកជញ្ជូនសំដៅ រួមចំណែអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ផ្លូវដែករបស់កម្ពុជាដែលមានស្រាប់បច្ចុប្បន្ន មានខ្សែរថភ្លើង២ខ្សែ គឺខ្សែទី១ ផ្នែកខាងត្បូង ពីភ្នំពេញទៅខេត្តព្រះសីហនុ មានប្រវែង២៦៦គីឡូម៉ែត្រ និងខ្សែទី២ ផ្នែកខាងជើង ពីភ្នំពេញទៅប៉ោយប៉ែត មានប្រវែង ៣៨៦គីឡូម៉ែត្រ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ទៅភាគីថៃថា ក្រៅពីការធ្វើទំនើបកម្មផ្លូវដែកល្បឿនលឿននៅកម្ពុជា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរវាងប្រទេសទាំងពីរកម្ពុជា-ថៃ មិនគ្រាន់តែបង្កើនទំហំនៃការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាគន្លឹះជួយជំរុញដល់កំណើនពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ, ហើយកម្ពុជាកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដើម្បីការអភិវឌ្ឍ និងសេដ្ឋកិច្ច៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

A train from Thailand arrives at Poipet train station. KT/Khem Sovannara
×