ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី ២២ខែ មេសា ឆ្នាំ ២០២២ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា វិស័យឯក បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តន៍នូវគោលនយោបាយសេដ្ឋកិច្ចទីផ្សារ ម្យ៉ាងទៀត ក៏រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ហើយធនធានយុវជន ក៏មានវឌ្ឍនភាព ក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារពលកម្មអន្តរជាតិ ដោយកម្ពុជាក៏មានធនធានមនុស្ស ដែលអាចមានសមត្ថភាពរ៉ាប់រងលើការងារគ្រប់វិស័យ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា បច្ចុប្បន្ននេះទីផ្សាររបស់កម្ពុជា បានដើរស្របជាមួយនឹងរបត់អន្តរជាតិ ដែលចាត់ទុកថា នេះគឺជាមោទនភាពរបស់កម្ពុជាផងដែរ ដោយឡែកបើនិយាយអំពីអគារនេះ គឺពិតជាមានប្រសិទ្ធភាពណាស់ ពីព្រោះអតិថិជនគ្រប់ទិសទីអាចមកពឹងពាក់ ដោយមានជំនឿទុកចិត្តហើយអាចផ្ដល់ នូវការគាំទ្រលើការវិនិយោគគ្រប់វិស័យថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថា ដោយសារមានការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបយើងទាំងអស់គ្នាមានអ្វីៗ គ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយយើងទាំងអស់គ្នា បានឆ្លងកាត់ឧបសគ្គធំៗអស់រយៈពេល ៤៣ ឆ្នាំមកហើយ ដោយឆ្លងកាត់នូវការវិវត្តន៍ឥតឈប់ឈររបស់សង្គមជាតិ និងដើរលើគន្លងមួយដ៏ត្រឹមត្រូវពិតប្រាកដ ធ្វើឲ្យមាតុភូមិរបស់យើងក្លាយជាមាតុភូមិ ដែលមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងនីតិរដ្ឋ ដែលនេះគឺជាមូលដ្ឋានដ៏ធំសម្រាប់យើងទាំងអស់គ្នា អាចបំពេញភារកិច្ចបានគ្រប់ទីកន្លែង និងមានការអភិវឌ្ឍន៍រីកចម្រើន ប្រកបដោយស្ថេរភាពមិនមានការថយក្រោយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការដោះស្រាយ និងយុទ្ធសាស្ត្រប្រកបដោយភាពជោគជ័យ ក្នុងការទប់ស្កាត់ក៏ដូចជាការព្យាបាល និងការចាក់វ៉ាក់សាំង នៅក្នុងយុទ្ធសាស្ត្រដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ១៩។ បើគ្មានយុទ្ធសាស្ត្រដែលឆ្លើយតបបានទាន់ពេលវេលានេះទេនោះ យើងទាំងអស់គ្នាក៏មិនអាចមានលទ្ធភាព មកជួបជុំគ្នានាពេលនេះដែរ ហើយសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងការផ្សារភ្ជាប់ទំនាក់ទំនងផ្សេងៗ នឹងជួបនូវការលំបាក ដូច្នេះឯកឧត្តមបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ឲ្យបានគ្រប់ៗគ្នាតាមការកំណត់ របស់ក្រសួងសុខាភិបាល ដើម្បីការពារសុខភាពខ្លួនឯង ក្រុមគ្រួសារក៏ដូចជាសង្គមជាតិទាំងមូលផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានសំណូមពរឲ្យទាំងអស់គ្នា ត្រូវចូលរួមគាំទ្រនិងជឿជាក់ លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលការគាំទ្រនេះ គឺចាត់ទុកថាជាការគាំទ្រនិងថែរក្សានូវទ្រព្យសម្បត្តិនិងអ្វីៗ ដែលយើងធ្លាប់មានតាំងពីដើមរៀងមក រហូតមកដល់បច្ចុប្បន្ននេះ និងតទៅអនាគត កុំឲ្យបាត់បង់និងស្ថិតស្ថេរគង់វង្ស៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី