វគ្គបណ្តុះបណ្តាល NBC-FSI Connect របស់ធនាគារជាតិនៃកម្ពុជា គឺជា វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធ Online ផ្នែកត្រួតពិនិត្យធនាគារ ដែលត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមរបស់ ឯកឧត្តម ជា ចាន់ តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដើម្បី កសាង សមត្ថភាព ធនធានមនុស្ស នៅ ធនាគារជាតិនៃកម្ពុជា បន្ថែមលើ កម្មវិធី
បណ្តុះបណ្តាលផ្ទៃក្នុងដែលមានស្រាប់ ជាពិសេសដើម្បី ឯកទេសកម្ម ខាងត្រួតពិនិត្យធនាគារ និង ឆ្លើយតប ទៅ តាមការប្រែប្រួល នៃនិម្មាបនកម្មហិរញ្ញវត្ថុ និង និយាមអន្តរជាតិ អំពីការត្រួតពិនិត្យធនាគារ ។ វគ្គ NBC-FSI Connect នេះ តម្រូវឱ្យសិក្ខាកាមសិក្សាតាម ប្រព័ន្ធ Online និង ត្រូវ បាន បែងចែក ជា បី កម្រិត គឺ កម្រិត បឋម កម្រិត មធ្យម និង កម្រិត ខ្ពស់ សម្រាប់ រយៈពេល សិក្សា ប្រមាណ ជាង ៣ ឆ្នាំ ។
ដើម្បី ធានា គុណភាព សិក្សា គណៈកម្មការ គ្រប់គ្រង វគ្គ មួយ ត្រូវ បាន បង្កើត ឡើង សម្រាប់ គ្រប់គ្រង ការ សិក្សា របស់ សិក្ខាកាម វគ្គ នេះ ដែល មានការ គាំទ្រ ដោយ ផ្ទាល់ របស់ ថ្នាក់ដឹកនាំ។ ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២២ នេះមានការប្រឡងចំនួន ២លើក គឺលើកទី៤២ មានសិក្ខាកាមចំនួន ៥៨ រូប និងលើកទី ៤៣ មានសិក្ខាកាមចំនួន ៥៨ រូប ដែលបានចូលរួមប្រឡងវគ្គ NBC-FSI Connect ទាំង២លើកមានសិក្ខាកាមសរុម ចំនួន ១១៦ រូប ក្រោមការត្រួតពិនិត្យដោយផ្ទាល់របស់ឯកឧត្តមទេសាភិបាល ។
ដោយឡែកថ្ងៃនេះដដែលក៏មានការប្រឡងតេស្តសម្រាប់ជ្រើសរើសមន្ត្រី បុគ្គលិក ឲ្យចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាល NBC-FSI Connect ជំនាន់ទី ៦ ដែលមានបេក្ខជនដាក់ពាក្យសុំការការចូលរួមប្រឡងជ្រើសរើសសរុប ១៣៩រូប ដែលមានមន្ត្រី បុគ្គលិកទីស្នាក់ការកណ្តាល និងសាខារាជធានីខេត្ត ៕