កំពង់ឆ្នាំង៖ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង សហការី រួមជាមួយចាងហ្វាង២រូប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញបំពេញបេសកកម្មនៅខេត្តកំពង់ឆ្នាំង ដើម្បីសម្របសម្រួល ព្រមទាំង ដាក់លិខិតស្នើសុំទៅស្ថាប័នតុលា ឱ្យជួយដោះលែង បងប្អូនអ្នកការសែត ០៤នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២១ ម្សិលមិញ ចំនួន០៣បទល្មើស គឺបទ ចូលលំនៅឋានឆែកឆេរសួរនាំពុំមានការអនុញ្ញាត, បទលួចថត និង បទជ្រៀតជ្រែកកិច្ចការមុខងារសាធារណៈ ពាក់ព័ន្ធហាងលក់ម៉ូតូ១កន្លែង។

ជាលទ្ធផល នៅរសៀលថ្ងៃដដែលនេះ អ្នកទាំង៤ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ ក្រោយ ដើមបណ្តឹង និងចុងចោទទាំង៤នាក់ បានចាប់ដៃយោគយល់អធ្យាស្រ័យគ្នាក្នុងនាមជាខ្មែរ ក្រោមការសម្របសម្រួលរបស់លោកប្រធានសមាគម។ ជាមួយគ្នានេះ លោកប្រធានសមាគម បានរៀបចំអាហារសាមគ្គី ផ្តល់មតិអប់រំល្អ ជូនក្រុមអ្នកកាសែតដែលបានចូលរួម ឱ្យយល់ដឹង និង ជៀសវៀងការប្រព្រឹត្តអំពើខុសច្បាប់បន្តទៀត។
ក្នុងនាម សមាគមអ្នកកាសែត លោក ទេស វិបុល សម្តែងក្តីសប្បាយរីករាយ ឃើញបងប្អូនមានសេរីភាពវិញ និង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ៖
១.លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និង សហការជាមួយសមាគម សម្រួល អភ័យទោស
២.ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និង
៣.ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្ត ដែលមានចិត្តមេត្តា ករុណា ជួយសម្រួលឱ្យអ្នកកាសែតទាំង៤ មានសេរីភាពវិញ។
សមាគម សូមអំពាវនាវបងប្អូនអ្នកសារព័ត៌មានទាំងអស់គ្នា ចូលរួមសហការល្អ ជាមួយអាជ្ញាធរពេលចុះបំពេញការងារ និង សូមចូលរួមគោរពច្បាប់ជាគោល លិខិតបទដ្ឋានគតិយុត្តិនានា និង ក្រមសីលធម៌វិជ្ជាជីវៈព័ត៌មាន ឲ្យបានខ្ជាប់ខ្ជួន ជាពិសេស អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន « កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។

សូមរំលឹកថា អ្នកសាព័ត៌មាន៣នាក់ និងអ្នកបើកបររថយន្តម្នាក់ ត្រូវបាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនតាមបណ្ដឹងរបស់ប្រជាពលរដ្ឋជាម្ចាស់ផ្ទះដែលជាអ្នករកស៊ីលក់ម៉ូតូ ស្លាកយីហោ«លី ង៉ូវ» កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
ក្រុមអ្នកសារព័ត៌មាន និងអ្នកបើករថយន្ត ដែលត្រូវបាននគរបាលខេត្តកំពង់ឆ្នាំងឃាត់ខ្លួនខាងលើនេះរួមមាន៖
១៖ ឈ្មោះ សាយ រស្មី អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បម្រើការងារនៅអង្គភាពសារព័ត៌មាន រស្មីស្ទឹងត្រង់។
២៖ ឈ្មោះ ទួន ឈុនលី អាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាអ្នកសារព័ត៌មាន នៅអង្គភាពរស្មីស្ទឹងត្រង់។
៣៖ ឈ្មោះ មិន ធី អាយុ៤៣ឆ្នាំ មានទីនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅអង្គភាពសារព័ត៌មាន រស្មីបន្ទាយដែក។
៤៖ ឈ្មោះ ប៊ុត ចន្ថា អាយុ៦៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃមាន់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកបើកបររថយន្ត។
លោក ពេជ សុឃឿ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ឲ្យដឹងថា ការឃាត់ខ្លួនអ្នកសារព័ត៌មានខាងលើនេះ ធ្វើឡើងតាមបណ្ដឹងរបស់ម្ចាស់ផ្ទះលក់ម៉ូតូមួយកន្លែង ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
តាមពាក្យបណ្តឹង ដោយសារពួកអ្នកសារព័ត៌មានខាងលើនេះ បានទៅដេញដោលសួរនាំពីការលក់ម៉ូតូមានពន្ធ ឬគ្មានពន្ធ ដែលជាការជ្រៀតជ្រែកខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈរបស់សមត្ថកិច្ច។
លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងទទួលផែនសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អ្នកសារព័ត៌មានទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួនខាងលើនេះ ត្រូវបានចោទពីបទរំលោភលំនៅដ្ឋាន តាមមាត្រា២៩៩ និង២-ចោទពីបទជ្រៀតជ្រែកដោយខុសច្បាប់ ក្នុងការបំពេញមុខងារសាធារណៈ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី









