រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបង្ហាញស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ទី៣ (ថ្ងៃទី២៣-២៤) ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសថា តំបន់គោលដៅទេសចរណ៍នានា ទទួលបានភ្ញៀវសរុប ៣២៧,២៧០នាក់ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៣១១,៥៥១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១៥,៧១៩នាក់ ហើយបើទោះបីពិធីបុណ្យចូលឆ្នាំបានបញ្ចប់ទៅក៏ដោយ តែក៏នៅមានប្រជាពលរដ្ឋបន្តដើរកម្សាន្តសប្បាយជាច្រើនទៀតជាបន្តបន្ទាប់។

គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវពេញនិយម រួមមាន ៖
- ខេត្តព្រះសីហនុ ៥៤,៨៣៨នាក់
- ខេត្តបាត់ដំបង ៤១,៦៦៧នាក់
- ខេត្តពោធិ៍សាត់ ៣០,៩៦០នាក់
- រាជធានីភ្នំពេញ ៣០,៨៩៥នាក់
- ខេត្តកំពត ២៦,៦៤៤នាក់
- ខេត្តកែប ២៥,២៨៥នាក់
- ខេត្តសៀមរាប ២២,៦៩៣នាក់។
មន្ត្រីទេសចរណ៍បានធ្វើតួលេខបញ្ជាក់ថា ភ្ញៀវទេសចរប្រមាណ ៣៣ម៉ឺននាក់ នាចុងសប្តាហ៍នេះ នៅតែជាចំនួនមួយច្រើន បើធៀបនឹងចុងសប្តាហ៍ធម្មតាដែលពុំមានពិធីបុណ្យជាតិ ដែលមានចំនួនជាមធ្យមក្នុងចន្លោះ ២០-២៥ម៉ឺននាក់ប៉ុណ្ណោះ។ មានន័យថា បើទោះបីពិធីបុណ្យចូលឆ្នាំបានបញ្ចប់ក៏ដោយ ក៏នៅតាមតំបន់មួយចំនួន ប្រជាពលរដ្ឋបានបន្តដើរកម្សាន្តសប្បាយ និងរៀបចំពិធីឆ្លងចូលឆ្នាំនៅតាមវត្តអារាមនានារហូតដល់ចុងសប្តាហ៍នេះ។
មួយវិញទៀត អ្នកភ្នំពេញដែលពួកគាត់ខកខានមិនបានដើរលេងនាឱកាសចូលឆ្នាំដោយសារមិនចង់ជួបជុំកកកុញមនុស្សច្រើន បានចេញដើរកម្សាន្តនាចុងសប្តាហ៍នេះ ពិសេសគោលដៅខេត្តតំបន់ឆ្នេរនៃខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត ជាដើម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN















