ភ្នំពេញ៖ វិនិយោគិនជប៉ុន នៅតែបន្តជឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាចាំបាច់ ក្នុងការបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគ។
ក្រុមហ៊ុនធុរកិច្ចរបស់ជប៉ុនចំនួន៨ ក្រុមហ៊ុន និងឯកឧត្តម កាបាសហ្ស៊ីម៉ា អ៊ីគូអុ អភិបាលខេត្តគូម៉ាម៉ូតូ ប្រទេសជប៉ុន បានចូលជួបសម្តែងការគួរសមនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៃប្រទេសជប៉ុន។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះក្រុមហ៊ុនទាំងអស់ ដែលបាន និងកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា និងកំពុងមានគម្រោងទៅបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោ បានអនុញ្ញាតឱ្យក្រុមហ៊ុននីមួយៗលើកឡើងអំពីសកម្មភាពវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគម្រោងវិនិយោគនាពេលខាងមុខផងដែរ។
សម្ដេចតេជោ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះច្បាប់វិនិយោគនៅក្នុងប្រទេសកម្ពុជា គឺមានភាពល្អប្រសើរច្រើនសម្រាប់អ្នកវិនិយោគក្រៅប្រទេសទាំងអស់ដែលចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្ដេច បានមានប្រសាសន៍ថា ការវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹង ពង្រីក ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ សម្ដេចតេជោ បានជូនពរឱ្យក្រុមហ៊ុនជប៉ុនទាំងអស់ ដែលបាន និងកំពុងវិនិយោគនៅកម្ពុជា ក៏ដូចជាមានគម្រោងទៅវិនិយោគ ឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់នាពេលខាងមុខ។
សកម្មភាពវិនិយោគរបស់អ្នកវិនិយោគជប៉ុននៅកម្ពុជា ពិសេសក្នុងវិស័យកម្មន្តសាល មិនមែនវាយនភណ្ឌ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
សូមជម្រាបថា គិតត្រឹមចុងខែមករា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគចំនួន ១៤៧ ពីក្រុមហ៊ុនជប៉ុន ដែលមានទុនវិនិយោគសរុបប្រមាណ ២,៩ ពាន់លានដុល្លារ៕