អាកាសយានដ្ឋានអន្តរជាតិធំៗនៅគ្រប់ទីកន្លែងក្នុងពិភពលោក ពេលខ្លះទទួលបានពាក្យបណ្តឹងពីអ្នកស្រុក ឬអាជ្ញាធរ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ អ្នកស្រុកដែលសុំមិនបញ្ចេញឈ្មោះម្នាក់ បានផ្ញើពាក្យបណ្តឹងចំនួន 12,271 ទៅកាន់អាកាសយានដ្ឋានដ៏ធំបំផុតមួយ របស់ប្រទេសអៀរឡង់ ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ដោយសារតែសំលេងរំខានខ្លាំងពេក ដែលប៉ះពាល់ដល់គាត់។
ការដោះស្រាយការត្អូញត្អែរគឺជារឿងសំខាន់មួយសម្រាប់អាកាសយានដ្ឋាន។ នេះក៏ជាលក្ខណៈវិនិច្ឆ័យមួយដែលជះឥទ្ធិពលដោយផ្ទាល់ទៅលើចំណាត់ថ្នាក់ និងអារម្មណ៍របស់អ្នកទេសចរអំពីកន្លែងនោះ។
ប៉ុន្តែតើព្រលានយន្តហោះគួរធ្វើអ្វី ប្រសិនបើទទួលបានពាក្យបណ្តឹងច្រើនជាង 12,000 ពីមនុស្សម្នាក់ក្នុងរយៈពេល 365 ថ្ងៃ?
ចាប់តាំងពីឆ្នាំ 2019 មក អាកាសយានដ្ឋាន Dublin បានឃើញការកើនឡើងនៃចំនួនបណ្តឹងទាក់ទងនឹងសំឡេង។ ជាមធ្យម អាកាសយានដ្ឋានទទួលបានពាក្យបណ្តឹងចំនួន 1,500 ក្នុងមួយឆ្នាំ ប៉ុន្តែអាកាសយានដ្ឋាន Dublin ក្នុងទីក្រុងធំបំផុតរបស់ប្រទេសអៀរឡង់ បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល នៅពេលដែលវាបានទទួលពាក្យបណ្តឹងចំនួន 13,569 ក្នុងរយៈពេលត្រឹមតែមួយឆ្នាំក្នុងឆ្នាំ 2021។ អ្វីគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺចំនួននេះបានបង្ហាញថា ជាង 90% នៃពាក្យបណ្តឹងអំពីសំលេងរំខានអាកាសយានដ្ឋាន គឺចេញមកពីមនុស្សតែមួយ។
អ្នកស្រុកដែលមិនបញ្ចេញឈ្មោះនោះ បានដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរអាកាសយានដ្ឋានចំនួន 12,271 ក្នុងអត្រាជាមធ្យម ៣៤ បណ្តឹង ក្នុងមួយថ្ងៃ។
ជាក់ស្តែង តំបន់ដែលប្រជាពលរដ្ឋរស់នៅក្បែរអាកាសយានដ្ឋាន Dublin រងផលប៉ះពាល់ដោយសំលេងរំខានគឺ Portmarnock, Swords, Ward និង St Margaret’s ។
អ្នកនាំពាក្យព្រលានយន្តហោះបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការត្អូញត្អែរដ៏ច្រើនពីបុគ្គលម្នាក់នោះទេ ប៉ុន្តែបាននិយាយថា ប្រតិបត្តិករអាកាសយានដ្ឋានបានប្តេជ្ញាធ្វើការជាមួយសហគមន៍ជុំវិញព្រលានយន្តហោះលើបញ្ហាណាមួយ ដូចជាសំឡេងយន្តហោះជាដើម។
អ្នកនាំពាក្យបាននិយាយថា សំលេងរំខានរបស់យន្តហោះ គឺជាការទទួលខុសត្រូវរួមរបស់អាកាសយានដ្ឋាន Dublin អាជ្ញាធរអាកាសចរណ៍នៃប្រទេសអៀរឡង់ និងក្រុមហ៊ុនអាកាសចរណ៍ដែលប្រើប្រាស់ព្រលានយន្តហោះ។
លើសពីនេះ អាកាសយានដ្ឋាន Dublin ក៏បានណែនាំប្រព័ន្ធអនឡាញ ដែលអនុញ្ញាតឱ្យសមាជិកតាមដានផ្លូវហោះហើរ និងកម្រិតសំឡេងរំខានផងដែរ។
ប្រព័ន្ធនេះផ្តល់ព័ត៌មានអំពីប្រភពដើម ទិសដៅ ប្រភេទយន្តហោះ ផ្លូវ និងកម្រិតសំឡេង ដែលបានចុះបញ្ជីនៅលើឧបករណ៍ត្រួតពិនិត្យសំឡេងរំខានអាកាសយានដ្ឋាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







