កាលពីពេលថ្មីៗនេះ ការតវ៉ាប្រឆាំងនឹងអំពើហឹង្សាផ្លូវភេទ និងឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន បានកំពុងប្រព្រឹត្តទៅនៅស្ថានទូតរុស្ស៊ី ក្នុងទីក្រុង Riga។ នេះបើយោងតាមរូបភាព ដែលត្រូវបានបង្ហោះនៅទំព័រហ្វេសប៊ុក Jauns.lv កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។ ក្នុងរូបភាពតំណាង ស្រ្តីទាំងនោះបានលាបពណ៌ដូចឈាម ប្រឡាក់ជាប់ប្រាណ បន្ទាប់ពីត្រូវបានគេចាប់ «រំលោភ»។
ទាក់ទងរឿងនេះ សារព័ត៌មាន rferl បានចុះផ្សាយឲ្យដឹងថា បន្ទាប់ពីកងកម្លាំងរុស្ស៊ី បានដកខ្លួនចេញពីទីតាំងកាន់កាប់នៅភាគខាងជើងនៃប្រទេសអ៊ុយក្រែន កាលពីចុងខែមុន ការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងឧក្រិដ្ឋកម្មសង្គ្រាមផ្សេងទៀត បានកើតមានឡើងជាបន្តបន្ទាប់ ដែលជំរុញឱ្យមានការអំពាវនាវឱ្យមានការស៊ើបអង្កេត និងអាចជាតុលាការអន្តរជាតិ។
ឥឡូវនេះ បើទោះជាការប្រយុទ្ធគ្នានៅតែខ្លាំងនៅភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន នៅពេលដែលកងកម្លាំងរុស្ស៊ីប្រមូលផ្តុំ និងជំរុញឱ្យមានគោលបំណងថ្មីនៅក្នុងតំបន់ទាំងនោះក៏ដោយ ក៏ការចោទប្រកាន់ស្រដៀងគ្នានេះ កំពុងលេចឡើងនៅទីនោះ។
លោក Oleksiy Danylyak ព្រះរាជអាជ្ញារងទីមួយនៃតំបន់ Kherson ភាគខាងត្បូងដែលភាគច្រើនត្រូវបានកាន់កាប់ដោយកងទ័ពរុស្ស៊ី នៃសង្រ្គាមដែលមានរយៈពេល ២ខែ កន្លងមកនេះ បានប្រាប់ថា ការិយាល័យរបស់គាត់បានបើកសំណុំរឿងជាង 1,000 ទាក់ទងការរំលោភដែលត្រូវបានចោទប្រកាន់ ក្នុងអំឡុងពេលកាន់កាប់ រួមទាំង ឃាតកម្ម ការចាប់ពង្រត់ ការនិរទេស ឬការផ្លាស់ប្តូរទីលំនៅដោយបង្ខំ ការធ្វើទារុណកម្ម និងឧក្រិដ្ឋកម្មផ្លូវភេទ។
ដោយឡែក អ្នកស្រី Alyona Kryvulyak អ្នកឃ្លាំមើលសិទ្ធិជាមួយក្រុមសិទ្ធិ La Strada-Ukraine បាននិយាយថា អង្គការរបស់នាងបានកត់ត្រាករណីរំលោភសេពសន្ថវៈចំនួនពីរ ដែលស្ត្រីម្នាក់ និងកូនស្រីតូចរបស់នាង ត្រូវបានទាហានរុស្ស៊ី រំលោភនៅចំពោះមុខគ្នាទៅវិញទៅមក នៅក្នុងតំបន់ Kherson ដែលកាន់កាប់។
អ្នកស្រីនិយាយថា «ចំពោះករណីផ្សេងទៀតនៃការរំលោភលើស្ត្រី ឬកុមារ នៅក្នុងទឹកដីអ៊ុយក្រែន ដែលកាន់កាប់ជាបណ្តោះអាសន្ន នៅភាគខាងត្បូងយើង មិនមានរបាយការណ៍ផ្សេងទៀតទេ ប៉ុន្តែយើងប្រាកដថាមានករណីច្រើនទៀត»។
អ្នកស្រី Kryvulyak បានបញ្ជាក់ឲ្យដឹងថា La Strada បានធ្វើការវាយតម្លៃនេះ ដោយផ្អែកលើបទពិសោធន៍របស់ខ្លួននៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន ដែលត្រូវបានគេស្គាល់ថាជាតំបន់ Donbas ដែលត្រូវបានកាន់កាប់ដោយពួកបំបែកខ្លួនដែលគាំទ្រដោយទីក្រុងមូស្គូ ក្នុងឆ្នាំ ២០១៤-២០១៥៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



