ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា បានស្នើឲ្យជប៉ុនពិនិត្យលទ្ធភាពទៅលើការវិនិយោគវិស័យរ៉ែ និងប្រេងកាត ខណៈដែលកម្ពុជានៅតែមានសក្តានុពលវិនិយោគនៅក្នុងវិស័យទាំងពីរនេះ ខណៈ ប្រទេសមានភាពល្អប្រសើរ ដើម្បីការផលិត និងសម្រាប់ទីផ្សារនាំចេញ។
ឯកឧត្តម ស៊ុយ សែម បានលើកឡើងពីតួនាទី និងភារកិច្ច និងស្ថានភាពនៃកិច្ចដំណើរការ និងអភិវឌ្ឍន៍គ្រប់គ្រប់គ្រងវិស័យ ដែលក្រសួងក្រសួងរ៉ែ និងថាមពល ទទួលបន្ទុក រួមមាន វិស័យថាមពលអគ្គិសនី, វិស័យរ៉ែ និងវិស័យប្រេងកាតនៅកម្ពុជា។
ប្រធានសមាគមជប៉ុន-កម្ពុជា លោក TAKAHASHI Fumiaki បានដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម-វិនិយោគជប៉ុនលើកទី២ មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាព និងបរិយាកាសវិនិយោគកម្ពុជា ជាមួយមន្រ្តីក្រសួងរ៉ែ និងថាមពល។
លោក TAKAHASHI Fumiaki បានលើកឡើងថា កន្លងមក វិនិយោគិនជប៉ុន បានចាប់អារម្មណ៍ លើការវិនិយោគវិស័យធនធានរ៉ែ នៅតាមបណ្តាប្រទេសជាច្រើន ក្នុងនោះសម្រាប់កម្ពុជា ក្រុមហ៊ុនមកពីជប៉ុនក៏បានធ្វើការសិក្សា និងស្រាវជ្រាវលើវិស័យធនធានរ៉ែមួយចំនួនផងដែរ ប៉ុន្តែការស្វែងរករបស់ក្រុមហ៊ុនទាំងនោះ មិនទាន់ឈានទៅរកកម្រិតពាណិជ្ជកម្មនៅឡើយ។
គួរបញ្ជាក់ថា ពាក់ព័ន្ធវិស័យប្រេង និងឧស្ម័ន លោក TAKAHASHI Fumiaki បានអះអាងថា ក្រុមហ៊ុនជប៉ុនក៏ចាប់អារម្មណ៍ដែរ តែស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ន ដោយមានការប្រែប្រួលខ្លាំងក្នុងវិស័យនេះ បានធ្វើឲ្យអ្នកវិនិយោគជប៉ុន រង់ចាំនៅឱកាសមួយល្អប្រសើរឡើងវិញសិន ប៉ុន្តែអ្វីដែលភាគីជប៉ុនបានសន្យានោះ គឺការពាំនាំ និងផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ដល់ធុរកិច្ចជប៉ុន ខណៈកម្ពុជាគឺជាប្រទេសមួយដែលក្ខណៈតម្រូវនៃការវិនិយោគមានភាពល្អប្រសើរ ដើម្បីការផលិត និងសម្រាប់ទីផ្សារនាំចេញ៕