ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ និងនារីម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុ.ករថយន្តដឹកមាន់ចំពីចំហៀងមុខ បណ្តាលឲ្យដួលបោកនៅនឹងថ្នល់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង ៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ខែមេសាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ២០០៤ កែងនឹងផ្លូវណតប៊្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះនៅពុំទាន់ស្គាល់ឈ្មោះនិងអត្តសញ្ញាណនៅឡើយ។

យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ រួមដំណើរជាមួយនិងព្រូ ៣នាក់ទៀត បានបើករថយន្តកូរ៉េមាន់ក្បាលពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-3212 បើកបរតាមបណ្ដោយផ្លូវ ២០០៤ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើស្តុបណតប្រ៊ីត ផ្លូវបំបែកជាបួនគាប់ជួន ស្រាប់តែមានបុរសម្នាក់ជាជនរងគ្រោះ រួមដំណើរជាមួយនឹងនារីម្នាក់ទៀត អង្គុយពីក្រោយបានជិះម៉ូតូម៉ាកហុងដាឌ្រីម សង់សេ១២៥ ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1FB16972 ជិះតាមបណ្ដោយផ្លូវ ណតប្រ៊ីត ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្តកូរ៉េដឹកមាន់ចំពីចំហៀងមុខ ខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលនៅនិងថ្នល់ស្លា.ប់ភ្លាមៗ ចំណែកឯនារីអង្គុយពីក្រោយគ្រាន់តែរងរបួសធ្ងន់ ហើយភ្លាមនោះដែរ រថយន្តដឹកមាន់បន្តបើករត់ទៅមុខដល់ផ្លូវ២៧១ ខណ្ឌទួលគោក ជិតនិងសាលាសាមគ្គី ត្រូវសមត្ថកិច្ចតាមឃាត់បានយកទៅគោលដៅ កើតហេតុរួចទាក់ទងទៅផ្នែកជំនាញឲ្យចុះមកពីទីតាំងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត





